អន្តរជាតិ
បច្ចេកវិទ្យា
មូលហេតុសំខាន់ៗមួយចំនួននៃការបង្កើតអង្គការ«NASA»
× បើគេនិយាយអំពីការស្រាវជ្រាវទៅលើអាកាសវិទ្យា និងលំហ គេមិនអាចបំភ្លេចអង្គការណាសារបស់សហរដ្ឋអាមេរិកបាននោះទេ។ ប្រមាណជាជាងកន្លះសតវត្សរ៍មុន អង្គការណាសាជាមួយនឹងក្រុមស្ថាប័នលំហជាច្រើនទៀត ដូចជា ESA របស់អឺរ៉ុប និង JAXA របស់ជប៉ុនបានប្រមូលទិន្នន័យសំខាន់ៗជាច្រើនអំពីពិភពដែលនៅជុំវិញខ្លួនរបស់យើង ជាមួយនឹងដំណើរផ្សងព្រេង និងការធ្វើតេស្តពិសោធន៍ពិសេសៗយ៉ាងច្រើន។
អង្គការណាសា (NASA) មានឈ្មោះពេញថា «National Aeronautics and Space Administration» ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៥៨។ គេហទំព័រប្រវត្តិសាស្ត្រ history.com បានបកស្រាយថា អង្គការណាសាមានតួរនាទីសំខាន់ក្នុងការដឹកនាំបេសកម្មជាទ្រង់ទ្រាយមនុស្ស និងម៉ាស៊ីនទៅកាន់បរិយាកាសភពផែនដី និងទៅកាន់លំហ។ អង្គការរដ្ឋាភិបាលមួយនេះបានបាញ់បង្ហោះផ្កាយរណបជាច្រើនប្រភេទក្នុងគោលបំណងក្នុងការធ្វើទំនាក់ទំនង សិក្សាពីធាតុអាកាស និងការផ្លាស់ប្តូរដទៃៗនៅលើស្រទាប់ផែនដី។
អង្គការណាសាក៏ត្រូវបានគេបង្កើតក្នុងការឆ្លើយតបទៅកាន់ការបាញ់បង្ហោះផ្កាយរណបដំបូងគេបង្អស់ (Sputnik 1) ដោយសហភាពសូវៀតផងដែរ ដែលជាគូប្រកួតប្រជែងជាមួយនឹងសហរដ្ឋអាមេរិក នាសម័យសង្គ្រាមត្រជាក់។ Sputnik គឺជាផ្កាយរណបជំនាន់ដំបូងគេបង្អស់ មានទម្ងន់ជាង៨២គីឡូក្រាម មានទំហំធំជាងបាល់ទះបន្តិច និងអាចធ្វើដំណើរតាមគន្លងជុំវិញភពផែនដីប្រមាណជា៩៨នាទីម្តង។ ផ្កាយរណបមួយនេះបានបង្កភាពភ្ញាក់ផ្អើល និងភាពព្រួយបារម្ភទៅកាន់រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក។
ដោយហេតុនេះ សហរដ្ឋអាមេរិកបានបង្កើតអង្គការណាសាឡើង ដើម្បីចូលរួមប្រលូកការប្រណាំងប្រជែងផ្នែកលំហវិទ្យាជាមួយនឹងសហភាពសូវៀត។ នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ១៩៥៧ សូវៀតបានបាញបង្ហោះផ្កាយរណបថ្មីមួយទៀតដែលមានឈ្មោះថា Sputnik 2 ដែលបានផ្ទុកសត្វឆ្កែញី Laika មួយក្បាលទៅជាមួយ។ ដោយអកុសល សត្វឆ្កែនោះបានងាប់ក្នុងពេលធ្វើដំណើរទៅកាន់លំហ។
នៅក្នុងខែធ្នូនៃឆ្នាំដដែល សហរដ្ឋអាមេរិកបានបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនលើកទីមួយមានឈ្មោះថា Vanguard តែរ៉ុកែតដែលបានបាញ់បង្ហោះផ្កាយរណបនោះបានផ្ទុះដោយចៃដន្យនៅពេលធ្វើដំណើរចេញពីទំនាញនៃភពផែនដី។ នៅដើមឆ្នាំ១៩៥៨ អង្គការណាសាបានបាញ់បង្ហោះផ្កាយរណប Explorer 1 ដោយជោគជ័យ។ ណាសាបានក្លាយជាយានជំនិះរបស់សហរដ្ឋអាមេរិកក្នុងការដណ្តើមជ័យលាភីឆ្នើមនៃការប្រកួតប្រជែងផ្នែកលំហវិទ្យា។
ឆ្នាំ១៩៦១ អតីតប្រធានាធិបតីអាមេរិក លោក John F. Kennedy បានប្រកាសទៅកាន់មហាជនថា សហរដ្ឋអាមេរិកនឹងបាញ់បង្ហោះមនុស្សដំបូងគេទៅកាន់ភពព្រះចន្ទ។ នៅក្នុងឆ្នាំ១៩៦៩ សហរដ្ឋអាមេរិក ក្រោមបេសកម្ម Apollo 11 បាននាំមនុស្សដំបូងពីរនាក់ គឺលោក Neil Armstrong និងលោក Buzz Aldrin ទៅឈានជើងចុះទៅកាន់ផ្ទៃនៃភពព្រះចន្ទ។ បន្ទាប់ពីបេសកម្ម Apollo អង្គការណាសាក៏បានអនុវត្តបេសកម្មជាច្រើនទៀតដូចជាការពិនិត្យមើលភពនានានៅក្នុងប្រព័ន្ធព្រះអាទិត្យ ព្រះអាទិត្យ ផ្កាយ ផ្កាយព្រះគ្រោះ អាចន៍ផ្កាយ ផ្កាយដុះកន្ទុយ លំហជ្រៅ ស្ថានីយអវកាសអន្តរជាតិ និងបាតុភូតវិទ្យាសាស្ត្រជាច្រើនទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com