អន្តរជាតិ
​បច្ចេកវិទ្យា
ហេតុអ្វី​បានជា Airbus ក្លាយជា​គូប្រជែង​ដ៏​សកម្ម​ជាមួយ Boeing ?
25, Apr 2020 , 8:30 am        
រូបភាព
 បើ​លោកអ្នក​ឧស្សាហ៍​ធ្វើដំណើរ​តាម​អាកាស ជារួម​លោកអ្នក​ប្រាកដជា​ធ្លាប់ធ្វើ​ដំណើរ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​ពីរ​ផ្សេងគ្នា​គឺ Airbus ឬ Boeing ។ សព្វថ្ងៃ ការប្រកួតប្រជែង​រវាង Airbus និង Boeing គឺជា​ការប្រកួតប្រជែង​ទីផ្សារ​មួយ​យ៉ាងសកម្ម​ខ្លាំងណាស់ ប្រៀបបាន​ដូចគ្នា​ជាមួយនឹង​ការប្រកួតប្រជែង​នៃ​វិស័យ​ផ្សេងៗ​ទៀត​មានដូចជា Coca-Cola ជាមួយនឹង Pepsi, Ford ជាមួយនឹង GM, ឬ McDonald’s ជាមួយនឹង Burger King ជាដើម​។

 
​ទោះបីជា​ដូច្នេះ​មែន​ក្តី គេហទំព័រ Business Insider បានធ្វើការ​ពន្យល់ថា កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន ឧ​ហ្សា​កម្ម​ផលិត​យន្តហោះ​លើ​ពិភពលោក​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ផ្សេងៗ​ដទៃទៀត​។ ក្នុងនោះ​មានដូចជា McDonnell Douglas, BAe, Saab, Lockheed, Fokker ឬ Convair ជាដើម​។ ចំពោះ Boeing ក្រុមហ៊ុន​មួយ​នេះ​ត្រូវបាន​គេ​ស្ថាបនា​ឡើង​តាំងពី​ឆ្នាំ​១៩១៦​មកម្ល៉េះ ដែល​សព្វ​ថ្ងៃជា​ក្រុមហ៊ុន​ឧស្សាហកម្ម​មហិមា​មួយ​របស់​សហរដ្ឋអាមេរិក​។ ចំណែកឯ Airbus វិញ ត្រូវបាន​បង្កើតឡើង​ដោយ​កិច្ចព្រមព្រាង​រវាង​ប្រទេស​បារាំង ចក្រភព​អង់គ្លេស និង​អាល្លឺម៉ង់ នៅក្នុង​ឆ្នាំ​១៩៦៧ ក្នុងការ​ពង្រីក​វិសាលភាព​ឧស្សា​កម្ម​ផលិត​យន្តហោះ​នៅក្នុង​តំបន់​នៃ​ទ្វីបអឺរ៉ុប​។ 
 
Airbus គឺជា​ការចាក់​បញ្ចូល​គ្នា​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​ទ្វីបអឺរ៉ុប ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​នៅ​តំបន់ Toulouse ប្រទេស​បារាំង​។ ប្រភេទ​យន្តហោះ​ដំបូង A300 របស់ Airbus ត្រូវបាន​ចាប់ផ្តើម​ផលិត​ជាមួយនឹង​បញ្ហា​ជាច្រើន​។ ដំបូង​ឡើយ​ម៉ាស៊ីន​យន្តហោះ RB211 របស់ Rolls-Royce មិនមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ផ្ទេរ​ថាមពល​ទៅកាន់​យន្តហោះ​ប្រភេទ A300 ថ្មី​នេះ ជាមួយនឹង​កៅអី​អ្នកដំណើរ​ចំនួន​៣០០​កៅអី​។ 
 
​ក្រោយមក Airbus ក៏បាន​ទិញយក​ម៉ាស៊ីន​យន្តហោះ​ពី​ក្រុមហ៊ុន GE និង Pratt & Whitney រួច​កាត់បន្ថយ​ចំនួន​កៅអី​ពី​៣០០ មកកាន់​២៥០​វិញ​។ នៅក្នុង​ឆ្នាំ​១៩៦៨ ក្រុមហ៊ុន​មួយចំនួន​របស់​ចក្រភព​អង់គ្លេស​បាន​កាត់បន្ថយ​ការវិនិយោគ​របស់ខ្លួន ដោយសារតែ​ការចំណាយ​មាន​កំណើន​ហួស​ពី​ការរំពឹងទុក​លើ​ការពិសោធន៍​យន្តហោះ​ប្រភេទ​ថ្មី​មួយទៀត​មាន​ឈ្មោះថា Concorde ។ នៅក្នុង​ឆ្នាំ​១៩៧០ ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នៃ​ក្រុមហ៊ុន Airbus ត្រូវបាន​បង្កើតឡើង​ដោយមាន​ឈ្មោះថា​«Airbus Industrie»​។ 
 
Airbus បានចាប់ផ្តើម​ផលិត​យន្តហោះ​របស់ខ្លួន​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប ទាំង​ខាង​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​លោហៈធាតុ​ដែល​គេ​យកមក​ផលិត​ជា​គ្រោង​យន្តហោះ​។ ផ្នែក​ផ្សេងៗ​នៃ​យន្តហោះ​ត្រូវបាន​ផលិតឡើង​នៅតាម​ប្រទេស​នានា​នៃ​ទ្វីបអឺរ៉ុប រួច​ដឹកជញ្ជូន និង​ផ្គុំ​សម្រេច​នៅក្នុង​ប្រទេស​បារាំង​។ បារាំង​មាន​តួរ​នាទី​ក្នុង​ការផលិត​បន្ទប់​បើកបរ ប្រព័ន្ធ​បញ្ជា​យន្តហោះ និង​ផ្នែក​ខាងក្រោម​តួរ​យន្តហោះ​។ អាល្លឺម៉ង់​ផលិត​ផ្នែក​ខាងមុខ ក្រោយ និង​លើ នៃ​តួរ​យន្តហោះ​។ ចក្រភព​អង់គ្លេស​ផលិត​ស្លាប ចំណែកឯ​អេ​ស្ប៉ា​ញ​ផលិត​កន្ទុយ​បញ្ឈរ​យន្តហោះ​ខាងក្រោយ​។ 
 
​ដំបូង​ឡើយ Airbus ផលិត​ប្រភេទ A300 របស់ខ្លួន​មិនមែន​សម្រាប់​ប្រកួតប្រជែង​ទីផ្សារ​ជាមួយនឹង Boeing នោះទេ​។  ជាមួយនឹង​យន្តហោះ​ទំហំ​មធ្យម​ដែល​ខ្លួន​កំពុង​ដែលមាន​នេះ Airbus តម្រង់ទិស​ប្រកួតប្រជែង​របស់ខ្លួន​ជាមួយនឹង​ប្រភេទ DC-10 និង Lockheed L-1011 ។ Airbus បាន​យក​យន្តហោះ​របស់ខ្លួន​ទៅ​បង្ហាញ​ទៅកាន់​ទីផ្សារ​ពិភពលោក តែ​មិនបាន​ទាក់ទាញ​ទីផ្សារ​របស់​សហរដ្ឋ​អា​មេ​រីក​នោះទេ​។ នៅក្នុង​ឆ្នាំ​១៩៧៨ Airbus បាន​ឲ្យ​យន្តហោះ A300 របស់ខ្លួន​ចំនួន​៤​គ្រឿង​ទៅកាន់​ក្រុមហ៊ុន​អាកាសចរណ៍ Eastern Airline នៃ​សហរដ្ឋ​អា​មេ​រីក​សាកល្បង​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​ក្នុង​រយៈពេល​៦​ខែ​។ ក្រោយពី​ការប្រើប្រាស់​ដោយ​សាកល្បង​នេះ ក្រុមហ៊ុន Eastern Airline ពេញចិត្ត និង​ចុះ​កុងត្រា​កុម្ម៉ង់​ទិញយក A300 ចំនួន​២៣​គ្រឿង​ពី Airbus ។ 
 
​នេះ​ជា​លើកដំបូង​នៃ​ទីផ្សារ Airbus បាន​រីកដុះដាល​ទៅក្នុង​សហរដ្ឋ​អា​មេ​រីក​។ នៅក្នុង​អំឡុងពេល​ដដែល​នេះ Boeing មិនទាន់បាន​ផ្តោតអារម្មណ៍​លើ​ការផលិត​យន្តហោះ​ខ្នាត​មធ្យម​ដូច Airbus នោះទេ​។ រហូតមកទល់​ឆ្នាំ​១៩៨១ ដែល​យន្តហោះ​ធុន​មធ្យម​របស់ Boeing ដែលមាន​ឈ្មោះថា 767-200 អាច​ចូល​បម្រើការ​ក្នុង​ទីផ្សារ​បាន​។ 
 
​ជំនាន់​ក្រោយៗ​របស់ A300 ក្នុងនោះ​មានដូចជា A320 បាន​ផ្លាស់ប្តូរ​មុខមាត់​របស់​ក្រុមហ៊ុន Airbus យ៉ាង​ពេញទំហឹង​។ A320 នេះ​បាន​ក្លាយជា​គូរ​ប្រកួត​ប្រជៀ​ង​ជាមួយនឹង Boeing 737 ។ ក្នុង​ឆ្នាំ​១៩៨១ ក្រុមហ៊ុន Air France បាន​ជាវ​យន្តហោះ​ប្រភេទ A320 ចំនួន​២៥​គ្រឿង​ទាំង​មុនពេល​ដែល​ផលិតកម្ម​បានចាប់ផ្តើម​។ មកទល់​សព្វថ្ងៃ យន្តហោះ A320 ជាង​១៤​ពាន់​គ្រឿង​ត្រូវបាន​ក្រុមហ៊ុន​អាកាសចរណ៍​នានា​លើ​ពិភពលោក​ជាវ​មកប្រើប្រាស់​។ A320 មាន​លក្ខណៈ​ទំនើប​ជាមួយនឹង​ប្រព័ន្ធ​អេក្រង់​អេ​ឡិច​ត្រូ​និ​ច ការបើកបរ​ជំនួញ​ដោយ​ប្រព័ន្ធ​កំ​ព្យូ​ទ័​រ (Fly-by-Wire) ។ ក្រោយមក ប្រភេទ A330 ក៏បាន​នាំយក​ចំណូល​ជាច្រើន​ទៀត​ទៅកាន់ Airbus ផងដែរ​។ 
 
​ដោយហេតុនេះ Boeing បានចាប់ផ្តើម​បាត់បង់​ទីផ្សារ​របស់ខ្លួន​បន្តិច​ម្តងៗ​នៅក្នុង​ឆ្នាំ​១៩៩៦​។ Boeing បាន​ចុះ​កុងត្រា​ពិសេស​រវាង​ខ្លួន និង​ក្រុមហ៊ុន​អាកាសចរណ៍ American Airline ជា​អតិថិជន​ផ្តាច់មុខ​ក្នុង​រយៈពេល​២០​ឆ្នាំ​ជាមួយនឹង​ការបន្ថយ​តម្លៃ​យន្តហោះ​របស់ខ្លួន​។ Boeing បាន​បន្តធ្វើ​ដូច្នេះ​ជាមួយ​ក្រុមហ៊ុន Delta និង Continental ។ នៅក្នុង​ឆ្នាំ ១៩៩៧ Boeing បាន​ទិញយក McDonnell Douglas ក្នុងតម្លៃ​១៣​ពាន់​លាន​ដុល្លារ​។ ក្នុង​ពេលនេះ Lockheed ក៏បាន​ចាប់ផ្តើម​ចាក់ចេញ​ពី​ទីផ្សារ​ប្រកួតប្រជែង​ផងដែរ បន្សល់ទុក​នូវ​ក្រុមហ៊ុន​ពីរ​ធំៗ​គឺ Airbus និង Boeing ។ 
 
​នៅក្នុង​អំឡុង​ដើមឆ្នាំ​២០១០ ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រីក​មួយចំនួន​បានចាប់ផ្តើម​បន្ត​ជាវ​យន្តហោះ​ពី Airbus បន្តទៀត​។ នៅ​ចុង​ទសវត្សរ៍​ទី​៩០ Airbus បានចាប់ផ្តើម​សិក្សា​លើ​ការផលិត​យន្តហោះ​ធុន​ធំ A380 ដើម្បី​ប្រកួត​ជាមួយនឹង​យន្តហោះ​ធុន​ធំ 747 របស់ Boeing ។ តែ A380 មិនបាន​ទាក់ទាញ​ទីផ្សារ​របស់​ពិភពលោក​ដូចដែល​បាន​រំពឹងទុក​នោះទេ​។ 
 
A380 ចំនួន​២៩០​គ្រឿង​ប៉ុណ្ណោះ​ត្រូវបាន​លក់​ចេញទៅ​ក្រៅ​។ ជាមួយនឹង​ជំនាន់​ថ្មី​របស់​ក្រុមគ្រួសារ A300,  Airbus A320neo និង A330neo បាន​វាយលុក​ទីផ្សារ​អាកាសចរណ៍​ម្តងទៀត ក្នុងអំឡុង​ពេលដែល 737 Max របស់ Boeing នៅ​កំពុងតែ​ជួប​បញ្ហា​ក្នុងការ​ហោះហើរ​ជាច្រើន​ទៀត ដោយសារតែ 737 Max បាន​ជួប​គ្រោះថ្នាក់​ទ្វេដង​ជាប់​គ្នា ក្នុង​រយៈពេល​ដ៏​ខ្លី​។ ទោះបីជា Boeing 737 Max ត្រូវបាន​គេ​ហាមឃាត់​មិន​ឲ្យ​ហោះហើរ​ដឹក​អ្នកដំណើរ​មែន ក៏​ក្រុមហ៊ុន​ទាំងពីរ​ខាងលើនេះ​នៅតែ​បន្ត​ជា​គូប្រកួត​ប្រជែង​នឹង​គ្នា​មកទល់​សព្វថ្ងៃ​៕

© រក្សាសិទ្ធិដោយ thmeythmey.com