COVID-19
កីឡាជាតិ
ជាតិ
កីឡដ្ឋាន​មរតក​តេ​ជោ នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០២០​តាម​ការគ្រោងទុក​
24, Apr 2020 , 9:19 am        
រូបភាព
ដោយ:
​កីឡដ្ឋាន​មរតក​តេ​ជោ នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០២០ តាម​ការគ្រោងទុក ទោះបី​បច្ចុប្បន្ន​កម្ពុជា កំពុង​ប្រឈម​នឹង​ការ​រាតត្បាត នៃ​ជំងឺ​(​កូ​វីដ​-១៩)​ក៏ដោយ​។ កីឡដ្ឋាន​ដែលជា​ជំនួយឥតសំណង​របស់​ចិន​នេះ សាងសង់​លើ​ផ្ទៃដី​១៦​ហិកតា ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​ប្រមាណ​៦​ម៉ឺន​នាក់​។ 

 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា សកម្មភាព​សាងសង់​កីឡដ្ឋាន​មរតក​តេ​ជោ មិនបាន​ផ្អាក​នោះឡើយ ទោះជា​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​កូ​វីដ​-១៩​ក៏ដោយ​។ លោក​អះអាងថា កីឡដ្ឋាន​នេះ នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០២០​នេះ​តាម​ការគ្រោងទុក ខណៈ​បច្ចុប្បន្ន​សំណង់​ធំៗ បានបញ្ចប់​ការសាងសង់​១០០​ភាគរយ នៅសល់តែ​ការបំពាក់​គ្រឿង​បរិក្ខារ និង​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ក្រោម​កីឡដ្ឋាន​ប៉ុណ្ណោះ​។ 
 
​លោក វ៉ា​ត់ ចំរើន បញ្ជាក់​ដូច្នេះ​៖«​ដំណើរការ​សាងសង់​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​មកទល់ពេលនេះ យើង​អាច​វាយតម្លៃ​បាន​ថា គឺ​សម្រេចបាន​៧០​ទៅ​៨០​ភាគរយ ក្នុងការ​សាងសង់​កីឡដ្ឋាន ដែលជា​កន្លែង​សម្រាប់​ពិ​ធិ​បើក ពិធី​បិទ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។ យើង​បានបញ្ចប់​ការសាងសង់​សំណង់​រឹង​១០០​ភាគរយ​ហើយ នៅឡើយ​តែ​គ្រឿង​បំពាក់​តែប៉ុណ្ណោះ​»​។ 
 
​បើតាម​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ ដំណើរការ​សាងសង់​កីឡដ្ឋាន​មរតក​តេ​ជោ មានការ​រឹតត្បិត​ខ្លាំង លើ​ការចេញចូល​របស់​កម្ម​ករ ពោលគឺ​មិន​ឲ្យ​មានការ​ចេញចូល​ផ្តេសផ្តាស​នោះទេ​។ លោក​អះអាងថា បើ​មាន​កម្មករ​ចិន ឬ​ខ្មែរ​ណា​ម្នាក់ ចេញពី​បរិវេណ​សាងសង់​ដោយ​គ្មាន​ការអនុញ្ញាត ពួកគេ​នឹងត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ ទើប​អនុញ្ញាត​ឲ្យ​ចូលធ្វើការ​វិញ​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
​ជាក់ស្តែង កាលពី​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​កន្លងទៅ កម្មករ​ដែល​ធ្វើការ​នៅ​ទីនោះ ពុំ​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​នោះទេ ពោលគឺ​ពួកគេ​បន្តធ្វើ​ការងារ​ដូច​ធម្មតា​។ ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​នោះដែរ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ដឹកនាំ​ប្រ​ភិ​តូ ទៅពិនិត្យ​ពី​វឌ្ឍនភាព នៃ​ការសាងសង់​កីឡដ្ឋាន​មរតក​តេ​ជោ ក៏ដូចជា​សួរសុខទុក្ខ​កម្មករ និង​វិស្វករ​នៅ​ទីនោះ​។ 
 
​ក្នុងឱកាស​នោះដែរ​ភាគី​ចិន​បាន​ប្តេជ្ញា​ថា ខ្លួន​នឹង​ខិតខំ​ព្យាយាម​សាងសង់​កីឡដ្ឋាន​នេះ ឲ្យ​បាន​រួចរាល់ តាម​ការគ្រោងទុក​នៅ​ចុងឆ្នាំ​២០២០​នេះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក វ៉ា​ត់ ចំរើន ដែល​រំពឹង​កីឡដ្ឋាន​នេះ នឹង​ក្លាយជា​កន្លែង​ហ្វឹកហាត់​សម្រាប់​កីឡាករ កីឡាការិនី ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​បន្ស៊ាំ​ខ្លួន​ជាមួយ​ទីលាន​។ 
 
​កីឡដ្ឋាន​នេះ សាងសង់​លើ​ផ្ទៃដី​១៦​ហិកតា ដែល​អាច​ផ្ទុក​អ្នកគាំទ្រ​បាន​ប្រមាណ​៦​ម៉ឺន​នាក់ ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១៥៨​លាន​ដុល្លារ ដែលជា​ជំនួយឥតសំណង​របស់​ចិន​។ ការសាងសង់​ដោយ​ប្រើ​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ចិន ដែល​អាច​ជម្លៀស​អ្នកគាំទ្រ​ត្រឹម​៧​នាទី ក្នុងករណី​មាន​ភាពមិនប្រក្រតី​កើតឡើង​។ 
 
​សមិទ្ធផល​ទី​ពីរ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ បាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៧ ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។ ការបើក​ការដ្ឋាន​សាងសង់​ធ្វើឡើង​ក្នុង​អំ ឡុង​ពេល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​ទី​១ ដែល​រួមមាន​អាង​ហែល​ទឹក មជ្ឈមណ្ឌល​កីឡា​ក្នុង​សាល ទីលាន​បាល់បោះ និង​អគារ​ស្នាក់នៅ​របស់​អត្ត​ព​លិ​ក​។ កីឡដ្ឋាន​នេះ​សាងសង់ឡើង ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣៕ 

Tag:
 ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​
  វ៉ា​ត់ ចំរើន​
© រក្សាសិទ្ធិដោយ thmeythmey.com