ជាតិ
នគរបាល​ចរាចរណ៍​ត្រូវអនុវត្ត​ការផាកពិន័យ​ដោយ​មិន​លើកលែង តែ​ត្រូវមាន​សីលធម៌​វិជ្ជាជីវៈ​
28, Apr 2020 , 3:53 pm        
រូបភាព
​ភ្នំពេញ​៖ ជិត​ដល់​ថ្ងៃ​ដែល​ត្រូវអនុវត្ត​ការផាកពិន័យ​តឹងរឹង លើ​អ្នកប្រើប្រាស់​ទ្រូងផ្លូវ លោក នេ​ត សាវឿន អគ្គស្នងការ​នគ​បាល​ជាតិ បាន​រម្លឹក​មន្ត្រីនគរបាល​ចរាចរណ៍ អំពី​ការអនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព​។ ចាប់ពី​ថ្ងៃទី​១ ខែឧសភា​នេះ​ទៅ នគរបាល​ចរាចរណ៍ នឹង​ផាកពិន័យ​កាន់តែ​ធ្ងន់ធ្ងរ​លើ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​។​

 
«​កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំងប្រទេស នឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​អនុក្រឹត្យ​លេខ​៣៩ ដោយ​ស្មារតី​ទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មាន​ការលើកលែង និង​មាន​សីលធម៌​វិជ្ជាជីវៈ ព្រមទាំង​ឥរិយាបថ​ថ្លៃថ្នូរ ទន់ភ្លន់ និង​ម៉ឺងម៉ាត់​»​។ នេះ​គឺជា​ការណែនាំ​របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគ​បាល​ជាតិ នៅក្នុង​សេចក្តីជូនដំណឹង ស្តីពី​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​
 
​ការណែនាំ​ដែល​ត្រូវបាន​ចេញផ្សាយ នៅ​ព្រឹក​ថ្ងៃទី​២៨​ខែមេសា​នេះ ក៏​ជា​សេចក្តីជូនដំណឹង​ដល់​មហាជន និង​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍ ឬ​នឹងត្រូវ​ប្រឈម​ការពិន័យ​ធ្ងន់ធ្ងរ​ជាង​មុន ពី​សំណាក់​នគ​បាល​ចរាចរណ៍​។ នេះ​ជា​សេចក្តីជូនដំណឹង​ចុងក្រោយ​មួយ ពី​សំណាក់​ក្រសួងមហាផ្ទៃ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្តេច ស ខេង បានប្រកាស​អំពី​ការអនុវត្ត​តឹងតែង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​អនុក្រឹត្យ​លេខ​៣៩​ចុះ​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០២០​។​
 
​អនុក្រឹត្យ​លេខ​៣៩ គឺជា​ការកែសម្រួល​នៃ​អនុក្រឹត្យ ស្តីពី​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើសច្បាប់​ចរាចរណ៍ ដើម្បី​ដំឡើង​ការពិន័យ​ឱ្យ​ខ្ពស់ជាង​មុន​ពី​៣​ទៅ​៥​ដង​៕

Tag:
 ចរាចរណ៍​
  នេ​ត សាវឿន​
© រក្សាសិទ្ធិដោយ thmeythmey.com