រថយន្ត
អន្តរជាតិ
រួមចំណែក​ទប់ស្កាត់ COVID-19 ឥណ្ឌា​គ្មាន​ការលក់​យានយន្ត​ចេញ​ឡើយ​ក្នុង​ខែមេសា​
27, Apr 2020 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ឧស្សាហកម្ម​យានយន្ត​ឥណ្ឌា នឹងមាន​កំណត់ត្រា​លើកដំបូង​ជា​ប្រវត្តិសាស្ត្រ ដោយ​គ្មាន​ការលក់​ចេញ​យានយន្ត​មួយគ្រឿង​ណា​ឡើយ​នៅក្នុង​ខែមេសា​។ យោងតាម​ការផ្សាយ​រប​ស់ ET Auto នេះ​ជាការ​រួមចំណែក​របស់​បណ្តា​ក្រុមហ៊ុន​យានយន្ត​នៅ​ឥណ្ឌា ដើម្បី​ទប់ស្កាត់​ការ​រាលដាល COVID-19 ខណៈ​ប្រទេស​ទាំងមូល​ត្រូវបាន​បិទ​។​

 
​គ្រប់មុខ​ជំនួញ និង​ប្រតិបត្តិការ​ទាំងអស់​នៅ​ឥណ្ឌា ត្រូវបាន​ផ្អាក​ដំណើរ​ចាប់តាំងពី​សប្តាហ៍​ទី​៣​នៃ​ខែមីនា ឆ្នាំ​២០២០ ពោលគឺ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី Narendra Modi បានប្រកាស​បិទ​ប្រទេស ដោយ​រឹតត្បិត​ការធ្វើដំណើរ​រហូតដល់​ថ្ងៃទី​១៤ ខែមេសា ហើយ​ក្រោយមក​ត្រូវបាន​ពន្យា​ដល់​ថ្ងៃទី​៣ ខែឧសភា​។​
 
​គិត​ត្រឹម​រសៀល​ថ្ងៃទី​២៧ ខែមេសា ឥណ្ឌា មាន​ករណី​ឆ្លង​ជិត​២៨០០០ ក្នុងនោះ​ស្លាប់​ជាង​៨៨០​នាក់ និង​សះស្បើយ​ជាង​៦៥០០​នាក់​។ ក្រោយ​ការប្រកាស​បិទ​ប្រទេស បណ្តា​ក្រុមហ៊ុន​យានយន្ត​ជាច្រើន​ក្នុងនោះ​មាន TVS Motor, Maruti Suzuki, Mahindra ជាដើម បានសម្រេច​ព្យួរ​សង្វាក់​ផលិតកម្ម និង​ការលក់​រហូតដល់​ស្ថានភាព​ស្ងប់ស្ងាត់​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ ET Auto លោក R.C. Bhargava ប្រធាន​ក្រុមហ៊ុន Maruti Suzuki បាន​អះអាងថា ក្រុមហ៊ុន​របស់លោក​តែងតែ​ទទួលបាន​នូវ​ការបញ្ជាទិញ​រថយន្ត​ថ្មី​ពី​សំណាក់​អតិថិជន ប៉ុន្តែ​លោក​មិនទាន់​កំណត់ថា អាច​លក់​ចេញ​បាន​នៅ​ខែឧសភា ឬ​យ៉ាងណា​នោះឡើយ ពោលគឺ​អាស្រ័យ​លើ​ស្ថានភាព COVID-19​។​
 
​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​នៅ​ឥណ្ឌា សុទ្ធតែ​បានលើកឡើង​ស្រដៀងៗ​គ្នា ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ពួកគេ​បន្ត​អនុវត្តតាម​ការណែនាំរ​បស់​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​ការ​រាលដាល COVID-19​។ ជាមួយគ្នានេះ គេ​ក៏​មិន​រំពឹងថា ស្ថានភាព​អាច​ល្អប្រសើរ​ចាប់ពី​ខែឧសភា ខាងមុខ​នោះឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com