ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែម្នាស់ត្រូវបានគេជឿថាល្អចំពោះស្ត្រី និងអាចការពារជំងឺពុកឆ្អឹងថែមទៀតផង
× ផ្លែម្នាស់គឺជាផ្លែឈើដែលសម្បូរជាតិទឹក ឆ្ងាញ់ និងផ្ទុកទៅដោយជីវជាតិព្រមទាំងសារធាតុមានប្រយោជន៍ជាច្រើនដែលអាចការពារការរលាក និងជំងឺផ្សេងៗបាន។ ខណៈពេលដែលផ្លែម្នាស់ និងសារធាតុរបស់វាមានជាប់ទាក់ទងនឹងប្រយោជន៍ចំពោះសុខភាពជាច្រើន តែវាប្រហែលជាមានភាពអស្ចារ្យបែបពិសេសសម្រាប់ស្ត្រីតែម្តង ក្នុងនោះអាចការពារជំងឺពុកឆ្អឹងបាន។
ជំងឺពុកឆ្អឹងគឺជាជំងឺមួយប្រភេទដែលសម្កាល់ដឹងតាមរយៈការចុះខ្សោយ ឬឆ្អឹងមានលក្ខណៈផុយដោយសារតែការថយចុះកំហាប់ឆ្អឹង។ វាគឺជាជំងឺដែលមិនអាចត្រឡប់មករកសភាពដើមវិញទេ ដូច្នេះអ្នកជំងឺត្រូវប្រឈមខ្លាំងនឹងការបាក់ឆ្អឹង និងវះកាត់។ ខណៈពេលមនុស្សគ្រប់គ្នាអាចកើតជំងឺនេះបាន តែជំងឺពុកឆ្អឹងត្រូវបានគេរកឃើញថាអាចកើតឡើងលើស្ត្រីខ្ពស់ជាងបុរសរហូតដល់ ៤ដងឯណោះ។ ជីវជាតិមួយដែលសំខាន់សម្រាប់សុខភាពឆ្អឹងគឺវីតាមីន C ដែលត្រូវបានគេបង្ហាញថា អាចភ្ញោចដល់ការផលិតរបស់កោសិកាបង្កើតឆ្អឹង និងការពារកោសិកាឆ្អឹងពីការខូចខាតបាន។
តាមពិតទៅ ការញ៉ាំវីតាមីន C គ្រប់គ្រាន់ត្រូវបានគេរកឃើញថា ធ្វើឲ្យកំហាប់ឆ្អឹងកាន់តែខ្ពស់ ហើយក៏បន្ថយការប្រឈមនឹងជំងឺពុកឆ្អឹង និងបាក់ឆ្អឹងផង។ តាមការសិក្សាបានរកឃើញថា មនុស្សម្នាក់ដែលបានញ៉ាំអាហារសម្បូរវីតាមីន C ញឹកញាប់ ឃើញថាមិនសូវប្រឈមនឹងការពុកឆ្អឹងទេ ហើយក៏បន្ថយការបាក់ឆ្អឹងត្រគាកបាន ៣៤ភាគរយដែរ។
សាច់ម្នាស់ ១៦៥ក្រាម អាចផ្តល់ជាវីតាមីន C តាមតម្រូវការប្រចាំថ្ងៃ ៨៨ភាគរយ។ វាក៏ផ្តល់ជា ម៉ាញ៉េស្យូមតាមតម្រូវការប្រចាមថ្ងៃ ៥ភាគរយដែរ ដែលសំខាន់សម្រាប់រក្សាភាពរឹងមាំរបស់ឆ្អឹង។
ដូច្នេះការបញ្ចូលម្នាស់ទៅក្នុងរបបអាហារប្រហែលជាមានប្រយោជន៍សម្រាប់សុខភាពឆ្អឹង និងជួយបង្ការជំងឺពុកឆ្អឹងបានទៀត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com