COVID-19
ជាតិ
សង្គមជាតិ
COVID-19៖ ពលរដ្ឋ​នៅផ្ទះ​ច្រើន មិន​ទិញ​អាហារ​ក្រៅ​ដូច​មុន តែ​អ្នកលក់​បន្លែ​តាម​ផ្ទះ​ត្អូញត្អែរ​ពី​ចំណូល​ធ្លាក់ចុះ​
26, Apr 2020 , 4:59 pm        
រូបភាព
ភ្នំពេញ​៖ បញ្ហា​កូ​វីដ​-១៩​នេះ បានធ្វើឱ្យ​អាជីវកម្ម​តូច​-​ធំ ប្រឈម​នឹង​ការធ្លាក់ចុះ​ចំណូល ដោយ​ធ្វើឱ្យ​ម្ចាស់​អាជីវកម្ម​ខ្លះ​ត្រូវ​បង្ខំចិត្ត​បិទទ្វារ​។ មិន​ខុសពី​អាជីវកម្ម​ផ្សេងៗ អ្នក​ប្រកប​របរ​លក់​បន្លែ ត្រី សាច់ នៅតាម​ផ្ទះ ក៏បាន​ត្អូញត្អែរ ពី​ការថយចុះ​ចំណូល ទោះបីជា ពេលនេះ​ពលរដ្ឋ​ស្នាក់​នៅផ្ទះ​ច្រើនជាង​ពីមុន ដោយសារ​ការពារ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្ដី តែ​ពួកគាត់​ក៏​មិនបាន​ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ទិញ​ម្ហូប​ដូច​មុន​ដែរ​។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​វីដេអូ​ខ្លី ដូចតទៅ​៖

 
​អ្នកស្រី ហេង ធា ជា​អ្នកលក់​បន្លែ​នៅតាម​បណ្ដាល​ផ្លូវ​បេតុង​លេខ​១០៣ ទល់មុខ​សាលាបឋមសិក្សា ហ៊ុន​នាង បឹងត្របែក​ខាងកើត ដែល​ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ បាន​ប្រាប់ ThmeyThmey25 ថា រយៈពេល​ជាង​២​ខែ​មកនេះ របរ​លក់​បន្លែ ត្រី សាច់ របស់​អ្នកស្រី​ថយចុះ​យ៉ាងខ្លាំង​។ ធ្លាប់តែ​រកចំណូលបាន បាន​ពី ៥០-៦០​ម៉ឺន​រៀល តែ​ពេលនេះ​អ្នកស្រី ធា អាច​រកចំណូលបាន​ត្រឹមតែ ២០​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ស្ត្រី​វ័យ​៤០​ឆ្នាំ​រូបនេះ​រៀបរាប់​ដូច្នេះ​ថា​៖ «​លក់​មិន​ដាច់​ទេ អត់​មាន​អ្នក​ទៅ​ស្រុក តែ​ស្ងាត់​អត់​សូវ​មាន​អ្នកទិញ​ទេ​។ តាមផ្លូវ​អ្នកជិះ​កង់ ជិះ​ម៉ូតូ​ក៏​ស្ងាត់​ដែរ​»​។​
 
​មិន​ខុសពី​អ្នកស្រី ហេង ធា អ្នកលក់​បន្លែ​នៅតាម​បណ្ដោយ​ផ្លូវ​៥០៨ កែង​នឹង​ផ្លូវ​១០៣​ខាងលើ គឺ​អ្នកស្រី អៀ សោ​ភ័​ណ្ឌ ក៏​កំពុង​ជួបប្រទះ​ការធ្លាក់ចុះ​ចំណូល​ដែរ​។ ធ្លាប់​តែមាន​ភ្ញៀវ​ទិញ​ជា​ហូរហែរ តែ​ក្រោយពេល​មាន​ជំងឺ​កូ​វីដ​-១៩​នេះ​មក របរ​លក់​បន្លែ ត្រី សាច់ របស់​អ្នកស្រី សោ​ភ័​ណ្ឌ ប្រែជា​ស្ងាត់​មិនសូវមាន​អ្នកទិញ​ដូច​ពីមុន​។​
 
​មាន​បទពិសោធ​លក់​ប​ន្លែ​នៅផ្ទះ​ជាង​១០​ឆ្នាំ អ្នកស្រី សោ​ភ័​ណ្ឌ មិនដែល​លក់​ថយ​ចំណូល​ខ្លាំង​ដូច​ពេលនេះ​ឡើយ​។ ទោះបីជា អតិថិជន​របស់​អ្នកស្រី សោ​ភ័​ណ្ឌ ជា​អ្នករស់នៅ​ភូមិ​ក្បែរៗ​អ្នកស្រី​ក៏ពិតមែន ប៉ុន្តែ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​ពួកគេ​រក​ចំណូល​មិនសូវ​បាន ផ្គួប​ផ្សំ​នឹង​បន្លែ​មួយចំនួន​ឡើងថ្លៃ​ផង គឺ​ពួកគាត់​ពុំមាន​លទ្ធភាព​ទិញ​បន្លែ​របស់​អ្នកស្រី សោ​ភ័​ណ្ឌ ច្រើន​ដូច​មុន​ទៀតឡើយ​។​
 
​អ្នកស្រី អៀ សោ​ភ័​ណ្ឌ បាន​រៀបរាប់​ដូច្នេះ​ថា​៖ «​អំឡុងពេល​ហ្នឹង លក់​សាច់​ដាច់​ជាង​បន្លែ​, សាច់ជ្រូក​សាច់គោ គេ​ទិញ​១-២​ខាំ​អាច​ស្ល​បាន​។ បន្លែ​លក់​មិនសូវ​ដាច់ ដោយសារ​ឡើងថ្លៃ គេ​មិនសូវ​ហ៊ាន​ហូប កាល​មុន​តម្លៃ​១​គីឡូ តែ​១-២​ពាន់​រៀល​ទេ តែ​ឥលូវ​ឡើង​៣-៤​ពាន់​រៀល បន្លែ​ខ្លះ​ឡើងដល់​៦​ពាន់​រៀល​ក៏មាន​។ ខ្ញុំ​កាត់បន្ថយ​ការបញ្ជាទិញ​ពី​ផ្សារ​ជាង​ពាក់កណ្ដាល​ហើយ នៅតែ​សល់​ទៀត​»​។ អ្នកស្រី​បានបញ្ជាក់​ដូច្នេះ​ថា ពីមុន​មានការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ អ្នកស្រី​លក់បាន​ចន្លោះ​ពី​៨0​ទៅ​៩០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ តែ​សព្វថ្ងៃ គឺ​លក់បាន​ត្រឹមតែ​ជាង​៣០​ម៉ឺន​រៀល​ប៉ុណ្ណោះ​។​
 
​បើទោះជា ចំណូល​ធ្លាក់ចុះ​ជាង​ពាក់កណ្តាល ហើយ​ព្រួយ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ផង​នោះ តែ​ស្ត្រី​វ័យ​៤៨​ឆ្នាំ​រូបនេះ មិនមាន​គម្រោង បិទ​អាជីវកម្ម​ខ្លួន​ឡើយ​។ លើសពីនេះ​អ្នកស្រី​បាន​រក្សា​អនាម័យ​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​រក្សា​គម្លាត​ជាមួយ​អ្នកទិញ លាងដៃ​ជាមួយ​អាល់កុល និង​បាញ់​លុយ​នឹង​ទឹក​អាល់កុល ក្រោយពេល​ទទួល​លុយ​ពី​អ្នកទិញ​។​
 
​និ​យ​យា​ពី​តូប​លក់​បន្លែ ត្រី សាច់ ម្នាក់ទៀត​ដែល​នៅក្បែរ​នឹង​ផ្លូវកែង​រវាងផ្លូវ​លេខ​១០៣ និង​ផ្លូវ​លេខ​៥០៨ ពោលគឺ​នៅ​ចន្លោះ​កណ្តាល​នៃ​តូប​លក់​បន្លែ​របស់​អ្នកស្រី ហេង ធា និង​អ្នកស្រី អៀ សោ​ភ័​ណ្ឌ គឺជា​តូប​លក់​បន្លែ​របស់​អ្នកស្រី ពិន ឡា​។ ខុសពី​អ្នកលក់​បន្លែ​ពីរ​នាក់​ខាងលើ របរ​លក់​បន្លែ អ្នកស្រី ឡា រកចំណូលបាន​ធម្មតា​ដូច​មុនៗ​ដែរ ពោលគឺ ក្នុង​មួយថ្ងៃ​អ្នកស្រី​អាច​រកចំណូលបាន​២០​ម៉ឺន​រៀល ហើយ​អតិថិជន​ដែល​មក​ទិញ​បន្លែ ត្រី សាច់ ភាគច្រើន​ជា​អ្នក​រស់​ក្បែរៗ​ផ្ទះ​អ្នកស្រី មិនសូវមាន​អ្នក​ចម្ងាយ​នោះឡើយ​។​
 
​ស្ត្រី​វ័យ​៥៦​ឆ្នាំ​រូបនេះ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​លក់បាន​ធម្មតា មិន​ស្ងាត់​មិន​ដាច់​ខ្លាំង គឺ​ដូច​តែ​មុន​អីចឹង ព្រោះ​គេ​មិនសូវ​ទៅ​ផ្សារ គេ​ទិញ​យើង អ្នកខ្លះ​គេ​ទៅ​ផ្សា​រទិញ​ឥ​វ៉ាន់​មក​ស្តុក​ទុក ពេល​ខ្វះ​របស់​តិចតួច​គេ​ទិញ​យើង​។ គេ​មិន​ទៅ​ផ្សារ​ញឹកញាប់​ដូច​មុន​ទេ ព្រោះ​គេ​ខ្លាច​ជំងឺ​កូ​វីដ​-១៩»​។​
 
​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី ២៤ ខែ មេសា​នេះ កម្ពុ​ជាមាន​អ្នក​ផ្ទុក​កូ​វីដ​-១៩ ចំនួន ១២២​នាក់ ក្នុងចំណោម​នោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​១១០​នាក់ ខណៈ​អ្នក​ឆ្លង​ជំងឺ​នេះ​នៅ​ទូទាំង​ពិភពលោក​កើត​ជាង​២,៧​លាន​នាក់  ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង ៧៥​ម៉ឺន​នាក់ និង​ស្លាប់​ជាង ១៩​ម៉ឺន​នាក់​៕
 

 

 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com