អន្តរជាតិ
នយោបាយអន្តរជាតិ
រូហានី៖ អ៊ីរ៉ង់ កំពុងឃ្លាំមើលសកម្មភាពអាមេរិកនៅក្នុងឈូងសមុទ្រពែរ្ស ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី។ រូបភាព៖ Reuters
× អ៊ីរ៉ង់កំពុងឃ្លាំមើលសកម្មភាពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស។ ប៉ុន្តែសកម្មភាពរបស់អ៊ីរ៉ង់បែបនេះ នឹងមិនបង្កជម្លោះណាមួយ នៅក្នុងតំបន់ឡើយ។ នេះបើតាមការបញ្ជាក់របស់ប្រមុខរដ្ឋមន្ត្រីអ៊ីរ៉ង់ ហាសាន់ រូហានី នាថ្ងៃទី២៥ ខែមេសា។ នៅក្នុងបរិបទដែលអ៊ីរ៉ង់ និងអាមេរិក កំពុងប្រឈមភាពតានតឹងជាថ្មី នៅក្នុងឈូងសមុទ្រនេះ។
មួយរយៈចុងក្រោយនេះ ទំនាក់ទំនងអាមេរិក និងអ៊ីរ៉ង់ មានភាពរកាំរកូសជាថ្មី។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបើកដៃឲ្យកប៉ាល់ទ័ពជើងទឹករបស់ខ្លួន ដែលមានវត្តមាននៅឈូងសមុទ្រពែរ្ស មានសិទ្ធិបាញ់កាណូតកងទ័ពអ៊ីរ៉ង់ ដែលបើកចូលមកកៀកខ្លួន។ ការបញ្ជារបស់ប្រធានាធិបតីអាមេរិកបែបនេះ កើតឡើងបន្ទាប់ពីកាណូត ១១គ្រឿងរបស់កងទ័ពអ៊ីរ៉ង់ បានធ្វើដំណើរជិតខ្លាំងនឹងកប៉ាល់ចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកនៅតំបន់ឈូងសមុទ្រពែរ្សកាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ។
តាមរយៈកិច្ចសន្ទនាតាមទូរសព្ទជាមួយលោក Emir Sheikh Tamim bin Hamad Al Thani ប្រមុខរដ្ឋកាតា លោក រូហានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សាធារណរដ្ឋអ៊ីរ៉ង់ កំពុងឃ្លាំមើលសកម្មភាពអាមេរិកយ៉ាងម៉ត់ចត់បំផុត, ប៉ុន្តែសកម្មភាពបែបនេះ នឹងមិនបង្កឲ្យក្លាយជាជម្លោះ និងអស្ថេរភាពនៅក្នុងតំបន់ឡើយ»។ នេះបើតាមការស្រង់សម្តីដោយសារព័ត៌មានរដ្ឋអ៊ីរ៉ង់ នាថ្ងៃទី២៥ ខែមេសា។
ការលើកឡើងរបស់ប្រមុខរដ្ឋអ៊ីរ៉ង់បែបនេះ ទំនងជាចង់សំដៅដល់កាណូតចំនួន ១១គ្រឿងរបស់ខ្លួន ដែលបើកទៅកៀកកប៉ាល់របស់អាមេរិក គឺគ្រាន់តែដើម្បីពិនិត្យមើលសកម្មភាពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រតែប៉ុណ្ណោះ ប៉ុន្តែវាមិនមែនជាសកម្មភាពចង់បង្កឲ្យមានជម្លោះអ្វីទេ។
មុខថ្ងៃប្រកាសរបស់លោកត្រាំ ឲ្យកងទ័ពជើងទឹកអាមេរិកមានសិទ្ធិបាញ់កាណូតកងទ័ពអ៊ីរ៉ង់ ១ថ្ងៃ មេបញ្ជាការឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ លោក Hossein Salami បានទាមទារឲ្យអាមេរិកផ្តោតសំខាន់លើកងទ័ពជើងទឹករបស់ខ្លួនកើត ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ជាជាងបង្កជម្លោះ និងភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា ក៏ដូចជាឈូងសមុទ្រ។
សូមបញ្ជាក់ថា ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ មានភាពធូរស្រាលបន្តិច ចាប់តាំងពីមានករណីផ្ទុះ COVID-19 មក ព្រោះប្រទេសទាំងពីរ កំពុងជាប់ដៃដោះស្រាយជំងឺឆ្លងសកលមួយនេះ។ ប៉ុន្តែភាពចម្រូងចម្រាស់បានកើតឡើងជាថ្មី បន្ទាប់កាណូតកងទ័ពអ៊ីរ៉ង់ចំនួន ១១គ្រឿង បានបើកទៅកៀកកប៉ាល់របស់អាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com