COVID-19
ជាតិ
ដំណោះស្រាយ​ឈ្នះៗ​ក្នុង​ជម្លោះ​រវាង​អាណាព្យាបាល និង​ម្ចាស់​សាលា​ឯកជន​!
27, Apr 2020 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អាណាព្យាបាល​មួយចំនួន និង​ម្ចាស់​សាលា​ឯកជន​មួយចំនួន បាន និង​កំពុង​ប្រឈមមុខ​ដាក់គ្នា​ក្នុង​បរិបទ​វិបត្តិ​មេរោគ​កូ​វីដ​១៩​។ រឿងរ៉ាវ​កើតឡើង​បន្ទាប់ពី​សាលា​បិទទ្វារ និង​ការដាក់​ឲ្យ​ដំណើរការ ការសិក្សា​ពី​ចម្ងាយ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​មេរោគ​កូ​វីដ​១៩​។ តើ​អ្វី​ទៅជា​ដំណោះស្រាយ​?


 
​ការតវ៉ា​មិន​ព្រម​បង់​គ្រប់​ចំនួន ឬ​ទាមទារ​បង់​តែ​៥០​ភាគរយ ព្រោះ អាណាព្យាបាល​បាន​លើក​ហេតុផល​ថា ការសិក្សា​ពី​ចម្ងាយ​មានគុណ​វិបត្តិ​ច្រើន ក្នុងនោះ​មាន ដូចជា​៖ សិស្ស​និស្សិត មិនសូវ​យកចិត្តទុកដាក់​ស្តាប់​គ្រូ​ប៉ុន្មាន​ឡើយ ជាពិសេស កុមារ​តូចៗ​។ សិស្ស​និស្សិត​ខ្លះ បើក​តែ​កុំព្យូទ័រ​ចោល រីឯ​អា​ម្មណ៍ មិនដឹង​ជា​ហោះហើរ​ទៅដល់​ទីណា​ឡើយ​។ សិស្ស​និស្សិត​ខ្លះទៀត បើក​កុំព្យូទ័រ​បណ្តើរ រៀន​បណ្តើរ ស្តាប់​ចំរៀង​បណ្តើរ ពិសា​នេះ ឬ​នោះ​បណ្តើរ ជួនកាល​ស្តាប់​គ្រូ​ផង ឈែ​ត​ជាមួយ​មិត្តភក្តិ​ផង​។ ប្រសិទ្ធភាព​នៃ​ការសិក្សា​ពី​ចម្ងាយ មាន​កម្រិត​ទាប ជាពិសេស សម្រាប់​កុមារ​តូចៗ​។ ម្យ៉ាងទៀត អាណាព្យាបាល​លើក​ហេតុថា សាលា​មិន​ចំណាយ​ផ្នែក​រដ្ឋបាល ចំណាយ​លើទឹក ភ្លើង​។​ល​។ ម្យ៉ាងទៀត អាណាព្យាបាល​បាន​លើក​ហេតុផល​ថា ពួកគេ​ក៏​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​នៃ​ប្រាក់ចំណូល​ដែរ ព្រោះ ជំនួញ​ពួកគេ​មិន​ដំណើរការ​។ ដូច្នេះ សាលា​ត្រូវតែ​បញ្ចុះតម្លៃ​យ៉ាងតិច​៥០%​។ 
 
​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​អាណា​ព្យាបាល​វិញ អ្នកជំនួញ​ក្នុង​វិស័យ​អប់រំ​បាន​ពន្យល់ថា ជំនួញ​ក្នុង​វិស័យ​អប់រំ​នេះ មិន​ចំណេញ​ច្រើន​ទេ​។ អ្នកជំនួញ​ក្នុង​វិស័យ​អប់រំ​បាន​ពន្យល់ថា ជាទូទៅ​ក្នុងពេល​ធម្មតា សាលា​ត្រូវ​ចំណាយ​លើ​ប្រាក់បៀវត្សរ៍ អគារ ទឹក ភ្លើង រដ្ឋបាល ថ្លៃ​បណ្តុះបណ្តាល​គ្រូ ការស្រាវជ្រាវ ទីផ្សារ ទំនាក់ទំនង​សាធារណៈ ថ្លៃបង់​រំ​លោះ​បំណុល​។​ល​។ ហើយ​នេះ គេ​នៅ​មិនទាន់​គិតពី​ការចំណាយ​ផ្សេងៗ​ទៀតផង​។ 
 
​ម្ចាស់​សាលា​ឯកជន ឬ​អ្នកជំនួញ​ក្នុង​វិស័យ​អប់រំ បាន​បន្ត​ពន្យល់​ទៀតថា ការសិក្សា​ពី​ចម្ងាយ​ធ្វើ​ឲ្យ​សាលា​បន្ត​ចំណាយ​ច្រើន​គួរសម និង​ស្មុគស្មាញ​បន្ថែមទៀត ព្រោះ សាលា​ត្រូវ​បន្តធ្វើ​ការងាររដ្ឋបាល​សម្របសម្រួល​ជាមួយ​អាណាព្យាបាល​ច្រើនជាង​មុន ជាពិសេស ជាមួយ​សិស្ស​តូចៗ​។ ម្យ៉ាងទៀត សាលា​ត្រូវ​បណ្តុះបណ្តាល​គ្រូ​មួយចំនួន​ដែល​មិនសូវ​ចេះ​បច្ចេកវិទ្យា​ព័ត៌មាន​។ លើសពីនេះទៅទៀត សាលា​ខ្លះ​ត្រូវ​វិនិយោគ​បន្ថែម​លើ​ប្រព័ន្ធ​សិក្សា​ពី​ចម្ងាយ​នេះ​ថែម​ទៀតផង​។ អំណះអំណាង​ដែល​លើកឡើង​ខាងលើ​សុទ្ធតែ​សម​ហេតុ​សម​ផល​ទាំងអស់​។ 
 
​តើ​អ្វី​ទៅជា​ដំណោះស្រាយ​? 
 
​អ្នកជំនាញ​នៅក្នុង​វិស័យ​អប់រំ​បានផ្តល់​គំនិត​ថា ក្នុង​បរិបទ​ប្រឈម​ដ៏​លំបាក​នេះ ដំណោះស្រាយ​ដែល​ល្អ​បំផុត គឺ ទី​១ សាលា​ឯកជន​គួរ​បញ្ចុះតម្លៃ​ប្រមាណ​ជា​២០​ទៅ​៣០% មានន័យថា អាណាព្យាបាល​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពីសា​លា​ពី​២០​ទៅ​៣០%​។ បុគ្គលិក​សិក្សា​គ្រូបង្រៀន​គួរ​ទទួល​ប្រាក់ខែ​តែ​ពី​៦០​ទៅ​៧០% មានន័យថា ពួកគាត់​បញ្ចុះតម្លៃ​ប្រាក់ខែ​ពី​៣០​ទៅ​៤០%​។

ម្ចាស់​អគារ​អាជីវកម្ម គួរតែ​បញ្ចុះតម្លៃ​ពី​៣០​ទៅ​៥០%​។ អ្នកជំនាញ​វិស័យ​អប់រំ​បាន​បញ្ជាក់ថា រូបមន្ត​ខាងលើនេះ គឺជា​ដំណោះស្រាយ​យោគយល់​គ្នា​ល្អ​បំផុត​ក្នុង​គ្រា​ប្រឈម​ដ៏​លំបាក​សម្រាប់​គ្រប់ភាគី​៕ 

Tag:
 កូ​វីដ
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com