ជាតិ
សង្គមជាតិ
ដំណាំ​ត្រប់​របស់​អ្នកស្រី ឈន ម៉ុ​ន ឆ្នាំនេះ​បាន​ថ្លៃ​ជាង​រាល់​ឆ្នាំ​
25, Apr 2020 , 10:59 pm        
រូបភាព
​សៀមរាប​៖ អ្នកស្រី ឈន ម៉ុ​ន កសិករ​នៅ​ភូមិ​គោក​ដូង សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប​។ កសិករ​រូបនេះ​កំពុង​ទទួលផល​ពី​ដំណាំ​ត្រប់វែង ដែល​អ្នកស្រី​ដាំ​លើដី​តូច​ល្មម​ក្បែរ​ផ្ទះ​។ ឆ្នាំនេះ ផលដំណាំ​ត្រប់​របស់​អ្នកស្រី ម៉ុ​ន លក់បាន​តម្លៃ​ថ្លៃ​ជាង​រាល់​ឆ្នាំ ដ្បិត​តម្រូវការ​កសិផល​ក្នុងស្រុក​មានការ​កើនឡើង ខណៈ​ដែរ​ទីផ្សារ​នាំចូល​បន្លែ​ក្រៅប្រទេស​មាន​ចំនួន​តិចតួច​។

 
​អ្នកស្រី ម៉ុ​ន បានបង្ហាញ​ទឹកមុខ​រីករាយ នៅពេលដែល​ត្រប់វែង​ដែល​អ្នកស្រី​ដាំ​ក្បែរ​ផ្ទះ លក់បាន​តម្លៃ​ខ្ពស់​ទ្វេរ​៣​ដង​បើ​ធៀប​នឹង​ឆ្នាំទៅ​។ ត្រប់វែង​មួយ​គីឡូ​ដែល​ឈ្មួញ​ប្រមូល​ទិញ​ក្នុងតម្លៃ​ពី​១២០០ ទៅ​១៥០០​រៀល ខណៈដែល​ឆ្នាំទៅ​មិញ លក់​បានតែ​៥០០​រៀល​ប៉ុណ្ណោះ​។ អ្នកស្រី ម៉ុ​ន ដែលមាន​វ័យ​៥៥​ឆ្នាំ មិនអាច​ប៉ាន់ប្រមាណ​ទំហំ​ដី​ដាំ​ត្រប់ ឬ​ចំនួន​ដើម​ត្រប់​ដែល​ដាំ​មាន​ចំនួន​ប៉ុណ្ណា​នោះទេ តែ​រាល់​៣​ទៅ​៥​ថ្ងៃ​ម្ដង កសិករ​រូបនេះ​បេះ​លក់​ឱ្យ​ឈ្មួញ​បាន​ពី​១៥ ទៅ​៤០​គីឡូក្រាម ដែល​បាន​ទឹកប្រាក់​ពី​៤​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល​។ 
 
​តាម​ការបញ្ជាក់​ពី​កសិករ​នៅ​ក្របី​រៀល ដំណាំ​ត្រប់​ប្រើពេល​៣​ខែ​ទើប​អាច​ទទួលផល​បាន និង​មាន​អាយុ​វែង​ក្នុងការ​ទទួលផល​។ នា​រដូវប្រាំង​នេះ ដំណាំ​ត្រប់​ត្រូវបាន​ទឹក​ច្រើន​បន្ដិច​។ អ្នកស្រី ម៉ុ​ន ប្រើ​ជី​អាចម៍គោ សម្រាប់​ជំនួយ​ដំណាំ​ប្រភេទ​នេះ ហើយ​ការដាំដុះ​មិនសូវ​ពិបាក​ដូច​ដំណាំ​ប្រភេទ​ស្ពៃ និង​សាឡា​ត់​ទេ​។ 
 
​កសិករ អ្នកស្រី ម៉ុ​ន ប្រាប់ថា ចង់ឱ្យ​តម្លៃ​ត្រប់​ឬ​បន្លែ​ផ្សេងៗ​ទៀត​មានតម្លៃ​ល្អ​ដូច​ពេលនេះ ដើម្បីឱ្យ​កសិករ​ក្នុងស្រុក​មាន​កម្លាំងចិត្ត​ដាំ​ដុះ​បន្ថែមទៀត​៕
 






© រក្សាសិទ្ធិដោយ thmeythmey.com