COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំ​ពិភពលោក និង​WHO សន្យា​ព​ន្លឿ​នរក​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង COVID-19
25, Apr 2020 , 7:39 pm        
រូបភាព
ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង។ រូបភាព៖ Reuters
ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង។ រូបភាព៖ Reuters
 មេដឹកនាំ​ពិភពលោក​ជាច្រើនរូប រួមគ្នា​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​សន្យា​ព​ន្លឿ​ន​ការផលិត​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នា​ថ្ងៃទី​២៤ ខែមេសា ។ ប៉ុន្តែ​ប្រទេស​ធំៗ​ដូចជា ចិន អាមេរិក រុស្ស៊ី ឥណ្ឌា មិនបាន​ចូលរួម​ក្នុង​វេទិកា ដែល​កើតចេញពី​គំនិត​ផ្តួចផ្តើម​របស់  WHO នេះឡើយ​។

​តាមរយៈ​គំនិត​ផ្តួចផ្តើម​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា «​កិច្ចសហការ​ដ៏​សំខាន់​» ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ COVID-19 ត្រូវបាន​មេដឹកនាំ​មកពី​បណ្តា​ប្រទេស​ធំៗ​ដូចជា ប្រធានាធិបតី​បារាំង លោក​អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​,​អធិការបតី​អាល្លឺម៉ង់ អ្នកស្រី អែន​ជែ​ឡា មឺ​ហ្គែ​ល និង​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក​Cyril Ramaphosa ជាដើម ចូលរួម តាមរយៈ Video Conference​។ 
 
​គំនិត​ផ្តួចផ្តើម​ថ្មី​នេះ បង្កើតឡើង​ដើម្បី​ព​ន្លឿ​ង​ដំណើរការ​អភិវឌ្ឍន៍​ផលិត​វ៉ាក់សាំង និង​ថ្នាំពេទ្យ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ COVID-19 ជាពិសេស​ដើម្បី​ធានា​ពី​ការទទួលបាន​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ស្នើ​គ្នា​រវាង​ប្រទេស​អ្នកក្រ និង​ប្រទេស​អ្នកមាន​។ 
 
​នាយក WHO លោក Tedros Adhanom Ghebreyesus បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​កំពុង​ប្រឈមមុខ​ការគំរាមកំហែង​រួមគ្នា​មួយ ដែល​យើង​អាច​ជម្នះ​បាន​តាមរយៈ​ការដោះស្រាយ​រួមគ្នា​»​។ 
 
​ដោយ​ធ្លាប់មាន​បទពិសោធ​ន៍ក​ន្ល​ង​មក ការទទួល​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ គឺ​មិន​ស្មើគ្នា​ឡើយ​រវាង​ប្រទេស​អ្នកមាន និង​អ្នកក្រ ដោយ​ប្រទេស​អ្នកមាន​ទទួលបាន​ច្រើនជាង​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក Tedros បាន​សន្យា​ធានាថា WHO នឹងមិន​អនុញ្ញាត​ឲ្យ​មាន​វិសមភាព ក្នុង​ការផ្តល់​វ៉ាក់សាំង​ទៅ​ប្រទេស​ក្រីក្រ និង​ប្រទេស​អ្នកមាន​កើតឡើង​ម្តង​ទៀតឡើយ​។ 
«​យើង​ត្រូវតែ​ប្រាកដថា​ប្រជាជន​ដែល​ត្រូវការ​វ៉ាក់សាំង គឺ​ទទួលបាន​វា​»​។ លោក Peter Sands ប្រធាន​មូលនិធិ​សកល​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ ជំងឺរបេង និង​គ្រុនចាញ់​បានលើកឡើង​បែបនេះ​។​
 
​យ៉ាងណាក៏ដោយ កិច្ចប្រជុំ​នេះ គឺ​មិនមាន​ភាគី​ចិន ឥណ្ឌា រុស្ស៊ី និង​អាមេរិក ចូលរួម​ឡើយ​។ ចិន ឥណ្ឌា រុស្ស៊ី មិនបាន​បញ្ជាក់​ពី​ហេតុផល​នោះទេ​។ ចំណែក​អាមេរិក មិន​ចូលរួម​កិច្ចប្រជុំ​នេះ ដោយសារតែ​ការមិនទុកចិត្ត​លើ WHO​។ 
 
​គិត​មក​ត្រឹម​ពេលនេះ ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី បាន​រីក​សាយភាយ​ទៅ​ប្រទេស និង​តំបន់​លើសពី ២១០ ខណៈ​អ្នកជំងឺ​សរុប​កើនឡើង​ជាង​២,៨​លាន​ករណី​។ ក្នុងនោះ​អ្នកស្លាប់​ជិត​២០​ម៉ឺន​ករណី និង​អ្នកជា​សះស្បើយ​ជិត ៨០​ម៉ឺន​ករណី​៕ 

Tag:
 WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com