COVID-19
ជាតិ
សេដ្ឋកិច្ច
COVID-19៖ ធនាគារជាតិ សុំឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ លើកលែង​ការពិន័យ​អតិថិជន​ដល់​ដាច់​ឆ្នាំ​២០២០
24, Apr 2020 , 7:29 pm        
រូបភាព
លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ រូបថត៖ BNC
លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ រូបថត៖ BNC
​ភ្នំពេញ​៖ ដោយសារតែ​កម្ពុជា​ប្រឈម​នឹង​មេរោគ​កូ​វីដ​-១៩(COVID-19) ធនាគារជាតិ​នៃ​កម្ពុជា​(NBC) ស្នើសុំ​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ  លើកលែង​ដល់​ការផាកពិន័យ​ផ្សេងៗ​ដល់​អតិថិជន​ខ្លួន រហូតដល់​ចំណា​ច់​ឆ្នាំ​២០២០​។ បើតាម​លិខិត​របស់​ធនាគារ ការស្នើសុំ​នេះ​ចាប់​អនុវត្ត​តាំងពី​ថ្ងៃទី​២០​មេសា មក​។


 
​ធនាគារជាតិ ក្រៅពី​ស្នើសុំ​ការយោគយល់​ពី​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ក្នុងការ​លើកលែង​ការផាកពិន័យ​ចំពោះ​អតិថិជន​ហើយ​នោះ ក៏​សុំឱ្យ​គ្រឹះស្ថាន​នៃ​វិស័យ​ហិរញ្ញវត្ថុ ផ្តល់​ការអនុគ្រោះ​បន្ថែម​ដល់​អតិថិជន​ដោយ​ប​ន្ទូ​រ​បន្ថយ​កម្រៃ​សេវា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ឥណទាន ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​ពួកគាត់​មួយកម្រិត​ទៀត ក្នុង​គ្រា​លំបាក​ដែល​កំពុង​ជួប​នូវ​វិបត្តិ COVID-19​។​
 
​កាលពី​ថ្ងៃទី​២៧​មីនា ធនាគារជាតិ បាន​ណែនាំ​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់  រៀបចំ​ឥណទាន​ឡើងវិញ ដើម្បី​ជួយ​សម្រួល​ការលំបាក​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រឈមមុខ​នឹង​ការ​រា​ត​ត្បត​នៃ​ជំងឺ​COVID-19​។ 
 
​តាមរយៈ​ឥណទាន​រៀបចំ​ឡើងវិញ​នេះ ធនាគារជាតិ បានកំណត់​លក្ខខណ្ឌ​មួយចំនួន ដើម្បី​សម្រាល​បន្ទុក​ពលរដ្ឋ ដែល​ប្រឈមមុខ​នឹង​បញ្ហា​ជំងឺ​COVID-19​។ លក្ខខណ្ឌ​អនុគ្រោះ​ទាំងនោះ​រួមមាន​១៖ ការកាត់បន្ថយ​ចំនួន​ប្រាក់​ដើម​ឥណទាន ឬ​ចំនួន​ដែល​ត្រូវ​សង​នៅ​ឥណប្រតិទាន​,២៖ ការកាត់បន្ថយ​អត្រា​ការប្រាក់​ទាប​ជាង​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ដើម​, ៣៖ ការពន្យារពេល​ទូទាត់​សង​ប្រាក់​ដើម ឬ​ការប្រាក់ ឬ​ការធ្វើ​មូលធន​កម្ម​ការប្រាក់​,៤៖ ការពន្យារ​ឥណទាន​ប្រតិ​ទាន​, ៥៖ ការបន្ថែម និង​/​ឬ ការផ្លាស់ប្តូរ​អ្នក​រួម​ខ្ចី និង​/​ឬ អ្នកធានា ប្រសិនបើ​មាន​, ៦៖ ការផ្លាស់ប្តូរ​ពី​ឥណទាន​មានការ​ទូត​ទាត់​សង​តាម​ការបង់​រំលស់ ទៅជា​ការទូទាត់​តែ​ការប្រាក់ ហើយ​ទូទាត់​សង​ប្រាក់​ដើម​ទាំងអស់​នៅ​ឥណប្រតិទាន​, ៧៖ ការលើកលែង ឬ​បន្ថយ​ទ្រព្យ​ធានា​, ៨៖ ការបន្ថយ​លក្ខខណ្ឌ​កិច្ចសន្យា ឬ​/​និង​ចុងក្រោយ​ការផ្តល់​រយៈពេល​អនុគ្រោះ​ដោយ​គ្មាន​ការទូទាត់​សង ដែល​អាចមាន​រយៈពេល​រហូតដល់​៦​ខែ គិត​ចាប់​ពីថ្ងៃ​ប្រសិទ្ធភាព​នៃ​កិច្ចសន្យា​ថ្មី​។​
 
​ឆ្លើយតប​សំណើ​របស់​ធនាគារជាតិ​កន្លងមក សមាគម​មីក្រូហិរញ្ញវត្ថុ បាន​អះអាងថា សមាជិក​ខ្លួន​នីមួយៗ កំពុង​អនុវត្ត​ដំណោះស្រាយ​ផ្សេងៗ​ទៅតាម​នីតិវិធី គោលការណ៍​ផ្ទៃក្នុង ស្របទៅនឹង​ប្រភេទ​អតិថិជន ទំហំ​នៃ​ផលប៉ះពាល់ និង​ស្ថានភាព​ជាក់ស្ដែង​របស់​អតិ​ជន​ម្នាក់ៗ នៅក្នុង​អំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​COVID-19​នេះ ដោយ​អនុលោម​តាម​សេចក្តីណែនាំ​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​។​
 
​សេចក្តីថ្លែងការណ៍​រប​ស់​សមាគម​មីក្រូហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​១៧ មេសា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដើម្បី​ទទួលបាន​ការគាំទ្រ និង​ដំណោះស្រាយ ជាពិសេស​ការរៀប​ចំឥណ​ទាន​ឡើងវិញ អតិថិជន​ត្រូវ​ទំនាក់ទំនង​ទៅ​គ្រឹះស្ថាន​ដែល​ខ្លួន​បាន​ខ្ចីប្រាក់ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព និង​លទ្ធភាព​ដោះស្រាយ​នានា​ជាមួយនឹង​បុគ្គលិក​គ្រឹះស្ថាន​។ អតិថិជន​ត្រូវ​ផ្ដល់ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ទទួលបាន​ដំណោះស្រាយ​សមស្រប និង​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា ដើម្បី​បន្ត​និរន្តរភាព​វិស័យ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ចជាតិ​»​។​
 
​ដ្បិត​គ្រឹះស្ថាន​ហិរញ្ញវត្ថុ អាចជួយ​ដោះស្រាយ​បញ្ហាលំបាក​ពលរដ្ឋ ដែល​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ក្តី ប៉ុន្តែ​ពលរដ្ឋ​ដែល​មិន​រង​ផលប៉ះពាល់​ខ្លាំង លើ​ការរកស៊ី និង​ចំណូល ដោយសារ​បញ្ហា​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នេះ​វិញ គប្បី​ជួយ​សង​ត្រឡប់​ទៅ​គ្រឹះស្ថាន​កម្ចី ដើម្បី​អាចឱ្យ​ស្ថាប័ន​រក្សា​និរន្ត​ភាព​ផងដែរ​៕

Tag:
 ហិរញ្ញវត្ថុ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com