អន្តរជាតិ
បច្ចេកវិទ្យា
ប្រវត្តិនៃការបង្កើតឡើងរបស់ក្រុមហ៊ុន«SONY»
× SONY គឺជាឈ្មោះផលិតផលដ៏ល្បីល្បាញមួយដែលត្រូវបានមនុស្សជាច្រើននៅលើទីផ្សារពិភពលោកបានស្គាល់ឬប្រើប្រាស់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ជាមួយនឹងសម្ភារៈអេឡិចត្រូនិចដែលមានគុណភាព និងសម្បូរបែប តើក្រុមហ៊ុនមួយនេះបានចាប់កំណើតឡើងតាំងពីពេលណាមក?
ក្រោយពេលសង្គ្រាមលោកលើកទីពីរត្រូវបានបញ្ចប់ ប្រទេសជប៉ុនបានខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចរបស់ប្រទេសខ្លួនឡើងវិញ ដើម្បីប្រកួតប្រជែងទីផ្សារជាមួយនឹងប្រទេសនៃលោកខាងលិច។ នៅក្នុងឆ្នាំ១៩៤៦ ក្រុមហ៊ុន SONY ត្រូវបានបង្កើតឡើងដោយបុរសជនជាតិជប៉ុនពីរនាក់គឺលោក Akio Morita និងលោក Masaru Ibuka នៅឯទីក្រុងតូក្យូ ក្នុងដើមទុនប្រមាណជា១៥០០ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះកាលពីពេលនោះ។ គេហទំព័រ bizfluent.com បានបន្តទៀតថា នៅក្នុងឆ្នាំដដែលនៃការបង្កើតក្រុមហ៊ុននេះឡើង ផលិតផលដំបូងរបស់ពួកគេគឺឧបករណ៍បំពងសម្លេងអគ្គីសនី (Megaphone) ។ នៅក្នុងឆ្នាំ១៩៥០ គេបានផលិតឧបករណ៍ថតសម្លេងដោយប្រើប្រាស់កាសែត។
ដំបូងឡើយក្រុមហ៊ុន SONY មានឈ្មោះថា Tokyo Telecommunications Engineering Corp ឬ TTK ។ តែក្រោយមក នៅពេលដែលក្រុមហ៊ុនមួយនេះចាប់ផ្តើមពង្រីកទីផ្សាររបស់ខ្លួនទៅក្រៅតំបន់ គេបានផ្លាស់ប្តូរឈ្មោះ TTK នេះមកជា SONY វិញ។ SONY មានដើមកំណើតមកពីពាក្យឡាតាំង «Sonus» ដែលមានន័យថា «សម្លេង» និងឈ្មោះ «Sonny» ដែលជាឈ្មោះប្រើប្រាស់ទូទៅមួយនៅក្នុងសហរដ្ឋអាមេរិក។ នៅក្នុងឆ្នាំ១៩៥៨ SONY Corp បានក្លាយជាឈ្មោះផ្លូវការរបស់ក្រុមហ៊ុន SONY ។
នៅក្នុងឆ្នាំ១៩៦០ SONY បានបង្កើតសាខាលក់របស់ខ្លួននៅឯទឹកដីនៃសហរដ្ឋអាមេរិក។ ៨ឆ្នាំក្រោយមកនៅចក្រភពអង់គ្លេស អេស្បាញ និងបារាំងនៅក្នុងឆ្នាំ១៩៧៣ និងអាល្លឺម៉ង់នៅក្នុងឆ្នាំ១៩៨៦។ ក្រុមហ៊ុន SONY មានប្រវត្តិជាមួយនឹងបច្ចេកវិទ្យាអេឡិចត្រូនិចជាច្រើន។ នៅក្នុងឆ្នាំ១៩៥៥ វិទ្យុដែលប្រើប្រាស់ត្រង់ស៊ីស្ទ័រដំបូងរបស់ជប៉ុនត្រូវបានផលិតឡើងដោយ SONY មានឈ្មោះថា TR-55 ។ ឆ្នាំ១៩៦០ ទូរទស្សន៍ចល័តប្រភេទ TV8-301 ត្រូវបាននាំចូលក្នុងទីផ្សារ។
ជាមួយនឹងវីឌីអូកាមេរ៉ាចល័តធុនតូចនៅក្នុងអំឡុងឆ្នាំ១៩៨៩ និងឧបករណ៍ចាក់ DVD Blu-Ray នៅក្នុងឆ្នាំ២០០៣។ ឧបករណ៍អេឡិចត្រូនិចមួយដែលត្រូវបានទទួលប្រជាប្រិយភាពខ្លាំងពីសំណាក់អតិថិជនជាច្រើនគឺ SONY Walkman (ស្រដៀងគ្នាទៅនឹង iPod សម័យបច្ចុប្បន្នដែរ) ដែលជាឧបករណ៍ចាក់ភ្លេងប្រើប្រាស់ដុំកាសែតតូចមួយ អាចដាក់តាមខ្លួនបានយ៉ាងងាយនៅក្នុងឆ្នាំ១៩៧៩។ Walkman បានផ្លាស់ប្តូរវប្បធម៍នៃការស្តាប់ចម្រៀងរបស់មនុស្ស ដោយសារតែឧបករណ៍មួយនេះអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្ទុកបទភ្លេងបានច្រើន ក្នុងកន្លែងតូចមួយនៅតាមខ្លួនប្រាណ និងជ្រើសរើសបទចម្រៀងសមស្របជាមួយនឹងលក្ខណៈបុគ្គលរបស់ខ្លួន។ ក្រោយមកក្នុងឆ្នាំ១៩៨៤ ជាមួយនឹង Discman ដែលជាឧបករណ៍ចាក់ DVD ចល័ត។
SONY ក៏បានរួមចំណែកយ៉ាងច្រើននៅក្នុងវិស័យរោងភាពយន្ត និងតន្ត្រីផងដែរជាមួយនឹងផ្នែក SONY Pictures និង SONY Music ។ ដំបូងឡើយ SONY ក៏បានធ្វើការសហការជាមួយនឹងក្រុមហ៊ុនទូរទស្សន៍ CBS របស់សហរដ្ឋអាមេរិកផងដែរនៅក្នុងឆ្នាំ១៩៦៦ និងបានទិញយកក្រុមហ៊ុនផលិតភាពយន្ត Columbia Pictures នៅក្នុងឆ្នាំ១៩៨៩។ ជាមួយនឹងផលិតផលហ្គេម SONY ក៏បានបង្កើតឧបករណ៍ហ្គេមនៃខ្សែស្រឡាយ PlayStation ជាមួយនឹងស្ថាប័នរងដែលមានឈ្មោះថា SONY Computer Entertainment នៅក្នុងឆ្នាំ១៩៩៣។ គិតត្រឹមឆ្នាំ២០១៣ SONY មានបុគ្គលិកប្រមាណជា១៤៦,០០០នាក់នៅជុំវិញពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com