ជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម៖ ទឹកស្អាតនៅភ្នំពេញ មានគុណភាពខ្ពស់ដូចទឹកនៅទីក្រុងតូក្យូ
× ភ្នំពេញ៖ ទឹកស្អាតនៅរាជធានីភ្នំពេញ មានគុណភាពដូចល្អដូចទឹកស្អាត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះជាការលើកឡើងរបស់លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី២៣ មេសា។
មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មរូបនេះ បានបញ្ជាក់ថា ទឹកស្អាតដែលចេញពីក្បាលរ៉ូប៊ីណេ ទាំងនៅទីក្រុងភ្នំពេញ និងនៅទីក្រុងសៀមរាប គឺសុទ្ធតែអាចយកផឹកបានទាំងអស់ ព្រោះវាគុណភាពល្អ មិនចាញ់ទឹកស្អាតនៅទីក្រុងតូក្យូ ប្រទេសជប៉ុនឡើយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពក្រសួង នាទីស្តីការគណៈរដ្ឋមន្ត្រី លោក ហេង សុខគង់ បានបញ្ជាក់ដូច្នេះថា៖«សូមជម្រាបថា ទឹកនៅរាជធានីភ្នំពេញ ជាប់គុណភាពជាទឹកល្អ ល្អមែនទែនរហូតទៅដល់ស្មើនឹងទីក្រុងតូក្យូប្រទេសជប៉ុន ហើយទឹកដែលចេញមកពីរ៉ូប៊ីណេ គឺយើងអាចផឹកបានផ្ទាល់តែម្តង នៅសៀមរាបដូចគ្នា។ អញ្ចឹងហើយគុណភាពទឹកនៅកម្ពុជាយើងខ្ពស់មែនទែន ដែលយើងជំរុញតភ្ជាប់ទៅដល់រដ្ឋាករទឹកដទៃទៀត»។
បើតាមលោក សុខគង់ ទឹកដែលហូរកាត់ប្រព័ន្ធបំពង់ទុយោនេះ មានការធ្វើប្រព្រឹត្តកម្មច្បាស់លាស់ ។ អ្នកនាំពាក្យក្រសួងឧស្សាហកម្មរូបនេះ មិនអាចរៀបរាប់ពីការធ្វើប្រព្រឹត្តកម្មទឹកស្អាតនេះដល់មហាជនបានទេ ព្រោះវាមានច្រើនដំណាក់កាលវែងឆ្ងាយណាស់។ ប៉ុន្តែអ្វីដែលលោក ហេង សុខគង់ អាចជម្រាបបានត្រួសៗនោះ ត្រង់ថា ទឹកស្អាតមិនមែនត្រឹមតែដាក់សាច់ជូធ្វើឲ្យទឹកថ្លា ហើយអាចយកទៅប្រើប្រាស់បានទេ ប៉ុន្តែវាត្រូវការសម្លាប់មេរោគ ការដកចេញសារធាតុគីមី រ៉ែ រួមទាំងត្រូវការដាក់ប្រព័ន្ធសម្រាប់ដកចេញមេរោគផ្សេងៗទៀតផង។
បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតទឹកស្អាតទូទាំងប្រទេសចំនួន២៩០កន្លែង ដោយក្នុងនោះ មានរដ្ឋាករស្វយ័តរាជធានីភ្នំពេញ និងសៀមរាបរបស់រដ្ឋមានចំនួន១១ និងរដ្ឋាករទឹកឯកជនរបស់អង្គការ World Bank ។ នេះជាការបញ្ជាក់របស់លោក ហេង សុខគង់។
បើតាមអ្នកនាំពាក្យក្រសួងឧស្សាហកម្មរូបនេះ បរិមាណផលិតទឹកស្អាតទូទាំងប្រទេស កើនឡើងដល់ ៣៤៦,៩២១,០១៦ម៉ែត្រគូប ក្នុងឆ្នាំ២០១៩ ។ ចំនួននេះកើនលើសឆ្នាំ២០១៨ ចំនួន៣៩,១៦៨,៧៥៤ម៉ែត្រគូប។ បរិមាណទឹកស្អាច អាចគ្របដណ្ដប់ក្នុងតំបន់សេវាផ្គត់ផ្គង់នៅទីប្រជុំជនទូទាំងប្រទេសជាមធ្យម ៥៦.៣៧ភាគរយ ខណៈរាជធានីភ្នំពេញ សម្រេចបានជាង៨៥ភាគរយ៕
Tag:
ទឹកស្អាត
ឧស្សាហកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com