COVID-19
កីឡាជាតិ
ជាតិ
កីឡាពីរប្រភេទគ្រោងប្រមូលផ្តុំក្រុមថ្នាលឡើងវិញ ក្រោយកូវីដ-១៩មានភាពធូរស្បើយ
× កីឡាចំបាប់ និងកាយសម្ព័ន្ធ គ្រោងប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិថ្នាលឡើងវិញនៅសប្តាហ៍ក្រោយ បន្ទាប់ពីពួកគេហ្វឹកហាត់នៅតាមផ្ទះអស់រយៈពេលជាច្រើនសប្តាហ៍។ គម្រោងប្រមូលផ្តុំហ្វឹកហាត់មុនការសម្រេចរបស់ក្រសួងអប់រំយុវជននិងកីឡានេះ ធ្វើឡើងក្រោយថ្នាក់ដឹកនាំកីឡាទាំងពីរបារម្ភពីធ្លាក់ចុះគុណផលរបស់កីឡាករកីឡាការិនី។
លោក ធិន វិចិត្រ អគ្គលេខាធិការនៃសហព័ន្ធកីឡាចំបាប់កម្ពុជាបានបញ្ជាក់ថា សហព័ន្ធគ្រោងកោះហៅក្រុមជម្រើសជាតិថ្នាលឲ្យប្រមូលផ្តុំហ្វឹកហាត់ឡើងវិញនៅសប្តាហ៍ក្រោយ បន្ទាប់ពីស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជាមានភាពធូរស្បើយ។ ជាមួយគ្នានេះ លោក ណយ ផាណា អគ្គលេខាធិការនៃសហព័ន្ធកីឡកាយសម្ព័ន្ធកម្ពុជា ក៏គ្រោងប្រមូលក្រុមថ្នាលរបស់ខ្លួន ដែលកំពុងហ្វឹកហាត់នៅតាមផ្ទះ ឲ្យហ្វឹកហាត់ជុំគ្នានៅសប្តាហ៍ក្រោយផងដែរ។
មូលហេតុដែលសហព័ន្ធទាំងពីរគ្រោងធ្វើបែបនេះ គឺដោយសារពួកគេបារម្ភពីការធ្លាក់ចុះសមត្ថភាព និងបច្ចេកទេសរបស់កីឡាករកីឡាការិនី។ ដ្បិតអគ្គលេខាធិការសហព័ន្ធទាំងពីរសុទ្ធតែជឿជាក់ថា ការហ្វឹកហាត់នៅតាមផ្ទះអាចធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍសមត្ថភាពរបស់កីឡាករ តែវាជាវិធីដ៏ល្អក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី-១៩។
ក្នុងករណីកីឡាករកីឡាការិនីអាចមកហ្វឹកហាត់ជុំគ្នាតាមគម្រោង អគ្គលេខាធិការទាំងពីរអះអាងថា សហព័ន្ធនឹងបន្តរឹតបណ្តឹងលើការរក្សាអនាម័យជូនកីឡាករ តាមរយៈការលាងដៃជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុល ឬជែល។ ជាពិសេសដាក់កំហិតលើការធ្វើដំណើររបស់ពួកគេ ដោយហាមមិនឲ្យចេញក្រៅផ្តេសផ្តាស ឬមានការចេញចូលពីអ្នកដទៃជាដើម។ ការធ្វើបែបនេះនេះ គឺដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
តែយ៉ាងណា គម្រោងនេះមិនទាន់ប្រាកដ១០០ភាគរយថា អាចដំណើរការតាមការគ្រោងទុកនោះទេ។ ដ្បិតក្រសួងអប់រំយុវជននិងកីឡាពុំទាន់ចេញសេចក្តីសម្រេចថ្មី ពាក់ព័ន្ធនឹងការអនុញ្ញាតឲ្យសហព័ន្ធទាំង៣២ ប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិថ្នាលឡើងវិញនៅឡើយទេ។
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៨ ខែមីនា បានចេញសេចក្តីសម្រេចមួយដោយរំសាយការប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិថ្នាលទាំង៣២ប្រភេទកីឡាជាបណ្តោះអាសន្ន ដោយសារបារម្ភពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ការផ្អាកនេះ ធ្វើឡើងរហូតមានការជូនដំណឹងជាថ្មីពីក្រសួងអប់រំយុវជននិងកីឡា។ ក្រោយការរំសាយសហព័ន្ធទាំងនោះ បានដាក់កាលវិភាគឲ្យកីឡាករហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ដើម្បីរក្សាកម្លាំង និងគុណផលរបស់ខ្លួន។
បច្ចុប្បន្នកម្ពុជានៅសល់អ្នកជំងឺកូវីដ-១៩តែ៣នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល បន្ទាប់ពីព្យាបាលជាសះស្បើយអស់ចំនួន១១៩នាក់ក្នុងចំណោមអ្នកជំងឺ១២២នាក់។ ទោះបីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជាមានភាពធូរស្បើយក៏ដោយ តែរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំ ពុំទាន់ដកបម្រាមណាមួយ ដែលបានដាក់ចេញដើម្បីទប់ស្កាត់និងបង្ការជំងឺកូវីដ-១៩នោះទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជាជំរុញឲ្យប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្ន ដ្បិតមិនប្រាកដថា មេរោគបង្កជាជំងឺរលាកសួតធ្ងន់ធ្ងរនេះបានរលាយសាបសូន្យពីកម្ពុជា៕
Tag:
ចំបាប់
កាយសម្ព័ន្ធ
ធិន វិចិត្រ
ណយ ផាណា
© រក្សាសិទ្ធិដោយ thmeythmey.com