អន្តរជាតិ
អារ៉ាប៊ីសាអូឌីត លុបចោលទោសប្រហារជីវិតលើអនីតិជន
× អារ៉ាប៊ីសាអូឌីត បានប្រកាសលុបចោលការអនុវត្តទោសប្រហារជីវិតសម្រាប់បទឧក្រិដ្ឋដែលបង្កដោយអនីតិជន។ ការលុបចោលនេះ ត្រូវបានប្រកាសក្រោយទីក្រុងរីយ៉ាដសម្រេចចិត្តលុបចោលការដាក់ទោសដោយការវាយនឹងរំពាត់រួចមក។ ចំណាត់ការថ្មីទាំងនេះ មានគោលដៅសម្រួលកំណត់ត្រាសិទ្ធិមនុស្សដ៏អាក្រក់បំផុតមួយរបស់ប្រទេសដែលមាននិន្នាកាអភិរក្សនិយម ដោយមានការជំរុញពីរជ្ជទាយាទ Mohammed bin Salman ។
ជាការកែប្រែមុខមាត់មួយ អារ៉ាប៊ីសាអូឌីត នឹងមិនអនុវត្តទោសប្រហារជីវិតលើឧក្រិដ្ឋជនដែលប្រព្រឹត្តបទល្មើសនោះពេលមានអាយុក្រោម១៨ឆ្នាំ។ នេះបើតាមការសេចក្ដីថ្លែងការណ៍របស់លោក Awwad Alawwad ប្រធានគណៈកម្មការសិទ្ធិមនុស្សអារ៉ាប៊ីសាអូឌីត ដោយយោងតាមព្រះរាជក្រឹត្យរបស់មហាក្សត្រប្រទេសនេះ។
ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២៦ ខែមេសា លោក Awwad Alawwad បញ្ជាក់ថា ជំនួសឲ្យទោសប្រហារជីវិត ជនល្មើសនឹងត្រូវជាប់ឃុំក្នុងកន្លែងឃុំឃាំងសម្រាប់អនីតិជនវិញ តែក្នុងរយៈពេលក្រោម១០ឆ្នាំ។ លោក Alawwad ចាត់ទុកព្រះរាជក្រឹត្យរបស់មហាក្សត្រជាជំនួយក្នុងការបង្កើតក្រមព្រហ្មទណ្ឌសម័យទំនើប។
ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយថា ការសម្រេចចិត្តលុបចោលការអនុវត្តទោសបែបនេះ នឹងរក្សាជីវិតមនុស្សយ៉ាងតិចណាស់៦នាក់មកពីសហគមន៍ស៊ីអ៊ីតភាគតិចដែលកំពុងរង់ចាំការប្រហារជីវិត។ ពួកគេត្រូវបានចោទប្រកាន់ថា ចូលរួមក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលអំឡុងពេលបដិវត្តន៍អារ៉ាប់ ដែលពេលនោះពួកគេមានអាយុក្រោម១៨ឆ្នាំនៅឡើយ។ កាលពីឆ្នាំ២០១៩ អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏បានស្នើឲ្យទីក្រុងរីយ៉ាដផ្អាកការប្រហារជីវិតពួកគេផងដែរ។
អារ៉ាប៊ីសាអូឌីត ជាប្រទេសមានអត្រាអនុវត្តទោសប្រហារជីវិតខ្ពស់មួយលើពិភពលោក។ បទល្មើសមួយចំនួនដូចជា រំលោភព ប្លន់ ភេរវកម្ម និងការរត់ពន្ធគ្រឿងញៀនជាដើម សុទ្ធតែប្រឈមមុខទោសប្រហារជីវិត។ នៅឆ្នាំ២០១៩ រាជាណាចក្រមួយនេះ កាត់ទោសប្រហារជីវិតមនុស្សយ៉ាងតិច១៨៩នាក់ ដែលជាចំនួនមួយដ៏ខ្ពស់។ តាមតួលេខផ្លូវការរបស់រដ្ឋាភិបាល សម្រាប់ឆ្នាំ២០២០ មនុស្ស១២នាក់ ត្រូវបានប្រហារជីវិតតាំងពីខែមករា។
កាលពីសប្ដាហ៍មុន គណៈកម្មការសិទ្ធិមនុស្សអារ៉ាប៊ីសាអូឌីត ក៏បានប្រកាសពីការលុបចោលការវាយនឹងរំពាត់ផងដែរ។ ការដាក់ទោសដោយវាយនឹងរំពាត់នេះ ក៏រងការរិះគន់ខ្លាំងដែរ។ យ៉ាងណាមិញ ករណីលើកលែង នឹងត្រូវអនុវត្តលើទោសធ្ងន់ធ្ងរមួយចំនួនដូចជាឃាតកម្ម និងលួច៕
Tag:
អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com