ជាតិ
សង្គមជាតិ
ក្រសួង នឹង​អនុវត្ត​ច្បាប់​លើ​NGO ដែល​គ្មាន​ចុះបញ្ជី​ត្រឹមត្រូវ ដើរ​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​នៅ​តំបន់ការពារធម្មជាតិ​
26, Apr 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម ដែល​គ្មាន​ចុះបញ្ជី​ត្រឹមត្រូវ ហើយ​ដើរ​ធ្វើ​សកម្មភាព​អនាធិបតេយ្យ ក្នុង​តំបន់ការពារធម្មជាតិ នឹង​ប្រឈមមុខ​ច្បាប់​។ ក្រសួងបរិស្ថាន ព្រមាន​បែបនេះ នៅក្នុង​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃទី​២៤ មេសា​។​


​ក្រសួងបរិស្ថាន អះអាងថា ខ្លួន​បាន​រកឃើញ​អង្គការ និង​សមាគម​មួយចំនួន កំពុង​សកម្មភាព​គឃ្លើន ដោយ​ជ្រក​ក្រោម​ស្លាក​ជា​អ្នក​ស្រឡាញ់​បរិស្ថាន និង​ធនធានធម្មជាតិ ក្នុង​ចេតនា​ទុច្ចរិត​ក្នុងការ​ធ្វើ​វិទ្ធង្សនា​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​លើ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​តែប៉ុណ្ណោះ​។​
 
« ចំពោះ​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​សមាគម​ណា ដែល​នៅតែ​បន្ត​បំពាន​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ និង​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការអនុវត្ត​វិធានការ​ច្បាប់​។ ជាពិសេស​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ដើម្បី​ទប់ស្កាត់ និង​បញ្ឈប់​សកម្មភាព​បែបនេះ​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងបរិស្ថាន​។​
​ក្រសួងបរិស្ថាន អំពាវនាវ​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​សមាគម​នានា ដែល​កំពុង​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់ការពារធម្មជាតិ បញ្ឈប់​សកម្មភាព​បែប​នេះ​ជាបន្ទាន់ ដើម្បី​ចៀសវាង​ការប្រឈមមុខ​ដាក់គ្នា​តាមផ្លូវ​ច្បាប់​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួងបរិស្ថាន បាន​សង្កត់ធ្ងន់​ដូច្នេះ​៖«​គ្មាន​ផលប្រយោជន៍​អ្វី​ទៅ​ប្រឆាំងនឹង​អ្នក​ស្រឡាញ់ និង​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ឡើយ ប៉ុន្តែ​តម្រូវឱ្យ​ទាំងអស់គ្នា​គោរព​ច្បាប់​ជា​ធរមាន និង​ធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​កំណត់ និង​ដោយ​ក្តី​ស្មោះត្រង់​ក្នុង​ភាពជា​ដៃគូ ដើម្បី​រួម​កម្លាំង​គ្នា​ថែរក្សា​ធនធានធម្មជាតិ​កម្ពុជា​ឱ្យបាន​គង់វង្ស សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅមុខទៀត​»​។​
 
​ក្រសួងបរិស្ថាន ក៏​លើកទឹកចិត្ត​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​សមាគម ដែល​បាន​ចុះបញ្ជី និង​កិច្ចព្រមព្រៀង​ត្រឹមត្រូវ​ស្របតាម​នីតិវិធី​ច្បាប់ ឱ្យ​ចូលរួម​ក្នុង​ការងារ ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ជីវៈចម្រុះ ប្រព័ន្ធ​អេកូឡូស៊ី និង​ការងារ​លើកស្ទួយ​ជីវភាព​រស់នៅ របស់​ប្រជា​សហគមន៍​ដែល​រស់នៅក្នុង និង​ក្បែរ​តំបន់ការពារធម្មជាតិ ដើម្បី​បុព្វហេតុ​សម្បត្តិ​ធម្មជាតិ របស់​យើងទាំងអស់គ្នា​។​
 
​បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន​បាននិងកំពុង​គ្រប់គ្រង​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ ដែល​រួមមាន​៖ តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ សរុប​ចំនួន ៦០ កន្លែង គ្របដណ្តប់​លើ​ផ្ទៃដី ប្រមាណ​ជាង ៧,២ លាន​ហិ​កាតា ស្មើ​ប្រមាណ ៤១% នៃ​ផ្ទៃដី​សរុប​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងនោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​ចំនួន ១២៦០​នាក់ ឈរជើង​នៅតាម​តំបន់ការពារធម្មជាតិ​នីមួយៗ កំពុង​ធ្វើ​សកម្មភាព​ល្បាត ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដោយមាន​ការចូលរួម និង​កិច្ចសហការ​ល្អ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម និង​សហគមន៍ មូលដ្ឋាន​ពាក់ព័ន្ធ​ទាំងយប់​ទាំង​ថ្ងៃ​៕
 

Tag:
 បរិស្ថាន​
  ធនធានធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com