អន្តរជាតិ
តើអ្នកវិទ្យាសាស្ត្រប្រើវិធីសាស្ត្រអ្វីក្នុងការផ្តិតយករូបភាពនៃវីរុស?
× ចំពោះមនុស្សទូទៅ ការផ្តិតទុករូបភាពគឺជាការរក្សាទុកការចងចាំ ឬហេតុការណ៍អ្វីមួយដែលបានកើតឡើង ដើម្បីយកវាមករម្លឹកឡើងវិញនៅពេលក្រោយ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានប្រើប្រាស់វិធីសាស្ត្រស្រដៀងគ្នានេះសម្រាប់សិក្សាទៅលើវត្ថុតូចៗនៅក្នុងទំហំណាណូម៉ែត្រ ដូចជាវីរុសជាដើម ដើម្បីយល់ពីរូបរាងរបស់វា និងដើម្បីបង្កើតមធ្យោបាយក្នុងការបង្ការវា។ ជាមួយនឹងរូបភាពវីរុស កូវីត-១៩ ដែលអ្នកអាចធ្លាប់បានឃើញនៅក្នុងប្រព័ន្ធអ៊ីនធើណេត តើអ្នកជំនាញប្រើប្រាស់វីធីសាស្ត្រអ្វីក្នុងការផ្តិតយករូបភាពទាំងឡាយនោះ?
ចម្លើយដែលងាយគឺការប្រើប្រាស់ឧបករណ៍មីក្រូទស្សន៍ក្នុងការពិនិត្យ។ ប៉ុន្តែសម្រាប់វត្ថុដែលល្អិតខ្លាំងដូចជាពពួកវីរុស មីក្រូទស្សន៍ប្រើប្រាស់ពន្លឺធម្មតា (ដែលអ្នកអាចឃើញនៅក្នុងបន្ទប់ពិសោធន៍នៃសាលារៀន) មិនមានសមត្ថភាពក្នុងការចាប់យករូបភាពនៃវីរុសបាននោះទេ។ គេហទំព័រ defense.gov បានពន្យល់ថា អ្នកជំនាញប្រើប្រាស់វិធីសាស្ត្រពីរយ៉ាងក្នុងការផ្តិតយករូបភាពនៃវីរុស ក្នុងនោះមានដូចជា X-ray Crystallization និង Electron Microscopy ។
មីក្រូទស្សន៍អេឡិចត្រុង (Electron Microscope) ប្រើប្រាស់ចរន្តនៃផង់អេឡិចត្រុង (ជៀសជាងផង់ពន្លឺ) ដើម្បីបាញ់ទៅលើរូបរាងនៃវីរុស ហើយផង់អេឡិចត្រុងដែលផ្លាតមកវិញត្រូវបានគេចាប់យកមកគណនាអំពីរូបរាងនៃវីរុសនោះឲ្យទៅជារូបភាព។ វិធីសាស្ត្រមួយនេះ ពេលខ្លះទាមទារឲ្យអ្នកជំនាញទាញយករូបភាពពីវីរុសរហូតដល់ទៅមួយលានប៉ុស្តិ៍ ក្នុងនោះប្រមាណជាមួយសែនប៉ុស្តិ៍ដែលប្រសើរជាងគេត្រូវបានគេជ្រើសរើសយកមកចងភ្ជាប់គ្នាទៅជារូបភាពមួយច្បាស់លាស់ ដោយការប្រើប្រាស់រូបមន្តគណិតវិទ្យាដ៏ស្មុគស្មាញជាច្រើន។
វិធីមួយទៀតគឺ X-ray Crystallization ។ ចំពោះវិធីនេះ អ្នកជំនាញបង្កើតគ្រីស្តាល់ប្រូតេអ៊ីន ដែលជាផ្នែកតូចមួយនេះវីរុស រួចដាក់វានៅក្នុងកន្លែងដែលមានសីតុណ្ហភាពទាប មុននឹងយកវាទៅពិនិត្យនៅក្រោមចរន្តកាំរស្មីអ៊ិច។ របៀបដែលចរន្តនៃកាំរស្មីអ៊ិចផ្លាតចេញពីគ្រីស្តាស់ប្រូតេអ៊ីននោះអាចធ្វើឲ្យអ្នកជំនាញដឹកពីផ្នែកផ្សេងៗជាច្រើនទៀតនៃវីរុស។ X-ray Crystallization ទាមទារឲ្យមានការផ្តិតរូបភាពតែពី១០០ ទៅ៤០០ប៉ុស្តិ៍ប៉ុណ្ណោះ។ តែអ្វីដែលលំបាកគឺអ្នកជំនាញត្រូវបង្កើតគ្រីស្តាល់ប្រូតេអ៊ីនឲ្យបានល្អតាមតែអាចធ្វើបាន ហើយវាក៏ជារឿងលំបាកមួយដែរ។
រូបភាពដែលថតបានដំបូងបង្កឡើងតែពីពណ៌ស និងពណ៌ខ្មៅ តែប៉ុណ្ណោះ។ អ្នកជំនាញមានតួរនាទីក្នុងការបន្ថែមពណ៌ទៅលើរូបភាពសខ្មៅនៃវីរុសទាំងនោះ។ ជាទូទៅ គេអាចបន្ថែមពណ៌ក្តៅ (ដូចជាពណ៌ក្រហម) ទៅកាន់វីរុស និងពណ៌ត្រជាក់ (ដូចជាខៀវ ឬបៃតង) ទៅកាន់កោសិកាមនុស្ស ឬសត្វដែលនៅជុំវិញ។ រូបភាពលម្អិតនៃវីរុស និងរូបផ្គុំរបស់ពួកវាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកវិទ្យាសាស្ត្រក្នុងការតាមដាន ផលិតថ្នាំ ឬវ៉ាក់សាំងសម្រាប់បង្ការក្រុមវីរុសទាំងនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com