អន្តរជាតិ
បច្ចេកវិទ្យា
ហេតុអ្វីពេលខ្លះពីលុតបង្ហូរសាំងយន្តហោះចោលពេលហោះហើរ?
× នៅក្នុងករណីចាំបាច់មួយចំនួន ពីលុតដែលបើកបរយន្តហោះដឹកអ្នកដំណើរមានសិទិ្ធក្នុងការបង្ហូរសាំងយន្តហោះចោលពីលើអាកាស។ ចុះបើសាំងជាធនធានមួយដ៏សំខាន់ មានតម្លៃថ្លៃ និងកម្រគួរសម ហេតុអ្វីបានជាពីលុតត្រូវបង្ខំចិត្តបង្ហូរសាំងចោល? តើអ្នកនៅលើដីគួរព្រួយបារម្ភដែរឬទេ?
មូលហេតុចំបងគឺដើម្បីធានាសុវត្ថិភាពរបស់អ្នកធ្វើដំណើរនៅលើយន្តហោះនោះ។ គេហទំព័រ howstuffswork.com បានពន្យល់ថា យន្តហោះដឹកអ្នកដំណើរប្រភេទមួយចំនួនត្រូវបានគេរចនាឡើងដោយទាមទារឲ្យមានទម្ងន់ស្រាលជាងនៅពេលចុះចត បើប្រៀបទៅកាន់ពេលធ្វើការត្រៀមហោះហើរ ពេលខ្លះរហូតទៅដល់ជាង៩០តោនខុសគ្នាឯណោះ ទើបយន្តហោះនោះអាចចុះចតដោយធានានូវសុវត្ថិភាពបាន។ មតិខ្លះអាចគិតថា ការចេញហោះហើរជាមួយនឹងទម្ងន់ធ្ងន់អាចបង្កភាពលំបាកដល់យន្តហោះ។ តែវាមិនមែនដូច្នេះរហូតនោះទេ។
យន្តហោះដែលចុះចតជាមួយនឹងទម្ងន់ធ្ងន់អាចបង្កឲ្យតួររបស់យន្តហោះ រួមទាំងកង់ទទួលសម្ពាធសង្កត់ខ្លាំង ងាយបង្កឲ្យមានហានិភ័យនានា។ យន្តហោះធុនតូចដូចជាប្រភេទ Airbus A320-200 អាចផ្ទុកសាំងរហូតទៅដល់ប្រមាណជាង២៣ពាន់លីត្រ ដោយអាស្រ័យលើរយៈចម្ងាយហោះ ស្ថានភាពផ្លូវអាកាស និងទម្ងន់ផ្ទុក។ ២៣ពាន់លីត្រមិនមែនជាទម្ងន់សាមញ្ញប៉ុន្មាននោះទេ។
តែមុនពេលដែលយន្តហោះជិតទៅដល់គោលដៅដែលបានព្រាងទុក យន្តហោះនោះនឹងបានប្រើប្រាស់សាំងរបស់ខ្លួនអស់មួយចំនួនធំរួចមកហើយ ដែលបានធ្វើឲ្យយន្តហោះមានទម្ងន់ស្រាលជាងមុន និងមានសុវត្ថិភាពក្នុងការចុះចត។ ប៉ុន្តែការហោះហើរលើអាកាសមិនប្រព្រឹត្តិទៅដោយរលូនគ្រប់ពេលវេលានោះទេ។ ពេលខ្លះការចុះចតដោយអាសន្នត្រូវបានគេធ្វើឡើងដោយហេតុផលសំខាន់ៗនានា ពេលខ្លះទោះបីជាទើបតែចេញផុតពីអាកាសយានដ្ឋានភ្លាមក៏ពិតមែន។
ហេតុដូចនេះ ពីលុតត្រូវហោះហើរត្រលប់ទៅអាកាសយានដ្ឋានវិញជាមួយនឹងបរិមាណសាំងនៅពេញល្អ។ តែគេមិនអាចចុះចតដោយសុវត្ថិភាពជាមួយនឹងទម្ងន់សាំងដ៏ធ្ងន់នេះទេ។ ពីលុតមានជម្រើសផ្សេងៗដូចជាការហោះក្រឡឹងទៅវិញទៅមកដើម្បីចំណាយសាំងដែលមាន ឬគេអាចបង្ហូរសាំងទាំងនោះចោលភ្លាមៗ។ តែនៅក្នុងកាលៈទេសៈអាសន្នខ្លាំង ការហោះក្រឡឹងមិនមែនជាជម្រើសល្អនោះទេ។
ពីលុតគ្រាន់តែកាច់កុងតាក់តូចមួយក្នុងកន្លែងបើកករ រួចសាំងជាច្រើនពាន់លីត្រនឹងហូរចេញពីធុងសាំងនៅតាមស្លាបទាំងពីរយ៉ាងងាយក្នុងមួយនាទីៗ។ ការព្រមព្រាងគ្នារវាងអ្នកគ្រប់គ្រងដែនអាកាសនៅតាមអាកាសយានដ្ឋាន និងពីលុតត្រូវបានធ្វើឡើងមុនពេលដែលយន្តហោះអាចបង្ហូរសាំងបាន។ ចុះវាបង្កផលអាក្រក់ដល់អ្នកនៅលើដីដែរឬទេ?
ភាគច្រើនវាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរប៉ុន្មាននោះទេ ម្យ៉ាងវិញទៀតការបង្ហូរសាំងយន្តហោះក៏មិនកើតឡើងជាញឹកញាប់ដែរ។ ជារួម សាំងដែលហូរចេញមកនឹងហួតទៅវិញនៅក្នុងបរិយាកាស ជាពិសេសនៅពេលមេឃក្តៅ។ រយៈកម្ពស់ដែលល្អសម្រាប់ពីលុតក្នុងការបង្ហូរសាំងគឺខ្ពស់ជា១៥០០ម៉ែត្រពីដី។ តែបើគ្មានជម្រើសនោះទេ ពីលុតត្រូវបង្ខំចិត្តទាមទារចុះចតទាំងលើសទម្ងន់។ វាមិនប្រាកដថានឹងបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរនោះទេ តែការធ្វើដូចនេះទាមទារឲ្យមានការពិនិត្យមើល និងជុសជួលផ្នែកមួយចំនួននៃយន្តហោះ ដែលពេលខ្លះអាចចំណាយថវិកាច្រើនជាងការបង្ហូរសាំងចោលនៅលើអាកាសទៅទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com