រកឃើញ​គ្រឹះ​កំពែង និង​ខ្លោងទ្វារ​ប្រាសាទលលៃ កប់​ក្រោម​គ្រឹះ​សំណង់​ថ្មី
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រកឃើញ​គ្រឹះ​កំពែង និង​ខ្លោងទ្វារ​ប្រាសាទលលៃ កប់​ក្រោម​គ្រឹះ​សំណង់​ថ្មី
25, Apr 2020 , 6:59 pm        
រូបភាព
​សៀមរាប​៖ ក្រុមការងារ​កំណាយ បាន​ប្រទះឃើញ​គ្រឹះ​កំពែង និង​ខ្លោងទ្វារ​របស់​ប្រាសាទលលៃ កប់​ក្រោម​គ្រឹះ​សំណង់​កុដិ​។ សំណង់​កុដិ​ថ្មី​នេះ ត្រូវបាន​អាជ្ញាធរ​សម្របសម្រួល​ឲ្យ​រុះរើ​ទៅខាង​ក្រោម ដើម្បី​ឲ្យ​ក្រុមការងារ​ផ្នែក​កំណាយ អាច​រៀបចំ និង​ជួសជុល​ខឿន​ប្រាសាទបុរាណ ដែល​សង់​នៅ​ចុង​ស​.​វ​ទី​៩​មួយ​នេះ​។ ខឿន​ប្រាសាទលលៃ បាន​រង​ការខូចខាត ដោយសារតែ​ការសង់​សំណង់​ផ្សេងៗ​លើ​។ ក្រៅពីនេះ ប្រាសាទ​ក៏​ទ្រុឌទ្រោម​ទៅតាម​អាយុកាល និង​ការបំផ្លាញ​ពី​ធម្មជាតិ​ផងដែរ​។​

 
​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖
 
 
​ប្រាសាទលលៃ សង់​ឡើង​ក្នុង​រាជ្យ​ព្រះបាទ​យ​សោ​វរ្ម័នទី​១ នា​អំឡុង​ឆ្នាំ ៨៩៣ នៃ​គ​.​ស ឧ​ទិ​ស្ទ​ថ្វាយ​ព្រហ្មញ្ញសាសនា និង​ឧ​ទិ​ស្ទ​ដល់​បុព្វការី​ជន​របស់​ព្រះបាទ​យ​សោ​វ​រ័​ន្ម​ទី​១​។ ប្រាសាទលលៃ ក៏ដូចជា​សំណង់​ប្រាសាទ​ឥដ្ឋ​ដទៃទៀត​ដែរ រង​ការខូចខាត​ជាច្រើន​ដោយសារ​អាយុកាល ការ​ពុកផុយ និង​ការបំផ្លាញ​ដោយ​ធម្មជាតិ​។​
 
​សង់​នៅលើ​ខឿន​២​ជាន់ ប្រាសាទលលៃ បានទទួល​ការជួសជុល​ច្រើន​ឆ្នាំ​មកហើយ ដោយ​អ្នកជំនាញការ របស់​អាជ្ញាធរ​ជាតិ​អប្សរា​។ តែ​កន្លងមក គេ​បាន​ជួសជុល​ត្រឹម​តួ​ប្រាសាទ​ប៉ុណ្ណោះ​។ ថ្មីៗ​នេះ ក្រោយ​មានការ​សម្របសម្រួល ពី​ថ្នាក់ដឹកនាំ​គណៈសង្ឃ​ខេត្ត អាជ្ញាធរ​ជាតិ​អប្សរា រួម​នឹង​ភាគី​ពាក់ព័ន្ធ ធ្វើឱ្យ​គណៈកម្មការ​វត្ត​ប្រាសាទលលៃ សម្រេច​ព្រះទ័យ រុះរើ​កុដិ​ដែល​តាំង​លើ​ខឿន​ប្រាសាទ​ច្រើន​ឆ្នាំ​មកហើយ​នោះ ចុះទៅ​ផ្នែក​ខាងក្រោម ដោយ​ទុក​លទ្ធភាព ឱ្យ​អាជ្ញាធរ​ដើម្បី​រៀបចំ និង​ជួសជុល​កែលម្អ លើក​តម្លៃ​ឡើងវិញ​។​
 
​នៅ​ពាក់កណ្ដាល​ខែមីនា កន្លងទៅ គម្រោង​កំណាយ​ស្រាវជ្រាវ​ជា​លើកដំបូង នៅ​ប្រាសាទលលៃ​បានចាប់ផ្តើម នៅក្រោយ​សំណង់​កុដិ ដែល​ទើបនឹង​រុះរើ​ហើយ​។ ក្រុម​អ្នក​បុរាណ​វិទូ បាន​ប្រទះឃើញ​ស្លាកស្នាម​ច្រើន​ទីតាំង នៃ​រចនាសម្ព័ន្ធ​ប្រាសាទ ពិសេស​គឺ​គ្រឹះ​កំពែង និង​ខ្លោងទ្វារ​ប្រាសាទ​ឥដ្ឋ​មួយ​នេះ​។ 
 
​លោក ថូ ថុ​ន ប្រធាន​ក្រុម​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា នៃ​ប្រាសាទលលៃ​បានឱ្យដឹងថា កំណាយ​ស្រាវជ្រាវ​នៅទីនេះ ចាប់ផ្តើម​នៅ​ថ្ងៃទី​១៦ មីនា ហើយ​មកដល់ពេលនេះ បាន​បើក​រណ្ដៅ​បាន​ចំនួន​៤​ហើយ​។ រណ្ដៅ​នីមួយៗ បាន​បើក​នៅ​ទីតាំង​ផ្សេងគ្នា មាន​ទំហំ​ពី​២​ម៉​x៤​ម៉ និង​ខ្លះ​២​ម៉​x២​ម៉ ដើម្បី​ស្វែងរក​រចនាសម្ព័ន្ធ​ប្រាសាទ​។ លោក ថូ ថុ​ន ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖« រណ្ដៅ​ទី​១ បើក​ចំ​កំពែង​ខាងក្នុង​តែ​ប្រទះឃើញ​ភស្ដុតាង​តិចតួច រណ្ដៅ​ទី​២ ខិត​ទៅ​ខាងកើត​បន្ដិច​ឃើញ​មាន​កំពែង​ខាងក្នុង​មួយ​ដែលមាន​ក្បាច់លម្អ​ត្របកផ្កា​ឈូក​ផ្គាប់ ផ្ងារ​ខាងលើ​តិច​ធ្វើ​ពី​ឥដ្ឋ​គ្រឹះ​ធ្វើ​ពី​ថ្មបាយក្រៀម ព្យាយាម​តទៅ​ទី​៣ ខាងលិច​ចំ​អ័ក្ស​ប្រាសាទ យើង​ឃើញ​ខ្លោងទ្វារ​មាន​សសរ​ថ្មភក់​៤​ជា​ការ៉េ រីឯ​រណ្ដៅ​ទី​៤​យើង​ព្យាយាម​រក​ជ្រុង​កំពែង​»​។​
 
 
​ប្រាសាទលលៃ​បច្ចុប្បន្ន​មាន​ទីតាំងនៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង គឺជា​កោះ​ដ៏​ពិសិដ្ឋ​ស្ថិតនៅ​ចំ​កណ្តាល​បារាយណ៍​ឥន្ទ្រ​ត​ដាក (​បារាយណ៍​លលៃ​) នា​បុរាណកាល​។ ទីនេះ​បាន​ប្រែប្រួល​បន្តិច​ម្តងៗ​ដោយ​ការរៀបចំ​ថ្មី​និង​មាន​សំណង់​សាសនា​មួយចំនួន​តាម​សម័យកាល​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​នៅ​ចុងឆ្នាំ​២០១៩ សំណង់​សាសនា​ទាំងនោះ​ត្រូវបាន​សម្របសម្រួល​ឱ្យ​រុះរើ​ទៅ​សង់​នៅ​ផ្នែក​ខាងក្រោម​វិញ ដើម្បីឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើការ​អភិរក្ស​និង​ស្រាវជ្រាវ​បុរាណវិទ្យា​។​
 
​តាម​អ្នកជំនាញ តាំងពី​សម័យ​បារាំង​មក​ជិត​១០០​ឆ្នាំ​ហើយ ដែល​ពេលនោះ​បារាំង​បានរៀបចំ និង​អនុញ្ញាត​ឱ្យមាន​សំណង់​កុដិ​លើ​ខឿន​ប្រាសាទលលៃ តែ​ការរៀបចំ​នោះ​មិនមាន​ចេតនា​លុប​ឬ​បំផ្លាញ​គ្រឹះ​ប្រាសាទ​នេះ​ទេ​។ សំណង់​គ្រឹះ​ត្រូវបាន​រកឃើញ​ក្នុង​សភាព​រឹងមាំ​ច្រើន គ្រាន់តែ​សំណង់​ក្រោយៗ​មក​សង់​នៅលើ​ធ្វើឱ្យ​សំណង់​គ្រឹះ​បុរាណ​កប់​បាត់​ក្នុង​ដី​តែប៉ុណ្ណោះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ថូ ថុ​ន អ្នក​បុរាណវិទ្យា​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។​
 
 
​ក្នុង​កំណាយ​ស្រាវជ្រាវ​រកឃើញ​រចនា​សម្ព័ន្ធ​របស់​ប្រាសាទលលៃ​នេះ គឺជា​សញ្ញា​ដ៏​ល្អ​និង​មាន​សារសំខាន់​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ​។ លោក ថូ ថុ​ន ពន្យល់ថា កន្លងមក​គេ​នាំគ្នា​បំភ្លេចចោល​រាល់​រចនាសម្ព័ន្ធ​កំពែង​ប្រាសាទ ព្រោះថា​វា​បាន​កប់​បាត់​ច្រើន​ឆ្នាំ តែ​ពេលនេះ​ក្រោយ​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ​ជាតិ​អប្សរា និង​គណៈសង្ឃ​ខេត្ត ធ្វើឱ្យមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​រៀបចំ ឬ​ជួសជុល​ឡើងវិញ​រាល់​រចនាសម្ព័ន្ធ​នានា​។​
 
 
​លោក អ៊ា ដា​រិ​ទ្ធ អនុប្រធាននាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា លើកឡើងថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​អភិរក្ស​និង​ជួសជុល​ប្រាសាទលលៃ​តាំងពី​ឆ្នាំ​២០១៤​មក លើ​ផ្នែក​តួ​ប៉ម​ដោយសារ​ផ្នែក​ខាងក្នុង​មាន​ប្រហោង​អាច​ស្រុត និង​មាន​ស្នាម​ប្រេះ​មួយចំនួន​ផង​។ មកដល់ពេលនេះ ការងារ​ជួសជុល​ទាំងនោះ​សម្រេចបាន​ប្រមាណ​ជិត​១០០​ភាគរយ​ហើយ គឺ​វា​លែង​ប្រឈម​នឹង​ហានិភ័យ​ដូចពេលមុន​ទៀត​។​
 
​ជាមួយគ្នានេះ លោក អ៊ា ដា​រិ​ទ្ធ ក៏​មិន​ភ្លេច​កោតសរសើរ និង​អរគុណ​ដល់​គណៈកម្មកា​រ​វត្ត ក៏ដូចជា​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​សម្របសម្រួល​ឱ្យមាន​ការរុះរើ​សំណង់​កុដិ​ចុះមក​ខាងក្រោម ដោយ​ទុក​លទ្ធភាព​ក្នុងការ​អភិរក្ស​សំណង់​បេតិកភណ្ឌ​របស់​ជាតិ​បែបនេះ​។ ការលះបង់​នេះ គឺជា​គំរូ​មួយ​ដ៏​វិសេសវិសាល​របស់​វិស័យ​ពុទ្ធសាសនា​។​
 
​បន្ទាប់ពី​ការ​កំណាយ និង​ប្រទះឃើញ​បុរាណវត្ថុ​មួយចំនួន​នៃ​ប្រាសាទលលៃ ក៏មាន​ការជជែក​ថា តើ​ត្រូវ​រៀបចំ​ឡើងវិញ​ឬ​លុបរណ្ដៅ​កំណាយ​ឡើងវិញ ទាក់ទង​ចំណុច​នេះ​លោក ថូ ថុ​ន មាន​យោបល់​ថា លោក​ចង់ឱ្យមាន​ការរៀប​ចំ​និង​លើក​តម្លៃ​ឡើងវិញ​។ ពិសេស​ទៀត​នោះ គឺ​ត្រូវ​រៀបចំ​ប្លង់​ប្រាសាទ​ឡើងវិញ ត្រូវ​សិក្សា​បន្ថែម ដើម្បី​ចងក្រង​ឯកសារ​ទុក​ដល់​អ្នកជំនាន់ក្រោយ​៕
 
​រូបភាព​៖ អាជ្ញាធរ​ជាតិ​អប្សរា​
 
 
 
 
 









Tag:
 ប្រាសាទលលៃ​
  កំណាយ​ស្រាវជ្រាវ​
  អប្សរា​
© រក្សាសិទ្ធិដោយ thmeythmey.com