ជាតិ
សង្គមជាតិ
លោកយាយ ចែម ខែ​ត បន្ត​កិន​ម្សៅ​ធ្វើ​ណែម​លក់​តាម​ក្បួន​បុរាណ ដើម្បី​រក្សា​រសជាតិ​ឆ្ងាញ់​
27, Apr 2020 , 7:19 am        
រូបភាព
សៀមរាប​៖ លោកយាយ ចែម ខែ​ត រស់នៅ​ភូមិ​ព្រះ​ដាក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ បច្ចុប្បន្ន​លោកយាយ​មាន​របរ​លក់​នំ​នៅផ្ទះ​បន្ដិចបន្ដួច ដើម្បី​ចិញ្ចឹម​ចៅ​កំព្រា​២​នាក់​។ លោកយាយ ខែ​ត ធ្វើ​នំ​ណែម ដែល​អ្នក​តំបន់​ខ្លះ​និយម​ហៅ​គួ​ង​។ អ្នកភូមិ​ព្រះ​ដាក​រូបនេះ នៅ​បន្ត​កិន​ម្សៅ​និង​ធ្វើ​នំ​តាម​ក្បួន​បុរាណ ព្រោះ​យល់ថា ការធ្វើ​របៀបនេះ​មាន​រសជាតិ​ឆ្ងាញ់​ជាង ហើយ​អ្នកទិញ​ក៏​ចូលចិត្ត​ហូប​ជាង​ដែរ​។​

 
​នៅក្រោម​រោង​មុខផ្ទះ ម៉ោង​ប្រមាណ​១០​ព្រឹក លោកយាយ ខែ​ត និង​កូនស្រី កំពុង​ញាប់ដៃ​ធ្វើ​នំ​ណែម​។ ណែម​ដែល​ទើប​ចាក់​ក្ដៅៗ បង្ហើរ​ក្លិន​ចូល​ច្រមុះ និង​ត្រូវបាន​យក​ដាក់​ហាល​ឱ្យ​ស្ងួត និង​ត្រជាក់​បន្ដិច មុននឹង​យកទៅ​មូល​លាយ​គ្រឿង​និង​បន្លែ ដើម្បី​បន្ថែម​រសជាតិ​ពេល​ជ្រលក់​ទឹកត្រី​។ លោកយាយ ខែ​ត ដែល​កំពុង​មូល​ណែម​លើ​គ្រែ​មុខផ្ទះ​បាន​និយាយថា លោកយាយ​ធ្វើ​នំ​នេះ​លក់​ច្រើន​ឆ្នាំ​មកហើយ ដែល​ធ្វើ​ឆ្លាស់គ្នា​ពេលខ្លះ​ធ្វើ​បាញ់​ឆាវ គុយទាវ​កាត់ និង​ណែម​។ 
 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖
 
 
​ក្នុង​មួយថ្ងៃ​លោកយាយ ខែ​ត ធ្វើ​ណែម​លក់​អស់​២​គីឡូ​អង្ករ ដែល​គិត​ជា​ប្រា​ក់បាន​ប្រមាណ​៣​ម៉ឺន​រៀល​។ ណែម​មួយ​លក់បាន ៥០០​រៀល ដែល​ចាប់​លក់​ពី​ម៉ោង​១០​ព្រឹក រហូតដល់​ថ្ងៃរសៀល​បន្ដិច​។ 
 
​ចំពោះ​ការរក្សា​ធ្វើ​ណែម​តាម​ក្បួន​បុរាណ ខណៈដែល​ទីផ្សារ​មាន​លក់​សំបក​ណែម​ស្រាប់ៗ​ទៅហើយនោះ លោកយាយ ខែ​ត ពន្យល់ថា ណែម​ធ្វើ​ពី​ម្សៅ​អង្ករ​ដែល​កិន​ភ្លាមៗ​មាន​រសជាតិ​ឆ្ងាញ់ ទន់ និង​មិន​ប្រៃ​ពេក​។ លោកយាយ​ដែលមាន​ជំងឺ​ស្វិតជើង​ដើរ​មិន​រួច និយាយទៀតថា អតិថិជន​ដែល​និយម​ហូប​គឺ​ចូលចិត្ត​នំ​លោកយាយ​ជាង ណាមួយ​វា​មាន​សំបក​ក្រាស់​៕

Tag:
 ព្រះ​ដាក​
  ណែម
© រក្សាសិទ្ធិដោយ thmeythmey.com