COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ UEFA បញ្ចេញ​លុយ​២៥៦​លាន​ដុល្លារ​ជួយ​សមាជិក​ដោះ​ទ័ល
28, Apr 2020 , 11:37 am        
រូបភាព
ដោយ: ថ្មីៗ
​សហព័ន្ធ​បាល់ទាត់​អ៊ឺរ៉ុប (UEFA) បាន​បញ្ចេញ​ទឹកប្រាក់​ចំនួន ២៣៦.៥ លាន​អឺរ៉ូ (២៥៦ លាន​ដុល្លារ​អាមេរិក​) ទៅកាន់​សមាជិក​សហព័ន្ធ​កីឡាបាលទាត់​របស់ខ្លួន​ចំនួន ៥៥ ដែល​ត្រូវការ​លុយ​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត COVID-19​។​


 
UEFA នឹង​ផ្តល់​ឲ្យ​សហព័ន្ធ​នីមួយៗ​ចំនួន ៤,៣ លាន​អឺរ៉ូ (៤,៦៦​លាន​ដុល្លារ​អាមេរិក​) ដោយ​ប្រាក់​នេះ​បានកំណត់​សម្រាប់​សហព័ន្ធ​ដែល​ស្ថិតក្នុង​តំបន់​គោលដៅ​អភិវឌ្ឍន៍ និង​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​សកល​នេះ​។​
 
​បើតាម​ការផ្សាយ​លើ​វេ​ប​សាយ​ផ្លូវការ​របស់ UEFA  លោក Aleksander Ceferin ប្រធាន UEFA បាន​លើកឡើងថា​៖« ស្ថាន​ប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប ចង់​ជួយ​សមាជិក​ខ្លួន​ក្នុងការ​ឆ្លើយតប​តាម​វិធី​សមស្រប ​ទៅនឹង​កាលៈទេសៈ​ដ៏​លំបាក​នេះ​។ យើង​បាន​ព្រមព្រៀង​ថា​ប្រាក់ ៤,៦៦ លាន​ដុល្លារ​អាមេរិក ​សម្រាប់​សហ​ព័ន្ធ​នី​មួយៗ​ ដើម្បី​យកទៅ​ចំណាយ​សម្រាប់​រដូវ​កាល​នេះ និង​រដូវ​កាល​ក្រោយ ​ដើម្បី​កសាង​សហព័ន្ធ​កីឡាបាល់ទាត់​ឡើងវិញ​»​។​
 
​មុន​ការចំណាយ​ប្រា​ក់ជាង​ ២០០​លាន​ដុល្លារ​នេះ UEFA បាន​បញ្ចេញ​ប្រាក់​សំណង​ជិត ៧០លាន​អឺរ៉ូ (៧៥ លាន​ដុល្លារ​អាមេរិក​) រួចមកហើយ​ដល់​ក្លិប​នានា ​ដែលមាន​មូលដ្ឋាន​នៅ​អឺរ៉ុប​មុនពេល​កំណត់ ដើម្បី​ជួយ​ដោះស្រាយ​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ អំឡុងពេល​ផ្អាក​ការប្រកួត​ ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ COVID-19​។​
 
​ស្របពេល​គ្នា​នេះដែរ UEFA កំពុង​ពិចារណា​លើ​លទ្ធភាព​ចំនួន​ពីរ​ សម្រាប់​ការបន្ត​ការប្រកួត Champions League និង Europa League ឡើងវិញ​នៅ​ខែសីហា​។ រីឯ​ដំណើរការ​ការប្រកួត​លី​គ​ក្នុងស្រុក​ សម្រាប់​លី​គ​នៅ​អឺរ៉ុប​មួយចំនួន ​ក៏​កំពុង​ពិភាក្សា​ផងដែរ​៕
 

Tag:
 COVID-19
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com