COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ លី​គ​កំពូល​ហូ​ឡង់​ត្រូវ​លុបចោល ដោយ​គ្មាន​ជើងឯក និង​កាត់ចោល​ក្រុម​
27, Apr 2020 , 3:45 pm        
រូបភាព
​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ហូ​ឡង់ (KNVB) បានប្រកាស​លុបចោល​កា​រ​ប្រកួត​ក្របខណ្ឌ Eredivisie រដូវ​កាល ២០១៩-២០ នេះ​ដោយ​គ្មាន​ការផ្តល់​ជើង​ឯង​ទៅ​ឲ្យ​ក្រុម​ណា​ឡើយ​។ សម្រាប់​ក្រុម​កំពូល​តារាង នៅតែ​ទទួលបាន​កៅអី​សម្រាប់​ការប្រកួត​ជម្រុះ​ពាន Champions League រដូវ​កាល​ក្រោយ​។​


 
​លី​គ​កីឡាបាល់ទាត់​កំពូល​ហូ​ឡង់​ចំនួន​ពីរ​កម្រិត ត្រូវបាន​ឆាចោល​តែម្តង​ដោយសារ​វិបត្តិ​ជំងឺ COVID-19​។ ក្នុងការ​លុបចោល​នេះ KNVB បានសម្រេច​មិន​ឲ្យ​មានការ​កាត់ចោល​ក្រុម និង​ក្រុម​ត្រូវ​ឡើងទៅ​លី​គ​កំពូល ហើយក៏​គ្មាន​ក្រុម​ជើងឯក​ដែរ​។​
 
​ក្រោយ​លុបចោល​ការប្រកួត​ក្របខណ្ឌ​ក្នុងស្រុក​នេះ លោក Just Spee ប្រធាន KNVB ថែមទាំង​អះអាង​ទៀតថា ឱកាស​នៃ​ការបន្ត​លេង​ក្នុង​ក្របខណ្ឌ​ផ្សេងទៀត​នៅ​តំបន់​អឺរ៉ុប​ដោយ​បិទទ្វារ​កីឡដ្ឋាន​នោះ​គឺមាន​ភាគរយ​តិចតួច​បំផុត​។​
 
​ក្រុម Ajax បាន​នាំមុខគេ​ក្នុង​តារាង Eredivisie រដូវ​កាល​នេះ ដោយមាន​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម AZ Alkmaar ចំនួន ៥៦​ពិន្ទុ (​តែមាន​គ្រាប់​បាល់​ស៊ីសង​ល្អ​ជាង​) បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​២៥​លើក​រួចមក​។ ខណៈ​នៅសល់ ៩​ប្រកួត​ទៀត​នឹង​បញ្ចប់​នោះ​លី​គនេះ​ត្រូវ​សម្រេច​ឆាចោល​តែម្តង​ដោយសារតែ COVID-19 ។​
 
​បើទោះជា​គ្មាន​ការផ្តល់​ពាន ឬ​កាត់ចោល​ក្រុម ប៉ុន្តែ​ទាំង Ajax និង AZ Alkmaar នឹង​ទទួលបាន​កៅអី​ប្រកួត​វគ្គ​ជម្រុះ​ក្របខណ្ឌ​អឺរ៉ុប Champions League រដូវ​កាល​ក្រោយ ខណៈ Feyenoord ដែលជា​ក្រុម​ឈរ​លេខ​៣ បាន​លេង​វគ្គ​ជម្រុះ Europa League ។​
 
​ហូ​ឡង់​ក៏​ជា​ប្រទេសមួយ​នៅ​តំបន់​អឺរ៉ុប​ដែលមាន​ចំនួន​អ្នក​ឆ្លង COVID-19 ច្រើន​ផងដែរ​រហូតដល់​ជិត​៤​ម៉ឺន​នាក់ ក្នុងនោះ​ស្លាប់​ជិត​៤៥០០​នាក់​។ ដោយសារតែ​ឥទ្ធិពល​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នេះ ទើប​ព្រឹត្តិការណ៍​កីឡា​ធំៗ​នៅ​ហូ​ឡង់ ត្រូវ​ហាម​មិន​ឲ្យ​មាន​សកម្មភាព​រហូតដល់​ខែកញ្ញា​៕

Tag:
 KNVB
  Eredivisie
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com