ជាតិ
សង្គមជាតិ
ក្រៅពី​បង្រៀន លោកគ្រូ លីវ សុខុម ឆ្លៀត​ភ្ញាស់​កូន​មាន់​លក់បាន​ប្រាក់​ពី​២-៤​លាន​រៀល​ក្នុង​មួយខែ​
25, Apr 2020 , 9:59 pm        
រូបភាព
 
​ភ្នំពេញ​៖ លោក លីវ សុខុម ជា​គ្រូបង្រៀន​មួយរូប​នៅក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ក្រៅពី​បង្រៀន លោកគ្រូ លីវ សុខុម ឆ្លៀតពេល​ភ្ញាស់​កូន​មាន់​លក់ ហើយ​ដែល​លោក​អាចមាន​ចំណូល​បន្ថែម​ពី​២-៤​លាន​រៀល​ក្នុង​មួយខែ​។​


​លោក លីវ សុខុម ជា​គ្រូបង្រៀន​ក្របខណ្ឌ​មួយរូប នៅ​ភូមិ​ភ្នៀ​ត សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ លោកគ្រូ សុខុម ក៏​ជា​អ្នកជំនាញ​ភ្ញាស់​កូន​មាន់​លក់​លើ​ទីផ្សារ​នានា​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​បណ្តា​ខេត្ត​នានា​ផងដែរ​។ តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោកគ្រូ សុខុម ចាប់ផ្ដើម​របរ​ភ្ញាស់​កូន​មាន់នៅ​ឆ្នាំ​២០១៦ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​ជំនាញ​ភ្ញាស់​កូន​មាន់ ពី​មន្ទីរជំនាញ និង​អង្គការ​ដៃ​នានា​។
   
រូបភាពពីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និ​ងនេសាទ ‬ 
​ផ្តើម​ពី​ចិញ្ចឹម​មាន់តែ​៣០​ក្បាល និង​ទទួល​បានកូន​បាន​ពី ២០០ ទៅ​៣០០​កូន​ក្នុង​១​ខែ លោក លីវ សុខុម បាន​បង្កើន​ចំនួន​មេមាន់​ជា​បន្តបន្ទាប់​។ បច្ចុប្បន្ន លោក​មាន​មាន់​មេ​ដល់​ទៅ​២០០​ក្បាល ដែល​អាច​ផ្ដល់​កូន​បាន​ប្រមាណ ២,៥០០​កូន​ក្នុង​មួយខែ​។  លោក លីវ សុខុម បញ្ជាក់​ដូច្នេះ​ថា​៖«​កូន​មាន់​ដែលមាន​អាយុ​៣​ថ្ងៃ មានតម្លៃ​៣៥០០៛, អាយុ​១០​ថ្ងៃ តម្លៃ​៤០០០៛»​។​
 
​របរ​បន្ថែម​នេះ បានផ្តល់​ចំណូល​ពី​២ ទៅ​៤​លាន​រៀល​ក្នុង​មួយខែ ដល់​លោក លីវ សុខុម​។ តាមរយៈ​ភាពជោគជ័យ​នៃ​របរ​ភ្ញាស់​កូន​មាន់​នេះ លោក លីវ សុខុម មាន​ទិសដៅ​ពង្រីក​ការ​ភ្ញាស់​ពងមាន់​ពី ១​ម៉ឺន​៥​ពាន់​ពង ទៅ​២​ម៉ឺន​ពង​ក្នុង​១​ខែ សម្រាប់​ផ្គត់ផ្គង់​ទាំង​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ទៅ​បណ្តា​ខេត្ត​នានា​ផងដែរ​។​នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដដែល​៕



Tag:
 កសិកម្ម​
 ​ឧ​ត្ត​រ​មានជ័យ​
 ​កូន​មាន់​
© រក្សាសិទ្ធិដោយ thmeythmey.com