អន្តរជាតិ
​បច្ចេកវិទ្យា
ហេតុអ្វី​បានជា​សត្វ​ដុល​ហ្វី​ន​ចូលចិត្ត​ហែល​ក្បែរ​នាវា​?
25, Apr 2020 , 4:28 pm        
រូបភាព
​បើ​អ្នក​មានឱកាស​ក្នុងការ​ធ្វើដំណើរ​តាម​នាវា​នៅតាម​សមុទ្រ ទិដ្ឋភាព​ដ៏​កម្រ​មួយ​ដែល​អ្នក​អាច​ប្រទះ​គឺ​ក្រុម​សត្វ​ដុល​ហ្វី​ន​ហែល​ក្នុង​ល្បឿន​ដំណាលគ្នា​ជាមួយនឹង​នាវា​ដែល​អ្នក​កំពុងធ្វើដំណើរ​នោះ​។ ជារឿយៗ ដុល​ហ្វី​ន​ទាំងនោះ​ក៏​អាច​លោត​ចេញពី​ក្នុង​ទឹក​ដើម្បី​បង្ហាញ​ពី​សម្រស់​របស់​វា​ផងដែរ​។ គួរ​ឲ្យ​បញ្ជាក់​ផងដែរ​ថា «​ដុល​ហ្វី​ន​»​ទោះបីជា​ពួកវា​រស់នៅក្នុង​មជ្ឈដ្ឋាន​ទឹក និង​មាន​រូបរាង​ដូចជា​សត្វ​ត្រី​មែន​ក្តី តែ​អ្នកជំនាញ​បាន​ចាត់​ពពួកសត្វ​មួយ​នេះ​ជា​ក្រុម​«​ថនិកសត្វ​»​ស្រដៀង​គ្នា​នឹង​មនុស្ស​ដែរ ដែលមាន​លក្ខណៈ​មួយចំនួន​ដូចជា ការបង្កើត​កូន​ផ្ទាល់ (​មិន​ពង​ដូច​ត្រី​) ដកដង្ហើម​តាម​សួត និង​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​។ បើ​ងាក​ទៅរក​សំណួរ​ខាងដើម​វិញ ហេតុអ្វី​បានជា​សត្វ​ដុល​ហ្វី​ន​ចូលចិត្ត​ហែល​នៅ​ជិត​កប៉ាល់​?

 
​ដោយ​ផ្នែក​តាម​ការ​ប្រែ​សម្រួល​ពី​គេហទំព័រ animals.mom.me សត្វ​ដុល​ហ្វី​ន​គឺជា​សត្វ​ដែលមាន​ការគិត​ខ្ពស់​ជាស​ត្វ​ដទៃៗ​ជាច្រើន​ទៀត​។ ពួកវា​រស់នៅក្នុង​ទឹកជា​ក្រុម ដែលមាន​ការជួយ​មើលថែ​រទាំ​គ្នា​ទៅវិញទៅមក​។ វា​ក៏​ជា​សត្វ​ដែល​ចូលចិត្ត​សកម្មភាព​លេង​សប្បាយ​ផងដែរ​។ ហេតុផល​សំខាន់ៗ​មួយចំនួន​មានដូចជា​៖ 
 
​អាហារ​៖ មនុស្ស​បានធ្វើ​ដំណើរ​តាមផ្លូវ​ទឹក​អស់​រយៈពេល​ជាច្រើន​រយ​ឆ្នាំ​មកហើយ មិន​ថា​តាម​ក្បូន សំពៅ នាវា​ដើរ​ដោយ​អូស ឬ​ធ្យូងថ្ម​នោះទេ​។ ដុល​ហ្វី​ន​អាច​ហែល​នៅ​ជិត​នាវា​ទាំងនោះ​ក្នុង​គោលបំណង​មួយ​គឺ​ដើម្បី​រក​អាហារ​។ នៅពេល​ខ្លះ​អ្នកធ្វើដំណើរ​អាច​គប់​សាច់​មួយចំនួន​ចូលទៅក្នុង​ទឹក​។ 
 
​លេង​កម្សាន្ត​៖ ពេលខ្លះទៀត​វា​គ្មានអ្វី​ក្រៅពី​ការ​ហែល​កម្សាន្ត​លេង​នោះទេ​។ ដុល​ហ្វី​ន​ជាស​ត្វ​មួយ​ប្រភេទ​ដែល​ចូលចិត្ត​លេង​ផងដែរ ដូចជា​ការ​ហក់​ចេញពី​ទឹក​ដើម្បី​មើល​ទេសភាព​សមុទ្រ សត្វ​ដែល​រស់​នៅតាម​ផ្ទៃសមុទ្រ​ដទៃទៀត និង​ពេលខ្លះ​នាវា​ដែល​អ្នក​កំពុងធ្វើដំណើរ​នេះឯង​។ 
 
​ការចង់​ដឹង​៖ ដូចជា​បានបញ្ជាក់​ខាងលើ សត្វ​ដុល​ហ្វី​ន​ជា​សត្វ​ដែលមាន​ការគិត​ខ្ពស់ និង​មាន​ទំនោរ​ក្នុងការ​ចង់ដឹង​ជាង​សត្វ​ដទៃ​។ ពួកគេ​តែង​ហែល​ទៅរក​ស្ថានភាព​អ្វីមួយ​ដែល​ប្លែក ដើម្បី​ពិនិត្យ និង​រៀន​ពី​វា​។ នៅក្នុង​ករណីនេះ មានដូចជា​កប៉ាល់​ជាដើម​។  
 
​សន្សំ​កម្លាំង​៖ ពេលខ្លះ​ដុល​ហ្វី​ន​ប្រើប្រាស់​រលក​ដែល​បង្កើត​ដោយ​ក្បាល​នាវា​ក្នុង​ការជួយ​រុញ​ពូកគេ​ឲ្យ​ទៅមុខ និង​ប្រើប្រាស់​កម្លាំង​តិច​ជាមុន​។ ដូចគ្នា​ជាមួយនឹង​អ្នកជិះ​ស្គី​សមុទ្រ ដោយ​ប្រើប្រាស់​កម្លាំង​របស់​រល​ក​ធម្មជាតិ​ផងដែរ​។ ជាមួយនឹង​ការ​ហែល​ជិត​កប៉ាល់​នេះ ពួកគេ​អាច​ហែល​បាន​កាន់តែ​ឆ្ងាយ​ជាង​មុន​ច្រើន​គីឡូម៉ែត្រ​៕

© រក្សាសិទ្ធិដោយ thmeythmey.com