សាសនិក​ឥស្លាម​កម្ពុជា​ចាប់ផ្តើម​បួស​ខែ​រ៉ា​ម៉ា​ឌន​នៅ​ថ្ងៃទី​២៤ មេសា
ជាតិ
សង្គមជាតិ
សាសនិក​ឥស្លាម​កម្ពុជា​ចាប់ផ្តើម​បួស​ខែ​រ៉ា​ម៉ា​ឌន​នៅ​ថ្ងៃទី​២៤ មេសា
23, Apr 2020 , 8:38 pm        
រូបភាព
វិហារឥស្លាមភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
វិហារឥស្លាមភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
ភ្នំពេញ​៖ សាសនិក​ឥស្លាម​កម្ពុជា នឹង​ចាប់ផ្តើម​បួស​ខែ​រ៉ា​ម៉ា​ឌន ពីថ្ងៃ​ទី​២៤ មេសា​តទៅ ដែលជា​ថ្ងៃ​១​កើត ខែ​រ៉ា​ម៉ា​ឌន​។ ការកំណត់​នេះ បន្ទាប់ពី​មើលឃើញ​ខ្នើត​នៅ​ល្ងាច​ថ្ងៃទី​២៣ មេសា និង​ត្រូវបាន​ប្រកាស​ដោយ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​។

 
​ខែ​រ៉ា​ម៉ា​ឌន ដែលជា​ខែ​ដ៏​ពិសិដ្ឋ​របស់​សាសនិក​ឥស្លាម សម្រាប់​ឆ្នាំនេះ​នៅ​កម្ពុជា​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៤ មេសា​។ ខែ​រ៉ា​ម៉ា​ឌន គឺមាន​រយៈពេល​ពេញ​មួយខែ ហើយ​សាសនិក​ឥស្លាម​ទាំងអស់​តម្រូវឱ្យ​បួស ឬ​តប​អាហារ​ពេល​ថ្ងៃ​ពេញ​មួយខែ​ផងដែរ​។ ការអនុវត្ត​បួស គឺ​ចាប់ពី​ម៉ោង​ប្រមាណ​៤​កន្លះ​ព្រឹក​ព្រលឹម រហូតដល់​ម៉ោង​ប្រមាណ ៦​កន្លះ​ល្ងាច​។ ក្រៅពី​វេលា​នេះ សាសនិក​ឥស្លាម​អាច​ហូប​អាហារ​បាន​ធម្មតា​។​
 
​ទាក់ទង​នឹង​ខែ​បួស​រ៉ា​ម៉ា​ឌន​នេះដែរ គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា កាលពី​សប្ដាហ៍​កន្លងទៅ បាន​ជម្រាប​ទៅ​សាសនិក​ឥស្លាម​ទាំងអស់ ត្រូវអនុវត្ត​ន៍តា​មកា​រ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ក្នុង​កាលៈទេសៈ​កូ​វីដ​១៩​នេះ​។ មានន័យថា សាសនិក​ឥស្លាម​ទាំងអស់ ត្រូវ​ស្រាយ​បួស​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ហើយ​ការជួបជុំ​ថ្វាយបង្គំ​ពេលយប់​ខែ​រ៉ា​ម៉ា​ឌន (​ថ្វាយបង្គំ​ត​រ៉ា​វេ​ហ្វ​) ក៏ត្រូវ​ធ្វើតាម​ផ្ទះ​ដែរ ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍​៕

Tag:
 Ramadan
© រក្សាសិទ្ធិដោយ thmeythmey.com