COVID-19
ជាតិ
លោក ម៉ម ប៊ុនហេង​៖ ពលរដ្ឋ​កុំ​យល់ច្រឡំ​ថា កម្ពុជា អស់​ជំងឺ​COVID-19​ឱ្យសោះ​
27, Apr 2020 , 10:11 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ថ្លែងក្នុងសន្និសីទសារព័ត៌មាន​នាព្រឹកថ្ងៃទី២៧ ខែមេសា ។ ថតដោយ ប៉ាន់ បូនី
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ថ្លែងក្នុងសន្និសីទសារព័ត៌មាន​នាព្រឹកថ្ងៃទី២៧ ខែមេសា ។ ថតដោយ ប៉ាន់ បូនី
​ភ្នំពេញ​៖ ពលរដ្ឋ កុំ​យល់ច្រឡំ​ថា កម្ពុជា​អស់​ជំងឺ​កូ​វីដ-​១៩​ឱ្យសោះ ព្រោះ​វីរុស​នៃ​ជំងឺ​កូ​វីដ-​១៩​នេះ អាច​រស់នៅ​ជាមួយ​មនុស្ស​យើង​រយៈពេល​វែង​។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ថ្លែង​បែបនេះ នៅក្នុង​សន្និសីទកាសែត ជុំវិញ​ករណី​ជំងឺ​កូ​វីដ​-១៩ នៅ​ព្រឹក​ថ្ងៃទី​២៧ មេសា​។​

 
​រដ្ឋមន្ត្រី​សុខាភិបាល​រូបនេះ បាន​សង្កេតឃើញថា ប្រជាពលរដ្ឋ ចាប់ផ្ដើម​បន្ត​រស់នៅ និង​ជួបជុំគ្នា​តាម​ទម្លាប់​ធម្មតា​វិញ ខណៈ​ជំងឺ​កូ​វីដ-​១៩ កំពុង​ថមថយ​ចុះ​។ សម្រាប់​លោក ម៉ម ប៊ុនហេង ការងា​កមក​រស់​នៅតាម​ទម្លាប់​ធម្មតា​វិញ​របស់​ពលរដ្ឋ​នេះ គឺជា​ការធ្វេសប្រហែស និង​ខ្វះ​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​១៩​។​
 
​បើតាម​លោក ម៉ម ប៊ុនហេង វីរុស​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ មិនទាន់​ផុតរលត់​ពី​កម្ពុជា​នោះទេ ព្រោះ​វា​អាច​កើត​ឡើងវិញ តែមួយ​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ បើសិនជា​ពលរដ្ឋ​ខ្វះ​ការយកចិត្តទុកដាក់​ការពារ និង​ទប់ស្កាត់​។ «​សូមកុំ​យល់ច្រឡំ​ថា កម្ពុជា​អស់​ជំងឺ​កូ​វីដ​-១៩​ឱ្យសោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ម ប៊ុនហេង​។​
 
​រដ្ឋមន្ត្រី​សុខាភិបាល​រូបនេះ បាន​រម្លឹក​ឱ្យ​ពលរដ្ឋ​បន្ត​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​នេះ តាមរយៈ​ការអនុវត្ត​វិធានការ​របស់​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួងសុខាភិបាល តាមរយៈ​ការប្រើប្រាស់​ម៉ាស់ ទឹក​អាល់កុល​ឬ ជែ​ល លាងដៃ​ជាមួយ​ទឹកស្អាត​ឱ្យបាន​ញឹកញាប់។ ជាពិសេស​ត្រូវ​តាមដាន​ពិនិត្យ​សុខភាព​ខ្លួនឯង និង​ក្រុមគ្រួសារ​ជាប្រចាំ​។ ចំពោះ​ពលរដ្ឋ​ដែលមាន​អាកា​រផ្ដាសាយ ឬ​ក្អក​ជាដើម ត្រូវ​ទៅ​ពិគ្រោះ​យោបល់ និង​ពិនិត្យ​សុខភាព​។​
 
​ដោយឡែក​កន្លែង​ភោជនីយដ្ឋាន និង​ហាង​ទំនិញ​នានា ត្រូវមាន​សម្ភារ​ការពា​រ​ជំងឺ​កូ​វីដ-​១៩ ដល់​បុគ្គលិក និង​អតិថិជន​។ ហើយ​ហាង​ទាំងអស់ ត្រូវ​បើក​បង្អួច​ឱ្យ​មានការ​ខ្យល់​ចេញ​-​ចូល និង​កុំ​បើក​ម៉ាស៊ីនត្រជាក់។​ រីឯ​តុ និង​កៅអីអង្គុយ មាន​គ្នា​តែ​៤ ​ទៅ​៥​នាក់​ប៉ុណ្ណោះ ដោយ​អង្គុយ​ឃ្លាត​ពីគ្នា​ពី​១,៥ ម៉ែត្រ​ឡើងទៅ​។ នេះ​បើតាម​លោក ម៉ម ប៊ុនហេង​។​
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៧ មេសា​នេះ អ្នកជំងឺ​កូ​វីដ-​១៩​នៅ​កម្ពុជា ១១៩​នាក់​ហើយ បានជា​សះស្បើយ ខណៈ​អ្នកជំងឺ​នៅសល់តែ​៣​នាក់​ទៀត​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ កម្ពុជា បានធ្វើតេស្ត​លើ​សំណាក​ ១១,៥៧៦​ តេស្ត​​ ចាប់តាំងពីមានការឆ្លងកូវីដ-១៩ នៅក្នុងប្រទេស​៕
 

Tag:
 ម៉ម ប៊ុនហេង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com