COVID-19
អន្តរជាតិ
COVID-19៖ ឥណ្ឌូណេស៊ី សង្ឃឹម​ត្រឡប់​ទៅរក​ជីវិត​ប្រក្រតី​វិញ​នៅ​ខែកក្កដា​
28, Apr 2020 , 2:05 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​រដ្ឋាភិបាល​ភិ​បាល​ឥណ្ឌូណេស៊ី សង្ឃឹមថា ការរស់នៅ​របស់​ប្រជាជន​ដែល​កំពុង​រួមរឹត​ដោយ​ជំងឺ COVID-19 នឹង​វិល​ទៅរក​ប្រក្រតី​ឡើងវិញ​នៅ​ខែកក្កដា​។ លោក Doni Monardo មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​ប្រឆាំង COVID-19 និយាយ​ដូចនេះ ជាមួយនឹង​ការប្រកាស​ថា រដ្ឋាភិបាល ដាក់​គោលដៅ​ទម្លាក់​ចំនួន​ឆ្លង​ឲ្យ​នៅ​ទាប​ នៅត្រឹម​ខែមិថុនា​ខាងមុខ​តាមរយៈ​ការបង្កើន​ការធ្វើ​តេស្តរ​កវី​រុស​ក្នុងចំណោម​ប្រជាជន​។​

 
​ឥណ្ឌូណេស៊ី គឺជា​ប្រទេសមួយ​ដែល​រងគ្រោះ​ខ្លាំង​ ដោយសារ​ការ​រាតត្បាត​ជំងឺ COVID-19 នៅ​អាស៊ីអាគ្នេយ៍​។ តួលេខ​ករណី​ឆ្លង​ជំងឺ​នេះ​ផ្លូវការ​របស់​ឥណ្ឌូណេស៊ី គឺ​៩០៩៦​ករណី គិត​ត្រឹម​ថ្ងៃទី​២៧ ខែមេសា ដែលជា​ចំនួន​ខ្ពស់​មួយ​បន្ទាប់ពី​សិង្ហ​បុរី​។ ចំនួន​អ្នកស្លាប់ ត្រូវបាន​រាយការណ៍​ថា មាន​៧៦៥​នាក់ ជា​ចំនួន​ខ្ពស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ 
 
​ទោះជា​យ៉ាងណា ទីក្រុង​ហ្សា​ការ​តា បានដាក់​គោលដៅ​វិល​ទៅរក​ស្ថានភាព​ដើម​ នៅ​​រយៈពេល​បី​ខែ​ទៀត​។ ប្រាប់​អ្នកសារព័ត៌មាន​ ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ នៅ​ថ្ងៃទី​២៧ ខែមេសា លោក Doni Monardo ប្រធាន​ក្រុមការងារ​ប្រយុទ្ធប្រឆាំង COVID-19 ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បាន​ប្រាប់​ឲ្យ​មន្ត្រី​ប្រឹង​ធ្វើការ ​ដើម្បី​ឲ្យ​ប្រជាជន​ស្ដាប់​ការណែនាំ និង​មាន​វិន័យ សំដៅ​នៅត្រឹម​ខែមិថុនា ករណី​ឆ្លង​នឹង​ធ្លាក់ចុះ​។​
 
«​ក្នុង​ខែកក្កដា យើង​សង្ឃឹមថា អាច​ចាប់ផ្ដើម​ជីវិត​ប្រក្រតី​វិញ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក Monardo ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​បន្ថែមថា នៅ​ខែឧសភា និង​មិថុនា ការធ្វើ​តេស្តរ​កវី​រុស នឹងមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។ 
 
​គិត​ត្រឹម​ដើម​សប្ដាហ៍​នេះ ឥណ្ឌូណេស៊ី ធ្វើតេស្ត​លើ​មនុស្ស​ជិត​៦​ម៉ឺន​នាក់​។ តួលេខ​នេះ នៅ​ទាប​នៅឡើយ ​ប្រៀបធៀប​នឹង​ប្រជាជន​សរុប​របស់​ឥណ្ឌូណេស៊ី​ ​ជាង​២៦០​លាន​នាក់ ដែល​ជាប់​ចំណាត់ថ្នាក់​ទី​បួន ​លើ​ពិភពលោក​។ សិង្ហ​បុរី​អ្នកជិតខាង​របស់​ឥណ្ឌូណេស៊ី ធ្វើតេស្ត​លើ​មនុស្ស​ដល់​ទៅ​ជាង​៨​ម៉ឺន​២​ពាន់​នាក់​ ក្នុងចំណោម​ប្រជាជន​ជាង​៥​លាន​៦​សែន​នាក់​។ 
 
​ការធ្វើ​តេស្ត​មាន​ចំនួន​តិច ក៏​ព្រោះតែ​ការខ្វះខាត​បុគ្គលិក​សុខាភិបាល និង​សារធាតុ​សម្រាប់​ធ្វើតេស្ត​។ រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា ព្យាយាម​យ៉ាងខ្លាំង​ ក្នុងការ​នាំចូល​គ្រឿង​បរិក្ខារ​ចាំបាច់​បម្រើ​ឲ្យ​ការធ្វើ​តេស្ត​នេះ​។ លោក Monardo និយាយថា សារធាតុ Reagent ដែល​ត្រូវ​ប្រើ​ក្នុងការ​ធ្វើតេស្ត​ចំនួន​៤៧៩​ពាន់ ត្រូវ​នាំ​ដឹកជញ្ជូន​ពី​កូរ៉េខាងត្បូង និង​ចិន​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​។ ជាមួយគ្នានេះ ឥណ្ឌូណេស៊ី ក៏​ពង្រឹងសមត្ថភាព​មន្ទីរ​ពិសោធន៍​ក្នុងស្រុក​ ដើម្បី​ជួយ​ការងារ​ធ្វើតេស្ត​នេះដែរ​៕  

Tag:
 ឥណ្ឌូណេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com