ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សាសនិកឥស្លាមអនុវត្តន៍ការមិនជួបជុំក្នុងខែរ៉ម៉ាឌន ដើម្បីទប់ស្កាត់ការឆ្លងCOVID-19ក្នុងសហគមន៍ credit-សាសនិកឥស្លាម-ក្នុងពិធីចែកកញ្ចប់ស្រាយបួសក្នុងខែរ៉ម៉ាឌន-ក្នុងបរិវេណវិហារឥស្លាម-អាន់នៀកម៉ាស់-ភូមិស្ទឹងថ្មី-ខេត្តសៀមរាប-នាថ្ងៃទី២២-មេសា-ឆ្នាំ២០២០។
× សៀមរាប៖ នៅឆ្នាំ២០២០នេះ សាសនិកឥស្លាមកម្ពុជា បានចាប់ផ្តើមខែរ៉ម៉ាឌន ឬខែបួសពីថ្ងៃទី២៤ មេសា ដែលត្រូវនឹងថ្ងៃ១កើត ខែរ៉ម៉ាឌន។ ខុសពីរាល់ឆ្នាំ ពិធីបុណ្យរ៉ម៉ាឌននៅឆ្នាំនេះ ហាក់មានភាពស្ងប់ស្ងាត់បន្ដិចដោយសារការយារយីពីជំងឺកូវីដ១៩។ សាសនិកឥស្លាមទាំងអស់ តម្រូវឱ្យស្រាយបួស និងថ្វាយបង្គំនៅតាមផ្ទះរៀងៗខ្លួន ដោយហាមការជួបជុំនានា។ ការហាមប្រាណនេះ មិនមែនជាបញ្ហាអ្វីឡើយ ផ្ទុយទៅវិញសាសនិកឥស្លាមប្រាប់ថា ពួកគេព្រមអនុវត្តន៍តាមការណែនាំរបស់ថ្នាក់ដឹកនាំ ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍។
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
បើទោះបីជាស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មានសភាពធូរស្រាលខ្លាំងក៏ពិតមែន តែក្រសួងសុខាភិបាលបានបន្តដាស់តឿនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវមើលស្រាលជំងឺនេះឡើយ។ ន័យដូច្នេះ ការជួបជុំនានាក៏ត្រូវបន្តហាមឃាត់ដែរ។
សហគមន៍ខ្មែរឥស្លាម កំពុងប្រតិបត្តិខែរ៉ម៉ាឌនរបស់ខ្លួន ដែលជាធម្មតានៅពេលល្ងាចពួកគេតែងមានការជួបជុំនៅតាមវិហារសាសនា ក្នុងន័យស្រាយបួសរួមគ្នា។ រីឯពេលយប់ មានការថ្វាយបង្គំរួមគ្នាតាមវិហារផងដែរ។ នៅឆ្នាំនេះ ការប្រតិបត្ដិជួបជុំដូច្នេះ ត្រូវបានហាមឃាត់។ សាសនិកឥស្លាមទាំងអស់ តម្រូវឱ្យប្រតិបត្តិការថ្វាយបង្គំតារ៉វេហ្វ (ថ្វាយបង្គំពេលយប់នៅក្នុងខែរ៉ម៉ាឌន) នៅតាមផ្ទះរៀងៗខ្លួន ហើយការស្រាយបួសហូបអាហារក៏ដូច្នោះដែរ។
លោក កូប ស្មាអែល កូនបង្រៀនសាសនាក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប យល់ថា សាសនិកឥស្លាមទាំងអស់ ចាំបាច់ត្រូវគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។ ថ្នាក់ដឹកនាំដែលលោកចង់សំដៅនោះ មានទាំងរាជរដ្ឋាភិបាល និងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។ លោកបន្ថែមថា បទបញ្ជាទាំងឡាយក្នុងន័យដើម្បីការការពារ និងដើម្បីរក្សាអាយុជីវិតរបស់សាសនិកឥស្លាមពីជំងឺកូវីដ១៩ ហើយមិនមែនជាការរិតត្បិតអ្វីឡើយ។
ក្រៅពីបង្ហាញការអនុវត្តតាមបទបញ្ជាមេដឹកនាំ ក្នុងនោះលោក កូប ស្មាអែល ក៏ហាក់មានការសោកស្ដាយផងដែរ នៅពេលដែលឆ្នាំនេះខែរ៉ម៉ាឌន មិនបានជួបជុំថ្វាយបង្គំឬស្រាយបួសរួមគ្នាតាមវិហារសាសនា។ យ៉ាងណាលោកយល់ថា ការអនុវត្តតាមបទបញ្ជា គឺជាការល្អប្រសើរបំផុត។
វិហារឥស្លាមភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
ចំណែកមេដឹកនាំសាសនាក្នុងវិហាររ៉ហ្វីអ៉ះ ភ្នំក្រោម សង្កាត់ចុងឃ្នៀសនោះវិញ ក៏បានផ្សព្វផ្សាយដល់ពលរដ្ឋក្នុងសហគមន៍ឱ្យគោរពតាមសារាចររបស់រាជរដ្ឋាភិបាល និងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជាដែរ។ លោក ត្រេស អែល ប្រាប់ថា ជាកិច្ចការដែលសំខាន់បំផុតដែលសាសនាឥស្លាមបង្រៀនឱ្យអ្នកប្រតិបត្តិគ្រប់រូប ត្រូវគោរពតាមបទបញ្ជារបស់មេដឹកនាំ ដ្បិតថាមេដឹកនាំទាំងនោះជាអ្នកទទួលខុសត្រូវរាល់បញ្ហាកើតឡើង។
គ្រូបង្រៀនសាសនាឥស្លាមមួយរូបទៀតនៅសហគមន៍ក្នុងខេត្តសៀមរាប លោក អូស្មាន ពិន សឡេះ ក៏បានចូលរួមផ្សព្វផ្សាយ រាល់ព័ត៌មានទាក់ទងនឹងជំងឺកូវីដ១៩ដល់សហគមន៍ខ្លួនដែរ។ លោកប្រាប់ថា សហគមន៍ឥស្លាមក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ បានយល់ដឹងច្រើនពីវិធីបង្ការ ការទប់ស្កាត់ និងបានត្រៀមខ្លួនរួចរាល់ក្នុងការស្រាយបួសតាមផ្ទះក្នុងខែបុណ្យរ៉ម៉ាឌននេះ។
ចំពោះការអនុវត្តការស្រាយបួស និងការថ្វាយបង្គំតារ៉វេហ្វនៅតាមផ្ទះ ដែលខុសពីរាល់ឆ្នាំ គ្រូបង្រៀនសាសនាឥស្លាម លោក កូប ស្មាអែល ប្រាប់ថាការអនុវត្តបែបនេះគឺសាសនិកទាំងអស់នឹងទទួលផលបុណ្យដូចការធ្វើនៅវិហារដែរ។ លោកពន្យល់ថា ការគោរពប្រណិប័តន៍គឺស្ថិតក្នុងចិត្តរបស់យើងគ្រប់រូប ចង់យើងទៅគោរពក្នុងវិហារណាស់ តែកាលៈទេសៈនេះទាមទារឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវស្ដាប់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីទប់ស្កាត់ការរាលដាលជំងឺឆ្លងកូវីដ១៩។ លោកបន្ថែមថា៖« បើយើងជួបជុំគ្នាវាអាចឱ្យការឆ្លងនោះ កាន់តែឆាប់រហ័ស ទី១យើងរក្សាឱ្យបាននូវសុខសប្បាយ ដើម្បីសេចក្ដីសុខទាំងអស់គ្នា អល់ឡោះផ្តល់ផលបុណ្យឱ្យយើងដូចគ្នាទៅនឹងការថ្វាយបង្គំជុំគ្នានោះដែរ»។
នៅពាក់កណ្ដាលខែ មីនា កន្លងទៅ សហគមន៍ឥស្លាមត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩ពីប្រទេសម៉ាឡេស៊ីចំនួន២៣នាក់ ក្នុងចំណោមមនុស្ស៧៩នាក់ ដែលបានទៅចូលរួមបុណ្យសាសនានៅទីនោះ។ បុរសទាំងនោះបានចម្លងទៅប្រពន្ធនិងកូនចំនួន៨នាក់ទៀត ហើយក្រោយមកក្រសួងសុខាភិបាលបានរកឃើញពលរដ្ឋខ្មែរឥស្លាមដែលវិលត្រឡប់ពីម៉ាឡេស៊ីវិញ ឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែម។ ដូច្នេះសរុបសហគមន៍ឥស្លាមកម្ពុជា មានអ្នកជំងឺកូវីដ១៩ សរុប៣៣នាក់ បច្ចុប្បន្នជាសះស្បើយ៣២នាក់ នៅសល់ម្នាក់ដែលមានអាយុច្រើន និងមានជំងឺប្រចាំកាយ៕
Tag:
ខែរ៉ម៉ាឌន
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com