សង្គមអន្តរជាតិ​
អន្តរជាតិ
កោះ​ហា​វ៉ៃ​៖​ក្រៅពី​បំផ្លាញ ភ្នំភ្លើង​ក៏​ជា​អ្នកបង្កើត​ផងដែរ​
26, Apr 2020 , 8:30 pm        
រូបភាព
​ចំពោះ​ភ្នំភ្លើង ការបំផ្លាញ និង​ការបង្កើត កើតឡើង​ក្នុងពេល​តែមួយ​។ អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​មកហើយ​ដែល​ភ្នំភ្លើង​ទាំងឡាយ​នៅលើ​ភពផែនដី​បាន​កែប្រែ និង​ផ្លាស់ប្តូរ​សណ្ឋាន​ដី​ដែល​មនុស្ស​មិនទាន់​បានរស់នៅ ឬ​កំពុង​រស់នៅ​។

 
​ភ្នំភ្លើង​ក៏​ជា​អ្នកធ្វើ​ឲ្យ​ប្រទេស​នីមួយៗ​មាន​លក្ខណៈ​ភូមិសាស្ត្រ​នយោបាយ​ពិសេស​រៀងៗ​ខ្លួន​ផងដែរ​។ ក្នុងនោះ​មានដូចជា​ប្រជុំ​កោះ​ហា​វ៉ៃ ដែលជា​តំបន់​កំពង់ផែ​នាវាចម្បាំង​សំខាន់​មួយនា​សម័យ​សង្គ្រាមលោកលើកទី​២​។ កោះ​ហា​វ៉ៃ​ក៏​ត្រូវបាន​បង្កើតឡើង​ដោយ​សកម្មភាព​ភ្នំភ្លើង​ដូចគ្នា​។ 
 
​ដោយ​ពិនិត្យមើល​ទៅក្នុង​ផ្ទៃសមុទ្រ កោះ​ហា​វ៉ៃ​គឺជា​ប្រជុំ​កោះ​ដែលមាន​វត្ត​មាននៅ​ពីលើ​ជួរ​ភ្នំ​ក្រោម​សមុទ្រ ឬ​ជា​ភាសា​អង់គ្លេស​ហៅថា​«Seamount»​។ វា​មាន​ទីតាំងនៅ​ពីលើ​កន្លែង​ដែលមាន​សកម្មភាព​ផ្លាក​តិច​តូ​និ​ច​ខ្លាំង​។ ឯកសារ​ពី​គេហទំព័រ oceanservice.noaa.gov បាន​ពន្យល់ថា កោះ​ហា​វ៉ែ​កំពុង​ស្ថិតនៅលើ​ចលនា​ផ្លាក​តិច​តូ​និ​ច​ដែលមាន​ទិសដៅ​ទៅខាង​ជើង​ឈាង​ខាងលិច​។ 
 
​ភ្នំ​ក្រោម​សមុទ្រ​របស់​ហា​វ៉ៃ​ដែលមាន​វ៏​យ​ក្មេង​ជាងគេ​គឺ Loihi ដែល​សព្វថ្ងៃ​វា​កំពុង​ដែល​មានប​ន្ទុះ​នៅឯ​ចំណុច​កំពូលភ្នំ​ប្រមាណ​ជា​១​ពាន់​ម៉ែត្រ​ក្រោម​ផ្ទៃ​ទឹកសមុទ្រ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ភ្នំភ្លើង​ច្រើន​អាច​កើតឡើង​នៅ​ចន្លោះ​ផ្លាក​តិច​តូ​និ​ច​ចំនួន​ពីរ​ឬ​ច្រើន ហើយ​វា​អាច​បញ្ចេញ​ម៉ាក​ម៉ា​ចេញមក​ខាងលើ​។ 
 
​ម៉ាក​ម៉ា​រួច​ចុះ​សីតុណ្ហភាព កក​ក្លាយទៅជា​ស្រទាប់ដី​ថ្មី ខ្ពស់ជាង​មុន​បន្តិច​ម្តងៗ​។ នេះ​ជា​មូលហេតុ​ចំបង​ដែល​បង្ក​ឲ្យ​មាន​វត្តមាន​នៃ​ប្រជុំ​កោះ​ហា​វ៉ៃ​។ ប្រជុំ​កោះ​មួយ​នេះ​មាន​កោះ​ប្រមាណ​ជា​១៣២​កន្លែង តំបន់​ទឹក​រាក់ តំបន់​ផ្កាថ្ម និង​ជួរ​ភ្នំ​ក្រោម​សមុទ្រ​លាភ​សន្ធឹង​ជាង​២៤០០​គីឡូម៉ែត្រ រហូត​ទៅដល់​កោះ Kure នៃ​ទិសពាយ័ព្យ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com