COVID-19
ជាតិ
សេដ្ឋកិច្ច
អ្នកនាំពាក្យ៖ ១ថ្ងៃ កម្ពុជា ធ្លាប់តែមានជើងហោះហើរ១៥០ ឥឡូវនៅសល់មិនដល់១០ផង លោក ជា អូន ធ្វើជាវាគ្មិន ក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាពនិងទិសដៅការងារនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលរៀបចំនៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ (រូបពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល)
× លោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លើកឡើងថា ពីមុន កម្ពុជា មានជើងហោះយ៉ាងតិច១៥០ ឬក៏អាចច្រើនជាងនេះ ជាប្រចាំថ្ងៃ តែចាប់តាំងពីការផ្ទុះជំងឺកូវីដ-១៩មក ជើងហោះហើរកម្ពុជា ធ្លាក់ចុះជាបន្តបន្ទាប់ រហូតនៅសល់ត្រឹមតែ៧ឬ៨ជើងហោះហើរប៉ុណ្ណោះ ក្នុង១ថ្ងៃ។ លោក មានប្រសាសន៍ថា មិនមែនកម្ពុជានោះទេ បណ្តាប្រទេសនានា ក៏ជួបបញ្ហានេះដែរ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោក ជា អូន ថ្លែងដូច្នេះថា៖«ធ្លាក់ចុះ ធ្លាក់មែនទែ...យន្តហោះ ចតចោលពេញព្រលាន»។ យ៉ាងណា លោក អះអាង ទោះបាត់ភ្ញៀវជិះយ៉ាងគំហុកបែបនេះក្តី តែមិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ណាមួយនៅកម្ពុជា ក្ស័យធននោះទេ។
លោក បន្តថា បុគ្គលក្រុមហ៊ុនអាកាសចរណ៍ខ្លះ អាចនៅទទួលបានប្រាក់គោល ឬប្រាក់គិតម៉ោង ដែលពួកគេ បានបំពេញការងារ ខណៈបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ខ្លះទៀត ត្រូវឲ្យសម្រាកនៅផ្ទះមួយរយៈ ដោយមិនទទួលបានប្រាក់ខែឡើយ។ តែលោក បញ្ជាក់ថា ពុំមានបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ណាមួយ ចង់ធ្វើបាតុកម្ម ដោយសារតែផ្អាកការងារ ហើយមិនបានទទួលបានប្រាក់ខែនោះទេ ព្រោះពួកគេ យល់ពីស្ថានភាពលំបាក ដែលបណ្តាលមកពីជំងឺកូវីដ-១៩។
ដើម្បីជួយសម្រាលបន្ទុក រដ្ឋាភិបាលកម្ពុជា បានលើកលែងពន្ធ៣ខែ ដល់ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី២៤ ខែមេសា លោក Alain Brun អគ្គនាយកក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airports) ប្រាប់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថា ទោះប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ហើយជើងហោះកម្ពុជា ធ្លាក់ចុះដល់ទៅ៩៥ភាគរយក្តី តែក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា នៅតែរក្សាចំនួនបុគ្គលិកជិត១,៨ពាន់នាក់ ឲ្យធ្វើការដដែល ដោយមិនមានការកាត់បន្ថយចំនួនបុគ្គលិកឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។
មានមូលហេតុពីរ ដែលធ្វើឲ្យជើងហោះនៅកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសដទៃ ធ្លាក់ចុះ គឺទី១ ភ្ញៀវបរទេស ផ្អាកការធ្វើដំណើរដោយខ្លួនឯង ដោយខ្លាចឆ្លងជំងឺកូវីដ-១៩ និង ទី២ ប្រទេសខ្លះ បានបិទប្រទេសខ្លួន ដោយមិនអនុញ្ញាតមានភ្ញៀវបរទេស ចេញចូល។
នៅកម្ពុជា ដ្បិតមិនបានបិទប្រទេសឬបិទជើងហោះហើរទាំងអស់ តែបានផ្អាកការទទួលភ្ញៀវបរទេស មកពីអាមេរិក អេស្ប៉ាញ អ៊ីតាលី បារាំង និង អាល្លឺម៉ង់ ដែលបច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេលើពិភពលោក រួមទាំងភ្ញៀវមកពី អ៊ីរ៉ង់ ផងដែរ។ អ៊ីរ៉ង់ ស្ថិតក្នុងលំដាប់លេខរៀងទី៨ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ។
ជាមួយគ្នានេះ កម្ពុជា ថៃ និង វៀតណាម រួមគ្នាផ្អាកពលរដ្ឋ ក្នុងការធ្វើដំណើរទៅវិញមក លើកលែងតែទំនិញ ដែលនៅបន្តដឹកចេញចូល៕
Tag:
ជើងហោះហើរកម្ពុជា
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com