COVID-19
ជាតិ
COVID-19៖ ចិន អរគុណ​កម្ពុជា ដែល​ប្រឆាំង​នយោបាយ​ទម្លាក់កំហុស
28, Apr 2020 , 11:29 pm        
រូបភាព
​ភ្នំពេញ​៖ ចិន គាំទ្រ​កម្ពុជា ដែល​ប្រឆាំង​នយោបាយ​ទម្លាក់កំហុស ក្នុង​គ្រា​ប្រឈមមុខ​នឹង​ការគំរាមកំហែង​មនុស្សជាតិ​។ លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន ថ្លែង​បែបនេះ មកកាន់​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តាមរយៈ​ទូរ​សព្ទ កាលពី​ថ្ងៃទី​២៧ មេសា​។​


 
​លោក វ៉ាង យី ចាត់ទុក​ការគាំទ្រ​របស់​កម្ពុជា មកលើ​ការប្រឹងប្រែង​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) គឺជា​ជំហរ​មួយ​ដ៏​ត្រឹមត្រូវ ព្រោះ​វា​មិនមែនជា​ពេលវេលា​ត្រូវ​ទម្លាក់កំហុស​លើ​គ្នា​ទេ​។ សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បាន​ស្រង់​សម្តី​រដ្ឋមន្ត្រី​ការទូត​ចិន ដែល​ពិភាក្សា​ពី​រឿង​កូ​វីដ​១៩ ជាមួយ​លោក ប្រាក់ សុខុន បាន​និយាយ​ដូច្នេះ​ថា​៖«​អរគុណ​កម្ពុជា ដែល​បាន​ប្រឆាំងនឹង​ការធ្វើ​នយោបាយ​តូបនីយកម្ម និង​ល្បែង​ទម្លាក់កំហុស ក្នុងពេលដែល​យើង​ត្រូវ​រួមគ្នា ដើម្បី​ប្រឈម​នឹង​ការគំរាមកំហែង​រួម ចំពោះ​មនុស្សជាតិ​»​។​
 
​ចិន ក៏បាន​អំពាវនាវ​ឱ្យមាន​ការឯកភាព​គ្នា ក្នុងការ​ប្រឆាំង​ជំងឺ​COVID-19​ដែរ​។ លោក ប្រាក់ សុខុន គាំទ្រ​ការអំពាវនាវ​របស់​ចិន​។ រដ្ឋមន្ត្រីការបរទេស​កម្ពុជា​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« ពេលនេះ​គឺជា​ពេលវេលា ដែល​យើង​ត្រូវ​រួបរួមគ្នា មិនមែនជា​ពេលវេលា​ដែល​ត្រូវ​បែក​គ្នា​នោះទេ​»​។​
 
​កម្ពុជា គាំទ្រ​ការប្រកាន់យក​អភិក្រម​បែប​វិទ្យាសាស្ត្រ ដើម្បី​ប្រយុទ្ធប្រឆាំង​COVID-19 និង​កិច្ចប្រឹងប្រែង​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ជាពិសេស​គំនិត​ថ្លឹងថ្លែង​រវាង​ការប្រយុទ្ធប្រឆាំង COVID-19 ជាមួយនឹង​ការអភិវឌ្ឍ​។ នេះ​ជាការ​បញ្ជក់​របស់លោក ប្រាក់ សុខុន​។​
 
​កន្លងមក​រដ្ឋាភិបាល​ចិន បាន​បញ្ជូន​គ្រូពេទ្យ និង​សម្ភារ​ពេទ្យ​ទាំង​ខាង​ស៊ីវិល និង​យោធា រួមទាំង​វត្ថុធាតុដើម​ផ្គត់ផ្គង់​ដល់​រោងចក្រ​កម្ពុជា ។ ជាពិសេស​ការយកចិត្ត​ទុកដាក់​ចំពោះ​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ប្រទេស​ចិន ក៏ដូចជា​ជួយផ្ដល់​បទពិសោធន៍ ដល់​កងកម្លាំង​មួក​ខៀវ​កម្ពុជា នៅ​លី​បង់ និង​នៅ​ម៉ាលី​ជាដើម​។ 
 
​ចិន នឹង​បន្ត​ជួយ​គាំទ្រ​កម្ពុជា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បានបញ្ជាក់​ប្រាប់​លោក ប្រាក់ សុខុន ដូច្នេះ​ថា​៖«​អាទិភាព​របស់​យើង គឺ​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​នានា ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ងើប​ឡើងវិញ​ពី​វិបត្តិ​COVID-19 ដោយ​ផ្ដោត​ការយកចិត្តទុកដាក់​លើ​វិស័យ​សំខាន់ៗ ដែល​បាន​ព្រមព្រៀងគ្នា​កន្លងមក​»៕

Tag:
 COVID-19
  ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com