ជាតិ
អួតថាស្រឡាញ់ធម្មជាតិ បែរជានាំគ្នាទៅចោលសំរាមក្នុងព្រៃ!
× ភ្នំពេញ៖ សំរាមនៅតែជាបញ្ហាដ៏ប្រឈមចម្បង នៅតាមតំបន់ទេសចរណ៍នានានៅកម្ពុជា។ ភ្ញៀវទេសចរមួយចំនួន នៅតែបោះចោលសំរាម និងកាកសំណល់ផ្សេងៗនៅតំបន់ទេសចរណ៍ដែលខ្លួនបានទៅដល់។ ការណ៍នេះ ធ្វើឲ្យតំបន់ទេសចរណ៍នោះធ្លាក់សម្រស់ ហើយវាហាក់ផ្ទុយនឹងពាក្យអួតម្តងហើយម្តងទៀតរបស់ពួកគេថា ស្រឡាញ់ធម្មជាតិ ស្រឡាញ់បរិស្ថាន តែបែរជាទៅចោលសំរាមទៅវិញ។ សំរាមនៅតំបន់ទេសចរណ៍ ក៏ធ្វើអ្នកស្រឡាញ់បរិស្ថានធម្មជាតិមួយចំនួនខកចិត្តដែរ ហើយពួកគេទទូចឲ្យភ្ញៀវទេសចរ ចេះទុកដាក់សំរាមរបស់ខ្លួន។
លោក ជា ថុង ស្ថាបនិកក្រុមហ៊ុន Vana Adventure Travel ជាសាក្សីមួយរូប ដែលបានមើលឃើញពីបញ្ហាសំរាមនៅតំបន់ទេសចរណ៍នានានេះ។ សំរាមទាំងនោះ មានដូចជាសំបកកំប៉ុងភេសជ្ជៈ, កំប៉ុងត្រីខ,កញ្ចប់នំ-ស្ករគ្រាប់ និងថង់ប្លាស្ទិកជាដើម។ បើតាម លោក ជា ថុង បញ្ហានេះគឺមកពីកង្វះខាតការរៀបចំសម្ភាររបស់ភ្ញៀវទេសចរ ដែលធ្វើឲ្យពួកគាត់រៀបចំមិនត្រូវស្ថានភាព ហើយសម្រេចបោះចោលនៅទីនោះ។ លោក ជា ថុង រៀបរាប់ថា៖«ជាធម្មតា នៅកន្លែងដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើនដូចជា ថ្មលយ និងភ្នំឱរ៉ាល់ មានបន្សល់ទុកកាកសំណល់ជាច្រើន ដែលភ្ញៀវទេសចរបោះចោល»។
លោក ជា ថុង
លោក តាន់ គីមសួរ ដែលជាភ្ញៀវទេសចរមួយរូបដែលចូលចិត្តដើរកម្សាន្តនៅតំបន់ទេសចរណ៍ និងធ្លាប់ឡើងភ្នំឱរ៉ាល់១២លើកមកហើយនោះ ក៏មើលឃើញពីកង្វះចំណេះដឹងរបស់អ្នកទេសចរបែបផ្សងព្រេងដែរ។ លោក គីមសួរ ប្រាប់សារព័ត៌មានថ្មីៗថា៖«អ្នកដែលទៅដើរលេងភាគច្រើនជាអ្នកស្រឡាញ់ធម្មជាតិ ស្រឡាញ់បរិស្ថាន ប៉ុន្តែពួកគាត់ខ្វះការយល់ដឹង និងខ្វះការទទួលខុសត្រូវរឿងសំរាម ដែលនេះឆ្លុះបញ្ចាំងពីទម្លាប់របស់ពួកគាត់»។
លោក តាន់ គីមសួរ មិនចង់ឲ្យភ្ញៀវទេសចរដែលស្រឡាញ់ធម្មជាតិទាំងនោះ ទៅបំផ្លាញធម្មជាតិ ដោយការចោលសំរាមនោះទេ។ «បើសិនជាស្រឡាញ់ធម្មជាតិ សូមចូលរួមថែរក្សាធម្មជាតិ បើសិនជាយើងយកសំរាមទៅចោល ដូចយើងកំពុងតែព្យាយាមបំផ្លាញធម្មជាតិ»។ នេះជាការលើកឡើងរបស់លោក តាន់ គីមសួរ។
លោក តាន់ គីមសួរ
សំរាមនៅតំបន់ទេសចរណ៍សក្ដានុពល ក៏ជាកង្វល់របស់អ្នករៀបចំដំណើរកម្សាន្តបែបផ្សងព្រេងម្នាក់ទៀតដែរ គឺលោក សៀង មករា។ លោក សៀង មករា តាមការសង្កេត របស់លោក មករា កន្លែងដែលមានទេសភាពស្អាត តែងមានសំរាម ដោយសារការបោះចោល និងទម្លាប់មិនចេះវេចខ្ចប់របស់មនុស្ស។ តែយ៉ាងណាក៏ដោយ លោក សៀង មករា ថាអ្នកដែលចោលសំរាមភាគច្រើន ជាពលរដ្ឋដែលមកពីទីជនបទ។ លោក សៀង មករា លើកឡើងបែបនេះ៖ «អ្វីដែលខ្ញុំតាមដានពីបញ្ហាសំរាម ខ្ញុំឃើញថា ប្រជាជនមកពីទីក្រុងមានការថែរក្សាអនាម័យបានល្អ ដោយមានការវេចខ្ចប់ត្រឹមត្រូវ។ តែអ្វីដែលខ្ញុំតាមដាន និងសង្កេតច្រើនឆ្នាំ សំរាមច្រើនតែកើតចេញពីពលរដ្ឋជាយុវជននៅតាមជនបទ ដែលទៅកម្សាន្តហើយបន្សល់ទុកសំរាមនៅទីនោះ»។
សូមបញ្ជាក់ថា ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ ៤លានតោន ក្នុងនោះ ៦៥% ជាសំណល់សររីរាង្គ ២០% ជាសំណល់ថង់ប្លាស្ទិក និងនៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងៗ។ នេះបើតាមក្រសួងបរិស្ថាន៕
Tag:
ទេសចរណ៍
ធម្មជាតិ
អនាម័យ
សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com