COVID-19
សង្គមអន្តរជាតិ
អន្តរជាតិ
ឪពុកម្តាយឈរជួរមុខសង្គ្រោះជីវិតអ្នកដទៃ តែកូនស្រីវ័យ៥ឆ្នាំស្លាប់ដោយសារ COVID-19
× Skylar Herbert បានបាត់បង់ជីវិតក្នុងអាយុ៥ឆ្នាំ ដោយសារ COVID-19 នៅមន្ទីរពេទ្យ Beaumont Royal Oak ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងមកនេះ។ យោងតាមការផ្សាយរបស់ទូរទស្សន៍ WXYZ កុមារីដែលមានឪពុកម្តាយជាអ្នកឈរជួរមុខក្នុងការសង្គ្រោះជីវិតអ្នកដទៃរូបនេះ មានលទ្ធផលតេស្តវិជ្ជមាន COVID-19 កាលពីខែមីនា ហើយបានវិវត្តទៅជាជំងឺរលាកស្រោមខួរ និងហើមនៅលើខួរក្បាល។
«យើងពិតជាសោកស្តាយខ្លាំងណាស់ ដែល COVID-19 បានឆក់យកជីវិតកុមារីដ៏តូចម្នាក់»។ មន្ទីរពេទ្យ Beaumont Royal Oak បានចេញសេចក្តីថ្លែងការណ៍ និងចែករំលែកទុក្ខក្រុមគ្រួសាររបស់ Skylar ដោយមានម្តាយជាមន្ត្រីប៉ូលិសអស់រយៈពេល២៥ឆ្នាំ និងឪពុកជាមន្ត្រីពន្លត់អគ្គិភ័យអស់រយៈពេល១៨ឆ្នាំ ប្រចាំនៅក្រុង Detroit ដូចគ្នា។
លោកស្រី Gretchen Whitmer អភិបាលរដ្ឋ Michigan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ «ពួកគាត់ [ឪពុកម្តាយ Skylar] ជាអ្នកឈរជួរមុខសង្គ្រោះជីវិតមនុស្ស ពួកគាត់មិនគួរបាត់បង់កូនដោយសារជំងឺនេះទេ។ គ្មានអ្នកណាចង់បានបែបនេះឡើយ»។
អ្នកស្រី LaVondria Herbert បានរៀបរាប់ពីកូនស្រីខ្លួនថា ជាក្មេងដែលមានស្មារតីល្អ រីករាយ មាំទាំ មុននឹងធ្លាក់ខ្លួនឈឺ។ ទោះបីជាគាត់ និងលោក Ebbie Herbert ដែលជាស្វាមី កំពុងសោកសៅក៏ដោយ ក៏ពួកគាត់បានព្យាយាមអំពាវនាវដល់ពលរដ្ឋនៅមូលដ្ឋាន បន្តស្នាក់នៅផ្ទះដើម្បីទប់ស្កាត់ការរាលដាល COVID-19 ពីព្រោះពួកគាត់មិនចង់ឃើញការបាត់បង់សមាជិកគ្រួសារដូចជាពួកគាត់នោះឡើយ។
លោក Ebbie បានលើកឡើងថា៖ «ជំងឺនេះ មិនខ្វល់ថា អ្នកអាយុប៉ុន្មាន អ្នកជាជនជាតិអ្វី និងគាំទ្រនយោបាយណានោះឡើយ។ វាមានគ្រោះថ្នាក់ និងបំផ្លាញអ្នកគ្រប់ពេល។ ករណីរបស់ Skylar បង្ហាញពិភពលោកថា រឿងរ៉ាវអាចកើតនៅគ្រប់ក្រុមគ្រួសារ»។
សហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19 ជាង៩៦ម៉ឺនករណី ស្លាប់ជាង៥៤០០០នាក់ និងសះស្បើយជិត១២ម៉ឺននាក់។ Michigan ជារដ្ឋទី៧ដែលមានករណីឆ្លងច្រើនជាងគេ ដោយមានជាង៣៧០០០ ក្នុងនោះស្លាប់ជាង៣២០០នាក់ និងសះស្បើយជាង៣០០០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com