ជាតិ
ធ្នង់៨៨៦ដើ​មហើយ ដែលត្រូវបាន​ដាំ​នៅ​ផ្លូវជាតិ​លេខ​៦​អា ដើម្បី​ពង្រីក​គម្រប​បៃតង​ក្នុងរាជធានី
27, Apr 2020 , 12:22 pm        
រូបភាព
ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ បន្ត​យុទ្ធនា​ការដាំ​ដើមឈើ​ធ្នង់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦​អា ស្ថិតនៅក្នុង​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ចូលរួម​ពង្រីក​គម្រប​បៃតង​ក្នុង​រាជធានី​ភ្នំពេញ​។ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា​នេះ ធ្នង់​ចំនួន​៥​ដើម​ត្រូវបាន​ដាំ​បន្ថែមទៀត ដោយមាន​ការចូលរួម​ពី​សំណាក់​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក Michael Newbill អនុប្រធាន​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែលជា​ផ្នែក​មួយ​នៃ​ការអបអរ​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​អាមេរិក ផងដែរ​។



«​យើង​បន្ត​ការដាំ​ដើម​ធ្នង់​ដែលមាន​អាយុ​ចន្លោះ​ពី​៤​ទៅ​៦​ឆ្នាំ តាម​គម្រោង​របស់​យើង ដោយមាន​ការឧបត្ថម្ភ​ពី​សំណាក់​ក្រុមហ៊ុន​នានា​។ ការដាំ​ដើមឈើ​នេះ ជា​ជំហាន​តូចៗ នៅក្នុង​ជំហាន​ដ៏​វែងឆ្ងាយ​សម្រាប់​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​»​។ នេះ​ជាការ​អះអាង​របស់លោក នួន ផា​រ័ត្ន មុនពេល​រៀបចំ​ពិធី​ដាំ​ដើម​ធ្នង់​៥​ដើម​ជា​និមិត្តរូប​នៅមុខ​វត្ត​កៀន​ឃ្លាំង ក្នុង​ខណ្ឌ​ជ្រោយចង្វារ​។​



បើតាម​អភិបាលរង​រាជធានី​ភ្នំពេញ វត្តមាន​ចូលរួម​ពី​សំណាក់​លោក Michael Newbill អនុប្រធាន​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ចន្ទ ក៏​ដោយសារតែ​ប្រធានបទ​នៃ​ការអបអរ​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​អាមេរិក​នៅ​ខែ​នេះ ទាក់ទង​នឹង​បរិស្ថាន​។​

​លោក នួន ផា​រ័ត្ន បាន​អះអាងថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ផែនការ​ជាច្រើន ដូចជា​ផែនការ​កសាង​ជាទី​ក្រុង​វៃឆ្លាត និង​ផែនការ​ពង្រីក​គម្រប​បៃតង​ជាដើម​។ លោក​ជឿជាក់ថា គម្រប​បៃតង ដែល​សាលា​រាជធានី​ភ្នំពេញ បន្ត​ពង្រីក​បន្តិច​ម្ដងៗ​នេះ នឹងចូលរួម​លើក​សោភណភាព​រាជធានី​ភ្នំពេញ និង​ចូលរួម​កាត់បន្ថយ​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។

​លោក Michael Newbill អនុប្រធាន​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លើកឡើងថា​៖ «​យើង​ទើបបាន​រំឭក​ខួប​ទី​៧០​នៃ​ទំនាក់ទំនង​ការទូត​។ រៀងរាល់ខែ យើង​មាន​ប្រធានបទ​ផ្សេងគ្នា​ដើម្បី​អបអរ​ទំនាក់ទំនង​ទ្វេភាគី ហើយ​សម្រាប់​ខែមេសា គឺ​បរិស្ថាន​។ ក្នុង​ខែមេសា យើង​បាន​រំលេច​ពី​ភាពជា​ដៃគូ​របស់​យើង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា សង្គម​ស៊ីវិល​កម្ពុជា និង​វិស័យ​ឯកជន​។ ខ្ញុំ​មាន​មោទកភាព​លើ​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​ជាមួយ​រដ្ឋាភិបាល​។ ខ្ញុំ​ក៏​ទន្ទឹង​បើកសម្ពោធ​គំនិត​ផ្ដួចផ្ដើម​អស្ចារ្យ​រវាង​សាលា​រាជធានី​ភ្នំពេញ​ផងដែរ​»​។​



​សូមបញ្ជាក់ថា ដើមឈើ​ដែល​បាន​ដាំ​នៅ​ផ្លូវជាតិ​លេខ ៦​អា ខណ្ឌ​ជ្រោយចង្វារ​មាន​ចំនួន​សរុប ៨៨៦​ដើម​៕









© រក្សាសិទ្ធិដោយ thmeythmey.com