COVID-19
ជាតិ
សម្ព័ន្ធ​គ្រូពេទ្យ​ផ្លាស់ប្តូរ​ពិសោធន៍​ជាមួយ​អ្នកជំនាញ​សុខាភិបាល​ក្រុង​សិន​ជិន​ស្តីពី​ការប្រយុទ្ធ​ជំងឺ​កូ​វីដ​-១៩
26, Apr 2020 , 8:53 pm        
រូបភាព
​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានរៀបចំ​វេទិកា​វេជ្ជសាស្ត្រ​អន​ឡាញ​មួយ​ស្តីពី​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ជាមួយនឹង​អ្នកជំនាញ​សុខាភិបាល​នៃ​ទីក្រុង​សិន​ជិន​ប្រទេស​ចិន​នៅ​ថ្ងៃទី​២៦​ខែមេសា​នេះ​។​

 
 
​នៅក្នុង​វេទិកាវេជ្ជសាស្ត្រ​ដែល​ត្រូវ​បានរៀបចំ​តាម​ប្រព័ន្ធ​អន​ឡាញ ក្រុមគ្រូពេទ្យ​កម្ពុជា និង​គ្រូពេទ្យ​ចិន​នៃ​ទីក្រុង​សិន​ជិន​បានបង្ហាញ​ពិសោធន៍​នៃ​ការងារ​ទប់ស្កាត់ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ដល់​គ្នា​ទៅវិញទៅមក​។ នេះ​បើតាម​ប្រសាសន៍​របស់លោក ហេង សុខ​គង់ ដែលជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​ឧស្សាហកម្ម និង​ជា​ប្រធាន​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែលមាន​វត្តមាន​នៅក្នុង​វេទិកានោះ​។ 
 


​អភិបាលរងក្រុង​សិន​ជិន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​នៃ​ក្រុង​សិន​ជិន ប្រធាន​មន្ទីរពេទ្យ អ្នកស្រាវជ្រាវ និង​អ្នកពាក់ព័ន្ធ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​នៃ​ទីក្រុង​សិន​ជិន សុទ្ធតែ​បាន​ចូលរួម​ក្នុង​នៅក្នុង​សន្និសីទ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ជាមួយ​ភាគី​កម្ពុជា​ដែល​រួមមាន​អភិបាលរង​រាជធានី​លោក នួន ផា​រ័ត្ន ថ្នាក់ដឹកនាំ​នៃ​សម្ព័ន្ធ​គ្រូពេទ្យ និង​ក្រុមគ្រូពេទ្យ​ដែល​បាន​ចូលរួម​ធ្វើ​ការងារ​ផ្ទាល់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។​
 
​លោក ហេង សុខ​គង់ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុង ចំណោម​ក្រុមគ្រូពេទ្យ​ជិត​២០០​នាក់​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ មាន​គ្រូពេទ្យ​៣៤​នាក់ ដែល​បាន​ចូលរួម​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​កម្មករ​។ ប្រធាន​សម្ព័ន្ធ​គ្រូពេទ្យ​បាន​បន្ថែម​យ៉ាង​ដូច្នេះ​៖«​យើង​បានជ្រើសរើស​គ្រូពេទ្យ​២​រូប ឱ្យ​ចែករំលែក​ពិសោធន៍​ជាមួយ​ក្រុមគ្រូពេទ្យ​ចិន អំពី​វិធីសាស្ត្រ​ព្យាបាល និង​ការថែរក្សា​អ្នកជំងឺ​នៅ​មជ្ឈមណ្ឌល​សុខភាព​ចាក់អង្រែ ដោយ​គាត់​បាន​ចូលរួម​ព្យាបាល​អ្នកជំងឺ​បានជា​សះស្បើយ និង​វិធាន​ប្រតិ​ប​ត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​លើក​ម្មករ​ចំណាកស្រុក​»​។​
 
​បើតាម​ការបញ្ជា​ក់រប​ស់លោក ហេង សុខ​គង់ ភាគី​ចិន​បាន​កោតសរសើរ​កម្ពុជា អំពី​វិធានការ​ច​ត្តា​ឡី​ស័ក​កម្មករ​ចំណាកស្រុក និង​ការត្រៀម​រៀបចំ​ក្រុមគ្រូពេទ្យ​ដោយមាន​ជួរ​ទីមួយ និង​ទី​ពីរ​សម្រាប់​ការងារ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។​


 ​នៅក្នុង​ពិធី​បើក​វេទិកា លោក នួន ផា​រ័ត្ន បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ទាំងពីរ​ភាគី​ដោយបាន​កត់សម្គាល់ថា ក្នុង​រយៈពេល​ដែល​កម្ពុ​ជា​កំពុង​ឆ្លងកាត់​ដំណាក់កាល​នៃ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នេះ កម្ពុជា​បាន​រៀនសូត្រ​ទទួលបាន​ពិសោធន៍​៣​។ លោក​អភិបាលរង​រាជធានី​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ទីមួយ គឺ ការដឹកនាំ​នយោបាយ​ត្រូវ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ទប់ស្កាត់​ការភ័យខ្លាច​របស់​ប្រជាជន ដែល​អាច​គ្រោះថ្នាក់​ជាង​ជំងឺ​កូ​វីដ​។ ពិសោធន៍​ទី​ពីរ គឺ​ការបង្ហាញ​ឱ្យឃើញថា កម្ពុជា​តូច តែមាន​បេះដូង​ធំ តាមរយៈ​ការអនុញ្ញាតឱ្យ​នាវា​ទេសចរណ៍ Westerdam ចូល​ចត​ក្នុង​ផែ​កម្ពុជា ហើយ​កម្ពុជា​ព្យាបាល​ជនបរទេស​ដោយ​មិន​រើសអើង និង​មិន​យក​កម្រៃ និង​ទី​បី គឺ​ឱកាស​ដែល​បង្ហាញ អំពី​មិត្តភក្តិ ល្អ​ជួយ​គ្នា ក្នុង​គ្រា​លំបាក​។ ដំណាក់កាល​កូ​វីដ បានធ្វើឱ្យ​ទំនាក់ទំនង​កម្ពុជា​-​កាន់តែ​រឹងមាំ​»​។​
 
​គួរ​បញ្ជាក់ថា វេទិកាវេជ្ជសាស្ត្រ​នេះ ត្រូវ​បានរៀបចំ​រួមគ្នា​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​ក្រុង​សិន​ជិន និង​មូលនិធិ​ក្រុង​សិន​ជិន​សម្រាប់​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ និង​ការផ្លាស់ប្តូរ​អន្តរជាតិ ដោយមាន​ការឧបត្ថម្ភ​ពី​សាកលវិទ្យាល័យ​អន្តរជាតិ​ប៊ែ​ល​ធី និង​ក្រុមហ៊ុន ហួ​វេ​។​

បើតាម​ការអះអាង​រប​ស់លោក ហេង សុខ​គង់ ភាគី​ទីក្រុង​សិន​ជិន ដែលជា​ទីក្រុង​សម្ព័ន្ធមេត្រីភាព​ជាមួយ​រាជធានី​ភ្នំពេញ​ផង​នោះ បាន​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​គាំទ្រ​គ្នា​ទៅវិញទៅមក​ជាមួយ​ក្រុម​គ្រូពេទ្យ​កម្ពុជា នៅក្នុង​ការងារ​លុបបំបាត់​ជំងឺ​កូ​វីដ​-១៩ ពី​ប្រទេស​ចិន កម្ពុជា និង​ពិភពលោក​៕
 


 

 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com