COVID-19
អន្តរជាតិ
COVID-19៖ ម៉ាឡេស៊ី បិទ​ប្រទេស​ពីរ​សប្ដាហ៍​ទៀត ឯ​ឥណ្ឌូណេស៊ី​បិទ​ការធ្វើដំណើរ​ផ្លូវទឹក​និង​អាកាស​
24, Apr 2020 , 10:42 am        
រូបភាព
រូបភាព​AFP
រូបភាព​AFP
​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន​ពីរ គឺ​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី បាន​រឹតបន្តឹង​វិធានការ​មួយកម្រិត​ទៀត​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​ផ្លូវដង្ហើម COVID-19 ។ នៅ​ថ្ងៃទី​២៣ ខែមេសា​ឥ​ណ្ឌូ​ណេ​ស៊ី បានប្រកាស​បិទ​ការធ្វើដំណើរ​តាមផ្លូវ​ទឹក និង​ផ្លូវអាកាស​បណ្ដោះអាសន្ន ស្របពេល​នៃ​ការចាប់ផ្ដើម​ពិធីបុណ្យ​សាសនា​ឥស្លាម​ដ៏​ធំ​។ ម៉ាឡេស៊ី​វិញ ក៏​ប្រកាស​បន្ត​សុពលភាព​បិទ​ប្រទេស​ពីរ​សប្ដាហ៍​ទៀត​ក្នុង​គោលដៅ​ទប់ស្កាត់​ការឆ្លង COVID-19 កាន់តែច្រើន​។​

 
​បម្រាម​ធ្វើដំណើរ​ចរាចរណ៍​ផ្លូវអាកាស និង​ផ្លូវទឹក នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៤ ខែមេសា​នេះ​តទៅ តែមាន​ករណី​លើកលែង​ខ្លះ​។ មន្ត្រី​ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី​បញ្ជក់​បែបនេះ​នៅ​ថ្ងៃទី​២៣ ខែមេសា​។ លោក Novie Riyanto Rahardjo អគ្គនាយក​អាកាសចរណ៍​ឥណ្ឌូណេស៊ី​បញ្ជាក់ថា ការហាមឃាត់​ធ្វើដំណើរ​ផ្លូវអាកាស នឹងមាន​សុពលភាព​រហូត​ថ្ងៃទី​១ ខែមិថុនា​។ ឯ​អគ្គនាយក​ដឹកជញ្ជូន​ផ្លូវ​សមុទ្រ​វិញ ប្រកាសថា បម្រាម​ផ្លូវ​សមុទ្រ នឹង​អនុវត្ត​ដល់​ថ្ងៃទី​៨ ខែមិថុនា​។​
 
​យ៉ាងណាមិញ ការដឹកជញ្ជូន​ទំនិញ នឹង​ត្រូវបាន​លើកលែង​។ ករណី​លើកលែង​ដទៃទៀត​មាន ជើងហោះហើរ​ដែល​ដឹក​ប្រជាជន​ឥណ្ឌូណេស៊ី​ត្រឡប់​ចូល​ស្រុក​វិញ ក៏ដូចជា​ការធ្វើដំណើរ​របស់​មន្ត្រី​រដ្ឋ មន្ត្រី​ទូត​បរទេស និង​អង្គការ​អន្តរជាតិ​នានា​ដែលមាន​ទីតាំងនៅ​ឥណ្ឌូណេស៊ី​។ 
 
​ការបិទ​ការធ្វើដំណើរ​នេះ ធ្វើឡើង​ក្រោយ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ប្រកា​សបិទ​ការធ្វើដំណើរ​លើ​ប្រជាជន​អំឡុងពេល​ពិធីបុណ្យ​រ៉ា​ម៉ា​ឌន ដែលជា​ពិធីបុណ្យ​សាសនា​ឥស្លាម​ដ៏​ធំ និង​មានការ​ចល័ត​មនុស្ស​ផងដែរ​។ រដ្ឋាភិបាល​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បាន​រង​ការព្រមាន​ហើយ​ថា បើ​អនុញ្ញាត​ឲ្យ​មានការ​ធ្វើដំណើរ​ក្នុង​ពេលនេះ វិបត្តិ COVID-19 នឹង​កាន់តែ​អាក្រក់​ខ្លាំង​មិន​ខាន ព្រោះ​ប្រជាជន​រាប់លាន​នាក់ នឹង​ឆ្លង​ជំងឺ​នេះ​តៗ​គ្នា​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៣ ខែមេសា ឥណ្ឌូណេស៊ី មាន​ករណី​ឆ្លង​សរុប​ចំនួន​៧៧៧៥​នាក់ និង​ស្លាប់​៦៤៧​នាក់​។ 
 
​នៅ​ម៉ាឡេស៊ី​វិញ នាយករដ្ឋមន្ត្រី មូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន បានប្រកាស​បន្ត​សុពលភាព​បញ្ជា​គ្រប់គ្រង​ការ​ចល័ត​មនុស្ស​ជា​លើក​ទី​បី​។ វិធានការ​រឹតត្បិត​ដែល​នឹង​ចប់​នៅ​ថ្ងៃទី​២៨ ខែមេសា នឹងត្រូវ​អនុវត្ត​ដល់​ថ្ងៃទី​១៤ ខែឧសភា​វិញ​។ មកដល់ពេលនេះ តួលេខ​អ្នក​ឆ្លង COVID-19 នៅ​ម៉ាឡេស៊ី​មាន​៥៦០៣​នាក់ និង​ស្លាប់​៩៥​នាក់​។​
 
​លោក យ៉ា​ស៊ីន បញ្ជាក់ថា ទោះ​មាន​សញ្ញា​វិជ្ជមាន​ខ្លះ​ក្ដី វិធានការ​នានា នឹង​បន្ត​អនុវត្ត​ដដែល​។ ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​រូបនេះ​អះអាងថា បើ​ស្ថានភាព​កាន់តែ​ធូរស្រាល ការ​រឹតត្បិត​មួយចំនួន​នឹងត្រូវ​បន្ធូរបន្ថយ​វិញ​ដែរ​៕

Tag:
 COVID-19
  ម៉ាឡេស៊ី​
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com