COVID-19
ពីនេះ ពីនោះ
​កូ​វីដ​-១៩៖ ចូរ​ស្តាប់​ការ​ត្អូញត្អែរ​រឿង​គេ​ជំពាក់​បំណុល​ធនាគារ​!
26, Apr 2020 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ខ្វះ​គ្រប់យ៉ាង និង​អ្នកមាន​គ្រប់សព្វ ជំពាក់​បំណុល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ក្នុង​ទម្រង់​ខុសគ្នា​។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ សុធីរ និង​សំណាង ស្តាប់​រឿង​គេ​រអ៊ូ​រឿង​បំណុល​ធនាគារ​សឹងតែ​ប៉ោង​ក្បាល​ទៅហើយ​។ ស្តាប់​រឿង​គេ​ឈឺក្បាល ជាង​និយាយ​រឿង​ខ្លួនឯង​ប្រាប់​គេ​ទៅទៀត​។ តែដោយសារ​តែ ទាំងអស់គ្នា​ស្ថិតក្នុង​ដំណាក់កាល​ប្រឈម​ដ៏​លំបាក​នេះ សុធីរ និង​សំណាង ក៏​សុទ្ធចិត្ត​ទ្រាំ​ឈឺក្បាល​ដោយ​ស្តាប់​គេ​បន្តិច​ទៅ​ចុះ​!​។

​សុធីរ​៖ អា សំណាង​! ចុះ​អ្ហែង​មាន​ជំពាក់​លុយ​ធនាគារ​ដូច​គេ ដូច​ឯង​ដែរ​អត់​? 
 
​សំណាង​៖ មុខ​អញ​ណា៎​មាន​កិត្តិយស​រហូតដល់​ទៅ​ធនាគារ​ព្រម​ឲ្យ​ខ្ចីលុយ​នោះ​! 
 
 សុធីរ​៖ ម៉េច​អ៊ីចឹង​?  
 
​សំណាង​៖ អញ​អត់​មាន​ជំនួញ​ពិតប្រាកដ​។ អញ​អត់​មានការ​ងារ​ធ្វើ​ធំដុំ​។ ភាគច្រើន​អញ​តាមដាន​តែ​ព័ត៌មាន​ហ្នឹង អាណា៎ គេ​ឲ្យ​លុយ​អញ​ខ្ចី​អ្ហា​! 
 
​សុធីរ​៖ ចុះ​អ្ហែង​លឺ​គេ​ត្អូញត្អែរ​រឿង​បំណុល​ធនាគារ​អត់​? 
 
​សំណាង​៖ អញ​ស្តាប់​ឡើង​ប៉ោង​ក្បាល​ហើយ​ក្នុង​រយៈ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។ អ្នកខ្លះ ក្រីក្រ​ជំពាក់​បំណុល​ធនាគារ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អាហ្នឹង​អញ​អាណិត ព្រោះ​គ្នា​ពិតជា​ក្រីក្រ​មែន​។ អ្នកខ្លះ ខ្ចីលុយ​ទិញ​ផ្ទះ​១​ល្វែង​ដើម្បី​រស់នៅ ហើយ​ថ្ងូរ ក៏​អញ​អាណិត​ខ្លះ​ដែរ ព្រោះ​វា​នៅ​ខ្វះមុខ ខ្វះក្រោយ​នៅឡើយ​។ 
 
​សុធីរ​៖ ចុះបើ​អ្នក​ធូ​ធារ ហើយ​ត្អូញ​រឿង​បំណុល​ធនាគារ អ្ហែង​អាណិត​អត់​? 
 
​សំណាង​៖ ធម្មតា អញ​អាណិត​ទាំងអស់គ្នា​ហ្នឹង​។ តែ​យ៉ាងណាក៏ដោយ ក៏​អញ​អាណិត​ខ្លួន​អញ​មុនគេ​ដែរ​។ កូ​វីដ​១៩​នេះ ធ្វើ​ឲ្យ​អញ​សឹងតែ​ដាច់ខ្យល់​ហើយ តែ​អញ​មិន​មាត់ អញ​មិន​រអ៊ូ អញ​មិន​ត្អូញ​។​ល​។ ងាក​មក​និយាយ​រឿង​អ្នក​ធូ​ធារ​(​អ្នកមាន​វិញ​) ពួកគាត់​ជំពាក់​បំណុល​ដែរ តែ​សួរថា បំណុល​ពួកគាត់​សម្រាប់​យកទៅ​ធ្វើ​អ្វី​? ប្រហែលជា​ពួកគាត់​យកទៅ​ពង្រីក​អាជីវកម្ម​ថែម ទិញ​ផ្ទះ​ធំៗ​ថែម ទិញ​ដី​ថែម​។ អ៊ីចឹង អញចង់​ប្រាប់​
​អ្ហែង​ថា អ្នក​ខ្វះ​គ្រប់យ៉ាង និង​អ្នកមាន​គ្រប់សព្វ ជំពាក់​បំណុល​ធនាគារ​ក្នុង​ទម្រង់​ខុសគ្នា​ណា៎ អញ​ប្រាប់​អ្ហែង​ឲ្យ​ដឹង​ជាថ្មី​ម្តងទៀត​។  
 
​សុធីរ​៖ គ្រប់គ្នា​នាំគ្នា​ត្អូញត្អែរ​រឿង​ជំពាក់​ធនាគារ ចុះ​ធនាគារ​អត់​ប្រឈម​ទេ​ឬ​? 
​សំណាង​៖ ធនាគារ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក៏​ប្រឈម​ដូច​តែ​ក្រុមហ៊ុន​ដទៃទៀត​ដែរ ព្រោះ ពួកគេ​ក៏ត្រូវ​ចិញ្ចឹម​បុគ្គលិក ក៏ត្រូវ​ខ្ចីលុយ​ពី​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេងៗ ឬក៏​ត្រូវ​ខ្ចីលុយ​ពី​អតិថិជន​ដែល​យកលុយ​មក​តម្កល់​នៅ​ធនាគារ​ដែរ​តើ​! ធនាគារ បើ​និយាយ​ឲ្យ​ស្រួល​ស្តាប់ ដូចជា អ្នករកស៊ី​ឈ្មួញកណ្តាល​តើ​!  ហើយ​បើ​យើង​នាំគ្នា​ធ្វើបាប​ពួកគេ ក៏ដូចជា​មិនសូវ​ត្រូវ​ដែរ​។ សរុប​មកវិញ ក្នុង​ពេលវេលា​ប្រឈម​នេះ មានតែ​គ្រប់គ្នា​អត់ធ្មត់ ជួយ​គ្នា​ទៅវិញទៅមក​តែប៉ុណ្ណោះ​។ នេះ គឺជា​ដំណោះស្រាយ​ដ៏​ល្អប្រសើរ​បំផុត​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com