ជាតិ
ក្រុមហ៊ុន​ជប៉ុន ព្រមព្រៀង​ទិញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​ជាង​១០០​តោន ពី​សិប្បកម្ម​មួយ​នៅ​កំពង់ធំ​
27, Apr 2020 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ គ្រាប់ស្វាយចន្ទី​កែច្នៃ​ពាក់កណ្តាល​សម្រេច​ចំនួន​១៦០​តោន ក្នុង​សិប្បកម្ម​របស់​អ្នកស្រី អ៊ិន ឡៃ​ហួត ត្រូវបាន​ក្រុមហ៊ុន Top planning Japan Co.,Ltd ចុះកិច្ចសន្យា​ទទួល​ទិញ សម្រាប់​ការនាំ​ចេញទៅ​ប្រទេស​ជប៉ុន​។ បើតាម​អ្នកស្រី អ៊ិន ឡៃ​ហួត ចំនួន​គ្រាប់ស្វាយចន្ទី​ក្នុង​កិច្ចសន្យា​នេះ គឺជា​ការសាកល្បង​នៃ​ឆ្នាំ​ដំបូង​ក្នុងការ​នាំទៅ​ជប៉ុន​។


 
​ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ ក្នុង​ខេត្តកំពង់ធំ​រូបនេះ បាន​ប្រាប់​សារព័ត៌​ថ្មីៗ​រាជធានី​-​ខេត្ត​២៥ (ThmeyThmey25) តាម​ទូរ​សព្ទ​ថា សម្រាប់​ឆ្នាំនេះ​(២០២០) សិប្បកម្ម​គ្រោង​ចុះកិច្ចសន្យា​ជាមួយ​ក្រុ​ហ៊ុម​ន Top planning Japan ចំនួន​៤០០​តោន សម្រាប់​ការនាំចេញ ប៉ុន្តែ​ដោយសារតែ​កម្ពុជា ក៏​ដូច​ពិភពលោក​ជួប​វិបត្តិ​កូ​វីដ​-១៩ ទើប​ធ្វើឱ្យមាន​ការប្រែប្រួល នៃ​ចំនួន​ជាក់ស្តែង​ក្នុង​កិច្ចសន្យា​។ អ្នកស្រី បាន​បញ្ជាក់ថា​សម្រាប់​ឆ្នាំ​បន្ទាប់ សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ ជាមួយ​ក្រុមហ៊ុន Top planning Japan នឹង​រួមគ្នា​សម្រេចការ​នាំចេញ​គ្រាប់ស្វាយចន្ទី កែច្នៃ​ទៅ​ប្រទេស​ជប៉ុន ឱ្យបាន​ពី​៤០០ ទៅ​១០០០​តោន​។​
 
​ជាមួយគ្នានេះ អ្នកស្រី អ៊ិន ឡៃ​ហួត បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កសិករ​៧​គ្រួសារ ដែលមាន​ផ្ទៃដី​ចន្ទី ២០០​ហិកតា នៅ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ  នៅ​ថ្ងៃទី​២៧​មេសា ឆ្នាំ​២០២០ ក្នុងការ​ផ្គត់ផ្គង់​គ្រាប់ស្វាយចន្ទី​ស្រស់ ឱ្យ​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ សម្រាប់​កែច្នៃ​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​នោះ ខណៈដែល​អ្នកស្រី ដើរ​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី​ស្រស់ ពី​កសិករ​ឯទៀត ចំនួន​ជិត​៣០​គ្រួសារ ដែល​កំពុង​ដាំ​ដុះ​ស្វាយចន្ទី នៅលើ​ផ្ទៃដី​ជាង​៣០០​ហិកតា​។ 
 
​បើតាម​អ្នកស្រី ឡៃ​ហួត កន្លងមក​ក្រុមហ៊ុន Top planning Japan ក៏បាន​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​សាងសង់ និង​ឧបករណ៍​កែច្នៃ​ចំនួន ដែល​បំពេញ​ដល់​កែច្នៃ​គ្រាប់ស្វាយចន្ទី ក្នុង​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ ផងដែរ​៕

Tag:
 គ្រាប់ស្វាយចន្ទី​
  អ៊ិន ឡៃ​ហួត​
© រក្សាសិទ្ធិដោយ thmeythmey.com