COVID-19
កីឡាជាតិ
ជាតិ
កូ​វីដ​-១៩ បាន​កែប្រែ​ពហុ​កីឡដ្ឋាន​ជាតិ​ទៅជា​ស្ងប់ស្ងាត់​
28, Apr 2020 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ពហុ​កីឡដ្ឋាន​ជាតិ ដែល​ធ្លាប់តែ​ជា​កន្លែង​មាន​មនុស្ស​អ៊ូអរ​មក​ហាត់ប្រាណ បានប្រែក្លាយ​ទៅជា​មា​នស​ភាពស្ងប់ស្ងាត់​ក្នុង​មួយរយៈ​ចុងក្រោយ​នេះ​។ ការ​ស្ងប់ស្ងាត់​នេះ គឺ​បន្ទាប់ពី​ក្រសួង​អប់រំ យុវជន​និង​កីឡា​បាន​ដាក់ចេញ​នូវ​វិធាន​ហាមឃាត់​មិន​ឲ្យ​មានការ​ជួបជុំ​លើសពី​១០​នាក់ ឬ​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ក្នុង​តំបន់​នេះ ដើម្បី​បង្ការ​ជំងឺឆ្លង​កូ​វីដ​-១៩​។​

 
​ពហុ​កីឡដ្ឋាន​ជាតិ ដែល​ធ្លាប់តែ​ជា​កន្លែង​មាន​សំឡេង​ធុងបាស់​កងរំពង​ នៅពេល​រសៀល​និង​ល្ងាច និង​មាន​កីឡាករ​កីឡាការិនី និង​ប្រជាពលរដ្ឋ​ហ្វឹកហាត់ និង​ហាត់ប្រាណ​យ៉ាង​មមា​ញឺ​ក បាន​ប្រែ​ទៅជា​មាន​សភាព​ស្ងប់ស្ងាត់​ខុសប្លែក​ពី​ធម្មតា​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ដងផ្លូវ​បេតុង​មាន​ដើមឈើ​អម​សងខាង​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ដែល​ធ្លាប់​គ្របដណ្តប់​ដោយ​ហ្វូងមនុស្ស មាន​សភាព​ស្រឡះ តែ​សម្បូរ​ដោយ​រថយន្ត ដែល​អ្នកធ្វើការ​ក្បែរៗ​នោះបាន​ផ្ញើ​។​
 
 
​ការផ្លាស់ប្តូរ​សភាព​ការណ៍​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នេះ គឺ​បន្ទាប់ពី​មាន​បម្រាម​របស់​ក្រសួង​អប់រំ ដោយ​ហាម​មិន​ឲ្យ​មានការ​ជួបជុំ​លើសពី​១០​នាក់ ជាពិសេស​ការហាត់​ប្រាណ​លក្ខណៈ​ជួបជុំ​នៅ​ទីសាធារណៈ និង​ឯកជន​នានា ក៏ដូចជា​ហាម​មិនមាន​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាដើម​។ អ្វីដែល​សំខាន់​ទៀត​នោះ គឺ​ក្រសួង​បានសម្រេច​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់ ​ក្រុម​ជម្រើសជាតិ​ថ្នាល​៣២ ប្រភេទ​កីឡា ទាំង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ និង​មរតក​តេ​ជោ​។​


 
​លើសពី​រាជរដ្ឋាភិបាល​កម្ពុជា ​បានដាក់​នូវ​វិធានការ​មួយចំនួនទៀត​ ដូចជា​បិទ​សាលារៀន និង​គ្រឹះស្ថានសិក្សា​នានា​គ្រប់​កម្រិត​, បិទ​ខារ៉ាអូខេ​, បៀរហ្គាឌិន​, កន្លែង​ម៉ាស្សា ស្ប៉ា​, កន្លែង​កម្សាន្ត​នានា​, ហាម​មិន​ឲ្យ​មានការ​ជួបជុំ​បែប​សាសនា​ផ្សេងៗ និង​បិទ​កាស៊ីណូ​ជាដើម​។ 
 
​ទោះបី​បច្ចុប្បន្ន ​ស្ថានភាព​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុ​ជា មាន​ធូរស្បើយ​យ៉ាងណាក៏ដោយ តែ​រាជរដ្ឋាភិបាល​កម្ពុជា​ មិនទាន់​ដកចេញ​បម្រាម​ណាមួយ​ ក្នុងចំណោម​បម្រាម​ទាំងអស់​ខាងលើ​ឡើយ​។ ផ្ទុយទៅវិញ ថ្នាក់ដឹកនាំ​កម្ពុជា​ បន្ត​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បង្កើន​ការប្រុងប្រយ័ត្ន​ថែមទៀត តាមរយៈ​រក្សា​អនាម័យ​ខ្លួនប្រាណ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ 
 
​ជាមួយគ្នានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ ស្តីពី​វឌ្ឍនភាព​នៃ​ជំងឺ​កូ​វីដ​-១៩ ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ ក៏បាន​បន្ត​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ បង្កើន​ការប្រុងប្រយ័ត្ន​ផងដែរ​។ ដ្បិត​លោក អះអាងថា ទោះបី​ការ​រាតត្បាត​នៃ​ជំ​ងឹ​កូ​វីដ​-១៩​នៅ​កម្ពុ​ជាមាន​ភាព​ធូរស្បើយ តែ​មិន​ប្រាកដថា អត់​មាន​ជំងឺ​នេះ​១០០​ភាគរយ​នោះទេ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ កម្ពុជា​នៅសល់​អ្នកជំងឺ​កូ​វីដ​-១៩ តែ​៣​នាក់​ទៀត​ប៉ុណ្ណោះ ដែល​បន្ត​សម្រាក​ព្យាបាល បន្ទាប់ពី​ក្រសួងសុខាភិបាល ​ប្រកាស​ពី​ការ​ជា​ស្បើយ​ប្តី​ប្រពន្ធ​ជនជាតិ​បារាំង ​នៅ​ទួល​ទំពូង​។ ចំនួន​នេះ ​បានធ្វើ​ឲ្យ​ចំនួន​អ្នកជា​សរុប​នៅ​កម្ពុជា​ កើនឡើង​ដល់​១១៩​នាក់ ខណៈ​កម្ពុ​ជាមាន​អ្នក​ផ្ទុក​ជំងឺ​តែ​១២២​នាក់​ប៉ុណ្ណោះ​៕   





Tag:
 ​ពហុ​កីឡដ្ឋាន​ជាតិ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com