COVID-19
ជាតិ
អ្នកទោស​និង​អ្នកនេសាទ​ខ្មែរ​២២២​នាក់​នៅ​ម៉ាឡេស៊ី នឹង​អនុញ្ញាត​ឲ្យ​មកវិញ បើ​គ្មាន​កូ​វីដ
27, Apr 2020 , 11:36 am        
រូបភាព
​ភ្នំពេញ​៖ លោក ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល អះអាងថា អ្នកទោស​ខ្មែរ​៧៣​នាក់​និង​អ្នកនេសាទ​ខ្មែរ​១៤៩​នាក់ នៅ​ម៉ាឡេស៊ី នឹង​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់មក​កម្ពុជា​វិញ តែ​ពួកគេ ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​នៅ​ម៉ាឡេស៊ី​ជាមុន ហើយ​លទ្ធផល​មិនមាន​ជំងឺ​កូ​វីដ​-១៩​។


 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍ ស្ដីពី​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ទីស្ដីការ​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ លោក ម៉ម ប៊ុនហេង ថ្លែងថា ខាង​ក្រសួងសុខាភិបាល បានស្នើ​សុំ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួចហើយ ចំពោះ​ករណី​អ្នកទោស​ខ្មែរ ដែល​ត្រូវបាន​ម៉ាឡេស៊ី ដោះលែង និង​អ្នកនេសាទ​ខ្មែរ ដែលមាន​បំណង​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ 
 
​លោក​រដ្ឋមន្ត្រី សង្កត់ធ្ងន់ថា​៖«​លក្ខណៈ​សំខាន់បំផុត​គឺថា សុំ​ខាង​ភាគី​ម៉ាឡេស៊ី ធ្វើតេស្ត​កូ​វីដ​-១៩ លើ​អ្នក​ទាំងនោះ​។ បើ​មិនមាន​មេរោគ​កូ​វីដ​-១៩​ទេ នឹង​អាច​ឲ្យ​គាត់​ត្រឡប់មកវិញ បើ​អ្នកមាន​មេរោគ​កូ​វីដ ត្រូវ​សម្រាក​ព្យាបាល​ឲ្យ​ជា ដូច​យើង​ព្យាបាល​ប្រជាជន​ម៉ាឡេស៊ី​នៅក្នុង​ប្រទេស​របស់​យើង​ដែរ​»​។ 
 
​លោក បញ្ជាក់ថា នៅពេល​មក​កម្ពុជា​វិញ អ្នកទោស​និង​អ្នកនេសាទ​ខ្មែរ​ទាំងនោះ នឹងត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដាន​និង​ពិនិត្យ​សុខភាព រួមទាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​បន្ថែមទៀត​នៅតាម​ផ្ទះ​។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា អ្នកនេសាទទាំង១៤៩នាក់នោះ គឺស្ថិតក្នុងចំណោមពលករខ្មែរ១៥០នាក់ ដែលរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមកកម្ពុជា កាលពីថ្ងៃទី៧ ខែមេសា។ លោក បន្ថែមថា បច្ចុប្បន្ននេះ ចំនួនអ្នកត្រឡប់មកកម្ពុជា មិនទាន់ដឹងច្បាស់នៅឡើយទេ៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com