COVID-19
អន្តរជាតិ
ចំនួន​ស្ត្រី​ដឹកនាំ​ជាច្រើន​នាក់​លើ​ពិភពលោក បានធ្វើការ​យ៉ាង​ប្រសើរ​ក្នុងការ​ទប់ស្កាត់​កូ​វីត​-១៩
25, Apr 2020 , 8:59 am        
រូបភាព
អធិការបតីរបស់ប្រទេសអាល្លឺម៉ង់ លោកស្រី អង់ជែឡា មើគែល (Angela Merkel)-AFP
អធិការបតីរបស់ប្រទេសអាល្លឺម៉ង់ លោកស្រី អង់ជែឡា មើគែល (Angela Merkel)-AFP
​នៅក្នុង​ប្រទេស​តៃវ៉ាន់ ការអន្តរាគមន៍​ដោយ​យកចិត្តទុកដាក់​ពី​រដ្ឋាភិបាល​បាន​កាត់បន្ថយ​ការឆ្លង​នៃ​វីរុស​កូ​វីត​-១៩​បាន​ដោយ​ជោគជ័យ​។ លើសពីនេះ ប្រទេស​តៃវ៉ាន់​បាន​នាំចេញ​ផលិតផល​ម៉ាស់​របស់ខ្លួន​រាប់លាន​បន្ទះ​ទៅកាន់​សហគមន៍​អឺរ៉ុប​បន្ថែមទៀត​។ ចំណែកឯ​នៅ​ប្រទេស​អាល្លឺម៉ង់​វិញ ការធ្វើ​តេស្ត​រក​វត្តមាន​កូ​វីត​-១៩​ដែលមាន​ទ្រង់ទ្រាយ​ធំជាងគេ​នៅ​អឺរ៉ុប​ត្រូវបាន​អនុវត្ត​ឡើង​រហូត​ទៅដល់​៣៥​ម៉ឺន​តេស្ត​ក្នុង​មួយថ្ងៃ​។​

 
​បើ​ងា​កមក​មើល​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​វិញ ការដាក់​បញ្ជា​ឲ្យ​ផ្អាក​ដំណើរការ​របស់​វិស័យ​ទេសចរណ៍ និង​ការបិទ​ប្រទេស​ចំនួន​មួយខែ បានធ្វើ​ឲ្យ​អ្នកស្លាប់​ពី​កូ​វីត​-១៩​នៅក្នុង​ប្រទេស​នោះ​មាន​ត្រឹមតែ​៩​ករណី​តែប៉ុណ្ណោះ​។ ប្រទេស​ទាំងបី​ដែល​បាន​រៀបរាប់​ខាងលើនេះ សុទ្ធសឹងតែ​បានធ្វើការ​អន្តរាគមន៍​ដោយ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស ទោះបីជា​ប្រទេស​ទាំងបី​នេះ​ស្ថិតនៅក្នុង​តំបន់​ផ្សេងៗ​គ្នា​នៃ​ពិភពលោក​ក៏ពិតមែន​។ នេះ​បើតាម​ការបកស្រាយ​ចេញពី​គេហទំព័រ​ទូរទស្សន៍ CNN នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១៦ ខែមេសា​។ 
 
​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ផងដែរ​នោះ​គឺថា ប្រទេស​ទាំងបី​ដែល​បាន​រៀបរាប់​ខាងលើ​សុទ្ធសឹងតែ​ស្ថិតនៅក្រោម​ការដឹកនាំ​ពី​សំណាក់​ស្ត្រីភេទ​។ ការកំណត់​វិធានការ​ទាន់ពេលវេលា​ដោយ​មេដឹកនាំ​នារី​នៅក្នុង​អំឡុង​នៃ​ការឆ្លង​វីរុស​កូ​វីត​-១៩ បានធ្វើ​ឲ្យ​មានការ​កត់សម្គាល់​យ៉ាងខ្លាំង បើទោះបីជា​ចំនួន​អ្នកដឹកនាំ​សំខាន់ៗ​លើ​ពិភពលោក​មាន​ប្រមាណ​តែ​៧​ភាគរយ​ប៉ុណ្ណោះ​ដែលជា​ភេទ​ស្រី​។ 
 
​ការសម្រេចចិត្ត​ច្បាស់លាស់ និង​រហ័ស​
 
​ប្រទេសមួយ​ចំនួន​ដែល​បាន​រៀបរាប់​ខាងលើ​សុទ្ធសឹងតែ​ជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ និង​មាន​ជំនឿ​ទុកចិត្ត​ខ្ពស់​ទៅលើ​រដ្ឋាភិបាល​ពី​សំណាក់​មហាជន​។ នៅ​ចំពោះមុខ​នៃ​ការឆ្លង​វីរុស ពួកគេ​បាន​អនុវត្ត​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ ផ្តល់​សេវាកម្ម​វេជ្ជសាស្ត្រ​ដែលមាន​គុណភាព និង​ទូលំទូលាយ យកចិត្តទុកដាក់​ខ្លាំង​ក្នុងការ​តាមដាន​ចលនា​វីរុស ឬ ការផ្អាក​ចលនា​របស់​មនុស្ស​នៅក្នុង​ទីសាធារណៈ​ក្នុង​កម្រិត​តឹងរឹង​ជាដើម​។ 
 
​ប្រធានាធិបតី​ប្រទេស​តៃវ៉ាន់ លោកស្រី សៃ អ៊ីង​វេន (Tsai Ing-wen) ក្រោយពី​បានទទួល​ដំណឹង​ពី​ការរីក​រាលដាល​ដំបូង​នៃ​កូ​វីត​-១៩ នៅឯ​ទីក្រុង​វូ​ហាន​នៃ​ប្រទេស​ចិន​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៩ បាន​បញ្ជា​ឲ្យ​បានការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ទៅលើ​ជើងហោះហើរ​ធ្វើដំណើរ​មកពី​ទីក្រុង​មួយ​នេះ ចូលមក​កាន់​ដែនដី​កោះ​តៃវ៉ាន់​។ ក្រោយមក លោកស្រី​បាន​បង្កើត​ទីបញ្ជាការ​គ្រប់គ្រង​ជំងឺ​អាសន្នរោគ បន្ថែម​ការផលិត​សម្ភារៈ​វេជ្ជសាស្ត្រ និង​ដាក់​កម្រិត​លើ​ជើងហោះហើរ​ពី​ប្រទេស​ចិន ទីក្រុង​ម៉ា​កាវ និង​ហុងកុង​។ ជា​លទ្ធផល ប្រទេស​តៃវ៉ាន់​បាន​រកឃើញ​ករណី​ឆ្លង​កូ​វីត​-១៩ តែ​៣៩៣​ករណី និង​អ្នកស្លាប់​៦​ករណី​ប៉ុណ្ណោះ នៅក្នុង​ដែនដី​ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ​២៤​លាន​នាក់ និង​មាន​ទីតាំង​ភូមិសាស្ត្រ​ក្បែរ​គ្នា​ជាមួយនឹង​ប្រទេស​ចិន​។​
 
​ធ្វើដំណើរ​មកកាន់​ទ្វីបអឺរ៉ុប​វិញ ប្រទេស​អាល្លឺម៉ង់ ជាមួយនឹង​ចំនួន​ប្រជាជន​សរុប​៨៣​លាន​នាក់ មាន​ករណី​ឆ្លង​ប្រមាណ​តែ​១៣២​ពាន់​នាក់​ប៉ុណ្ណោះ និង​មាន​តួរ​លេខ​អ្នកស្លាប់​ដោយ​កូ​វីត​-១៩​សឹងតែ​តិច​ជា​គេ​ក្នុងចំណោម​មួយ​លាន​នាក់ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ទ្វីបអឺរ៉ុប​។ អធិការបតី​របស់​ប្រទេស​អាល្លឺម៉ង់ លោកស្រី អង់​ជែ​ឡា មើ​គែល (Angela Merkel) បានទទួល​កំនើន​កើនឡើង​យ៉ាងខ្ពស់​នៃ​អត្រា​គាំទ្រ ទៅលើ​សមត្ថភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​វីរុស របស់លោក​ស្រី​។ 
 
​បន្ត​មក​មើល​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ដែល​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ នៅក្នុង​ទ្វីបអូសេអានី​វិញ លោកស្រី​នាយករដ្ឋមន្ត្រី ចា​ស៊ីន​ដា អា​ឌើ​ន (Jacinda Ardern) បានប្រកាស​បិទ​ការធ្វើដំណើរ​ចូល​នៃ​ជនជាតិ​បរទេស និង​ការប្រកាស​បិទ​ប្រទេស​រយៈពេល​៤​សប្តាហ៍ ផ្អាក​ការងារ​ដែល​មិនសូវ​សំខាន់ លើកលែងតែ​ការធ្វើដំណើរ​ទៅ​ទិញ​អាហារ និង​ការហាត់​ប្រាណ​ក្បែរ​ផ្ទះ​។ ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​បាន​រកឃើញ​ករណី​ឆ្លង​ប្រមាណ​តែ​១៣០០​ករណី​ប៉ុណ្ណោះ ជាមួយនឹង​អ្នកស្លាប​ចំនួន​៩​ករណី​។ 
 
​ប្រទេស​ខាងជើង​អឺរ៉ុប 
 
​ក្រុម​នៃ​ប្រទេស​ខាងជើង​ទ្វីបអឺរ៉ុប ឬ Nordic Countries ទាំង​៥​ប្រទេស ដែល​ក្នុងនោះ​៤​ប្រទេស​ត្រូវបាន​ដឹកនាំ​ដោយ​ស្ត្រី បាន​រក្សា​ចំនួន​ករណី​ស្លាប់​នៅ​តិចតួច បើ​ប្រៀបធៀប​ទៅ​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ទ្វីបអឺរ៉ុប​ដូចគ្នា​។ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ហ្វាំ​ង​ឡង់ លោកស្រី សា​ណា ម៉ា​រី​ន (Sanna Marin) អាយុ​៣៤​ឆ្នាំ បានរៀបចំ​ផែនការ​ប្រឆាំងនឹង​ការឆ្លង ឲ្យ​មក​ត្រឹមតែ​៥៩​ករណី​ស្លាប់​តែប៉ុណ្ណោះ ក្នុងប្រទេស​ដែលមាន​ប្រជាជន​៥.៥​លាន​នាក់​។ នាយករដ្ឋមន្ត្រី​ប្រទេស​អ៊ី​ស្លង់ លោកស្រី កា​ទ្រី​ន ចា​កូប​ស៍​ដូ​ធៀ (Katrín Jakobsdóttir) ជាមួយនឹង​ចំនួន​អ្នករស់នៅ​៣៦​ម៉ឺន​នាក់ បាន​អនុវត្ត​តេស្ត​រក​វត្តមាន​កូ​វីត​-១៩​។ លទ្ធផល​បាន​បញ្ជាក់ថា ប្រមាណ​ជា​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជនមាន​ផ្ទុក​វីរុស តែ​មិនទាន់​បានបង្ហាញ​សញ្ញា​។ អ៊ី​ស្លង់​ក៏បាន​ដាក់​វិធានការ​តឹងរឹង​ក្នុងការ​ទប់ស្កាត់​ការឆ្លង​នេះ​ភ្លាមៗ​ដែរ​។ ចំណែក​ប្រទេស​ស្វី​ដង់​វិញ ដែលជា​ក្រុម​ប្រទេស​ខាងជើង​ទ្វីបអឺរ៉ុប ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ស្តេ​ហ្វា​ន់ ឡូ​ហ្វ​វេន (Stefan Löfven) មិនបាន​អនុវត្ត​ការបិទ​ប្រទេស​ទាន់ពេលវេលា និង​បន្ត​ឲ្យ​គ្រឹះ​ដ្ឋា​ន​សិក្សា និង​អាជីវកម្ម​ផ្សេងៗ​ទៀត​ដំណើរការ​ជាធម្មតា​។ ជា​លទ្ធផល ចំនួន​អ្នកស្លាប់​នៅក្នុង​ប្រទេស​ស្វី​ដង់​បាន​កើនឡើង​សឹងតែ​ខ្ពស់​ជាងគេ​នៅក្នុង​ទ្វីបអឺរ៉ុប​។ 
 
​មេដឹកនាំ​បុរស​ដែល​មិនមាន​ភាពជឿជាក់​លើ​វិទ្យាសាស្ត្រ 
 
​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ពិតជា​បាន​កាត់បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​បានល្អ​គួរ​ជាទី​កត់សម្គាល់​មែន​។ ប៉ុន្តែ​ប្រទេស​មួយចំនួន​ជាច្រើន​ទៀត ដឹកនាំ​ដោយ​មេដឹកនាំ​បុរស​ដែល​មិនមាន​ភាពជឿជាក់​លើ​ទិន្នន័យ​វិទ្យាសាស្ត្រ បានធ្វើ​ឲ្យ​ប្រទេស​របស់ខ្លួន​ទទួលរង​ការឆ្លង​យ៉ាងធ្ងន់ធ្ងរ គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​។ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ មិនបាន​យកចិត្តទុកដាក់​ជាមួយនឹង​ការឆ្លង​នេះ​ទេ បើទោះបីជា​មានការ​ព្រមាន​បញ្ជាក់​ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់​ក្តី​។ សហរដ្ឋអាមេរិក​មាន​អ្នកស្លាប់​ប្រមាណ​ជា​២៥​ពាន់​នាក់ និង​អ្នក​ឆ្លង​ប្រមាណ​ជា​កន្លះ​លាន​នាក់​ទៀត​ពី​វីរុស​កូ​វីត​-១៩​។ នាយករដ្ឋមន្ត្រី​ប្រទេស​អង់គ្លេស លោក បូរី​ស ច​ន​សុន ក៏​មិនបាន​អនុវត្ត​វិធានការ​ទាន់ពេលវេលា​ផងដែរ ក្នុងអំឡុង​ពេលដែល​ប្រទេស​ផ្សេងៗ​ទៀត​នៅក្នុង​ទ្វីបអឺរ៉ុប​កំពុងតែ​អនុវត្ត​វិធីសាស្ត្រ​ការពារ​រៀងៗ​ខ្លួន​។ ការ​រាលដាល​នៃ​កូ​វីត​-១៩​អាច​នឹងមាន​លក្ខណៈ​ធូរស្រាល​ជា​នេះ​ប្រសិនបើ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង មិនបាន​អនុញ្ញាត​ឲ្យ​ប្រជាជន​ទីក្រុង​វូ​ហាន​ប្រមាណ​៥​លាន​នាក់​ធ្វើដំណើរ​ចេញ​ក្រៅ មុន​ពេលដែល​ទីក្រុង​នោះ​ត្រូវបាន​គេ​ប្រកាស​ឲ្យ​បិទ​។​
 
​តើ​គួរតែមាន​វត្តមាន​មេដឹកនាំ​ស្ត្រី​ជាច្រើនរូប​ទៀត​ឬ​?
 
​គេ​ពិបាក​នឹង​និយាយ​ខ្លាំងណាស់​ថា តើ​មេដឹកនាំ​រូប​ណា​បាន​បោះជំហាន​ត្រឹមត្រូវ​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​ការឆ្លង​មួយ​នេះ​។ ប៉ុន្តែ​ដោយយោង​តាម​ឧទាហរណ៍​ខាងលើ ចំនួន​មេដឹកនាំ​ជា​ស្ត្រី​ដែល​បាន​អនុវត្ត​វិធានការ​ច្បាស់លាស់​ភ្លាមៗ​ពិត​ជាមាន​ច្រើន​រូប​។ ចំនួន​ដ៏​តិចតួច​នៃ​មេដឹកនាំ​ជា​ស្ត្រី ដោយ​ធៀប​ជាមួយនឹង​បុរស មក​ត្រឹម​ពេលនេះ​បានបង្ហាញ​ពី​ភាពជោគជ័យ​ក្នុងការ​ទប់ស្កាត់​ការឆ្លង​នៃ​វីរុស​កូ​វីត​-១៩​។ នេះ​ក៏បាន​បង្ហាញ​ផងដែរ​ថា សមភាព​យេនឌ័រ​រវាង​បុរស និង​ស្ត្រី​ពិតជា​មាន​ភាព​សំខាន់​ខ្លាំង​នៅក្នុង​ឆាក​ដឹកនាំ​អន្តរជាតិ​៕

© រក្សាសិទ្ធិដោយ thmeythmey.com