COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ ក្លិប Wuhan Zall ចាប់ផ្តើម​ហ្វឹកហាត់ ក្រោយ​ត្រឡប់​ចូល​វូ​ហាន​បាន​៥​ថ្ងៃ
24, Apr 2020 , 10:29 pm        
រូបភាព
រូបភាព៖ Wuhan Zall FC Club
រូបភាព៖ Wuhan Zall FC Club
​កីឡាករ​របស់​ក្រុម Wuhan Zall នៃ​លី​គ​កីឡាករ​បាល់ទាត់​កំពូល​ចិន (Chinese Super League) ចាប់ផ្តើម​បើក​ការហ្វឹកហាត់​នៅឯ​មូលដ្ឋាន​របស់ខ្លួន​ក្នុង​ក្រុង​វូ​ហាន បន្ទាប់ពី​ត្រឡប់​ចូល​ស្រុក​វិញ​បាន​៥​ថ្ងៃ​។ កីឡាករ​របស់ Wuhan Zall បាន​អាក់ខាន​ចូល​ប្រទេស​ជាង​៣​ខែ​ឯណោះ ដោយសារ​វិបត្តិ​នៃ​ជំងឺឆ្លង COVID-19​។​


 
Wuhan Zall បាន​ស្នាក់នៅ​ជំរំ​ហ្វឹកហាត់​នៅឯ​ប្រទេស​អេ​ស្ប៉ា​ញ​តាំងពី​ខែមករា​ម្លេះ ពោលគឺ​ចាប់តាំងពី​ជំងឺឆ្លង COVID-19 បាន​កើនឡើង​កាន់តែខ្លាំង​ក្នុង​ក្រុង​វូ​ហាន ប្រទេស​ចិន​។ វូ​ហាន​ជា​តំបន់​ដែលមាន​ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ដំបូង​គេ ក្នុងប្រទេស​ចិន និង​ជា​ក្រុង​ដែល​ត្រូវ​ប្រកាស​ឲ្យ​បិទ​មុនគេ​ផងដែរ​។​
 
​ក្លិប​ដែល​ស្ថិតក្នុង​ក្រុង​វូ​ហាន​មួយ​នេះ បាន​វិលត្រឡប់​ពី​ប្រទេស​អេ​ស្ប៉ា​ញ​ចូល​មាតុភូមិ​វិញ​កាលពី​ថ្ងៃទី​១៨ ខែមេសា តាមរយៈ​ជើងហោះហើរ និង​រថភ្លើង​ដោយ​ឆ្លងកាត់​អាល្លឺម៉ង់ និង​ដា​ក់ច​ត្តា​ឡី​ស័ក នៅ​ក្រុង Shenzhen ប្រទេស​ចិន ៣​សប្តាហ៍​ទៀតផង​។ 
 
​ក្រោយ​ត្រឡប់​ចូល​ប្រទេស និង​អនុញ្ញាត​ឲ្យ​ជួបជុំ​គ្រួសារ​រយៈពេល​៥​ថ្ងៃ​រួចមក នៅ​ថ្ងៃទី​២៣ ខែមេសា ក្រុម​លី​គ​កំពូល​ចិន​មួយ​នេះ​បាន​បើក​ការហ្វឹកហាត់​វិញ បើ​ទោះ​មានការ​រឹតត្បិត​លើ​វិធានការ​គម្លាត​សុ​វត្តិភាព​នៅក្នុង​ប្រទេស​ចិន​ក៏ដោយ​។​
 
​ជុំវិញ​ការ​ត្រឡប់​ចូល​ជំរំ​ហ្វឹកហាត់​នេះ ក្លិប Wuhan Zall មាន​វិធានការ​រឹតបន្តឹង​មួយចំនួន​សម្រាប់​អ្នក​ពាក់​ក្នុង​ក្លិប​ទាំងអស់ ដូចជា​ត្រូវ​ពាក់​ម៉ាស់​ការពារ ហើយ​ប្រើ​ថ្នាំ​សម្លាប់​មេរោគ​ដែល​អាច​រកបាន​នៅ​ច្រកចេញចូល​កន្លែង​ហ្វឹកហាត់ និង​មជ្ឈមណ្ឌល​អាហារ ឬ​កន្លែង​ហាត់ប្រាណ​។ មួយវិញទៀត ក្លិប​ក៏បាន​ដាក់​បម្រាម​លើ​កីឡាករ គ្រូបង្វឹក និង​បុគ្គលិក​ធ្វើការ​ទាំងអស់ មិន​ឲ្យ​ទទួលទាន​អាហារ​ពេល​ល្ងាច ឬ​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ណាមួយ​ឡើយ​។​
 
​ពួកគេ​ក៏ត្រូវ​ទទួល​ការត្រួតពិនិត្យ​សីតុណ្ហភាព​រាងកាយ​ជា​រៀងរាល់ថ្ងៃ​។ ហើយ​វិធីសាស្ត្រ​រឹតត្បិត​ទាំងនេះ​នឹងត្រូវ​អនុវត្ត​រហូតដល់​មានការ​ជូនដំណឹង​បន្ថែម​ពី​រដ្ឋាភិបាល​ក្នុង​តំបន់​។​
Wuhan Zall បានបញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​៦ ក្នុង​តារាង​លី​គ​កំពូល​ចិន CSL ក្នុង​រដូវ​កាល ២០១៩ ក្រោម​ការដឹកនាំ​របស់​លោក Li Tie​។ លោក Li Tie ដែលជា​អតីត​កីឡាករ​របស់ Everton បាន​ផ្លាស់​ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិចិន​វិញ​កាលពី​ខែមករា បន្ទាប់ពី​ការចាកចេញ​របស់លោក Marcelo Lippi​។​
 
​ចិន មាន​ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 ជាង​៤៦០០​នាក់ គិត​ត្រឹម​ថ្ងៃទី​២៤ ខែមេសា​នេះ​។ អ្នក​ឆ្លង​មាន​ចំនួន​ជាង​៨​ម៉ឺន​នាក់ ក្នុងនោះ​ជាសះស្បើយ​ជាង​៧៧​ពាន់​ករណី​។ ចិន​បាន​ធ្លាក់​ចំណាត់ថ្នាក់​ពី​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​លើ​លោក​ទៅ​លេខ​៨​វិញ ខណៈ​អាមេរិក​ឡើងទៅ​ឈរ​កំពូល​តារាង តាម​ពីក្រោយ​ដោយ​អេ​ស្ប៉ា​ញ អ៊ីតាលី បារាំង និង​អាល្លឺម៉ង់​៕

Tag:
 Wuhan Zall
© រក្សាសិទ្ធិដោយ thmeythmey.com