COVID-19
រថយន្ត
អន្តរជាតិ
ក្រុមហ៊ុន​ធានារ៉ាប់រង​យានយន្ត​ជាច្រើន​នៅ​អាមេរិក​សង​ប្រាក់​ខ្លះទៅ​អតិថិជន ដោយសារ​គ្មាន​ការបើកបរ​
27, Apr 2020 , 8:19 pm        
រូបភាព
ដោយ: ធីតា
ការ​រាលដាល COVID-19 បាន​បង្ខំ​ឲ្យ​មនុស្ស​ជាច្រើន​ត្រូវ​នៅផ្ទះ ឬ​គ្មាន​ការបើកបរ​នៅលើ​ផ្លូវថ្នល់​។ ជាមួយគ្នានេះ ក្តីបារម្ភ​ពី​ការបាត់បង់​ការងារ​ធ្វើ និង​ការរក​ប្រាក់​បង់ពន្ធ​ផ្សេងៗ ក៏បាន​ធ្វើ​ឲ្យ​មនុស្ស​វិលមុខ​ផងដែរ​។ ដើម្បី​ជួយ​សម្រួល​ការលំបាក បណ្តា​ក្រុមហ៊ុន​ធានា​រ៉ាប់​យានយន្ត​ជាច្រើន​នៅ​សហរដ្ឋអាមេរិក បានសម្រេច​សង​ប្រាក់​មួយចំនួន​ទៅ​អតិថិជន​របស់ខ្លួន​វិញ​។​



«​ច្បាស់​ណាស់​ថា ចម្ងាយ​នៃ​ការបើកបរ​មានការ​ថយចុះ​ច្រើន ដែល​នាំ​ឲ្យ​ករណី​គ្រោះថ្នាក់ និង​ការទាមទារ​ផ្សេងៗ ក៏មាន​ការថយចុះ​ផងដែរ​។ ដូច្នេះ នេះ​ជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​ក្នុងការ​បង្ហាញ​ការយោគយល់​ចំពោះ​អតិថិជន​»​។ នេះ​ជាការ​លើកឡើង​របស់លោក David Lei អ្នកជំនាញ​សេដ្ឋកិច្ច​ប្រចាំ​សាកលវិទ្យាល័យ SMU របស់​អាមេរិក​។​
 
​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន NBC 5 ក្រុមហ៊ុន​ធានារ៉ាប់រង​ធំៗ​នៅ​សហរដ្ឋអាមេរិក បានចាប់ផ្តើម​ប្រកាស​ពី​ផែន​ការសង​ប្រាក់ ឬ​ឥណទាន​វិញ​ដល់​អតិថិជន​របស់ខ្លួន ក្នុងករណី​អតិថិជន​ទាំងនោះ អនុវត្តតាម​លក្ខខណ្ឌ​នា​អំឡុងពេល​នៃ​ការ​រាលដាល COVID-19​។​
 
​ក្រុមហ៊ុន​ធានារ៉ាប់រង Allstate បានប្រកាស​ពី​គម្រោង «Shelter-in-Place Payback» ជាមួយនឹង​ទឹកប្រាក់​ជាង​៦០០​លាន​ដុ​ល្ហា​រ​អាមេរិក​សម្រាប់​ផ្តល់​ឲ្យ​អតិថិជន​ចន្លោះ​ពី​ខែមេសា និង​ខែឧសភា​។ ដូចជា​គោលការណ៍​រប​ស់ Esurance ផងដែរ អតិថិជន​របស់ Allstate នឹង​ទទួលបាន​ប្រាក់​ជា​មធ្យម​១៥​ភាគរយ​វិញ​។​
 
​ក្រុមហ៊ុន Farmers Insurance បានសម្រេច​បញ្ចុះតម្លៃ​បង់ប្រាក់​២៥​ភាគរយ រីឯ​ក្រុមហ៊ុន GEICO អនុវត្ត​ការផ្តល់​១៥​ភាគរយ​សម្រាប់​អ្នក​កាន់​បណ្ណ​ធារ៉ា​រាប់​រង ដែលមាន​សុពលភាព​ត្រឹម​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​។ រីឯ​ក្រុមហ៊ុន Liberty Mutual ប្រកាស​ពី​គម្រោង Personal Auto Customer Relief Refund ដោយ​អះអាងថា ខ្លួន​នឹង​ចំណាយ​ប្រមាណ​២៥០​លាន​ដុល្លារ​អាមេរិក ដើម្បី​សម្រួល​ដល់​ខ្ទង់ចំណាយ​របស់​អតិថិជន​ខ្លួន​។​
 
​តាមរយៈ Giveback Program ក្រុមហ៊ុន Mercury Insurance បញ្ជាក់ថា អតិថិជន​នៅ​បណ្តា​រដ្ឋ​ទាំង​១១​ដែល​ខ្លួន​ប្រតិបត្តិការ ទទួលបាន​១៥​ភាគរយ​សម្រាប់​ខែមេសា និង​ឧសភា​។ ក្រៅពី​អតិថិជន ក្រុមហ៊ុន Nationwide បានប្រកាស​ពី​គោលការណ៍ (One-time premium Refund) ផ្តល់ប្រាក់​៥០​ដុល្លារ ដល់​រាល់​បុគ្គលិក និង​អ្នក​កាន់​បណ្ណ​ធានារ៉ាប់រង​។​
 
Progressive, State Farm, USAA ក៏​សុទ្ធតែ​បានប្រកាស​ពី​ការត្រៀម​កញ្ចប់​ថវិកា​រៀងៗ​ខ្លួន​សម្រាប់​អតិថិជន ដែល​កំពុង​រងគ្រោះ​ដោយសារតែ​ការ​រាលដាល COVID-19 ដោយ​អះអាងថា ជាការ​រួមចំណែក​ក្នុង​សកម្មភាព​សប្បុរសធម៌ ដោយសារតែ​អាជីវកម្ម​គ្រប់ផ្នែក​សុទ្ធតែ​រង​ផលប៉ះពាល់​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com