ជាតិ
វីដេអូ
សេដ្ឋកិច្ច
ផ្តើម​លក់​យ៉ា​អ៊ួ​រ​ជាមួយ​ទុន​ត្រឹម​១៥​ដុល្លារ កុមារា ឡា វណ្ណឌី រកចំណូលបាន​ខ្ទង់ពាន់​ដុល្លារ​
29, Apr 2020 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កុមារា​វ័យ​១៣​ឆ្នាំ ឡា វណ្ណឌី ដែល​រស់នៅ​ខេត្តសៀមរាប មានគំនិត​បើកហាង​លក់​យ៉ា​អ៊ួ​រ ដែល​ចំណាយ​ដើមទុន​ដំបូង​ត្រឹម​១៥​ដុល្លារ​ប៉ុណ្ណោះ​។ វណ្ណឌី ម្ចាស់​ហាង​«​វណ្ណឌី យ៉ា​អ៊ួ​រ​» ដែល​កំពុង​សិក្សា​នៅ​អនុវិទ្យាល័យ អាច​រកប្រាក់​ចំណូល​បាន​ខ្ទង់ពាន់​ដុល្លារ​ពីរ​បរ​នេះ​។

 
​ក្រោយ​ទទួលទាន​យ៉ា​អ៊ួ​រ ដែលជា​ស្នាដៃ​ម្តាយ កុមារា ឡា វណ្ណឌី មានគំនិត​យក​យ៉ា​អ៊ួ​រ​នេះ​បង្កើតជា​អាជីវកម្ម ក្រោម​ស្លាក​យីហោ​ឈ្មោះ «​វណ្ណឌី យ៉ា​អ៊ួ​រ​» ដែលមាន​ទីតាំង​នៅក្នុង​ខេត្តសៀមរាប​។ មុខរបរ​ដែល​ដំណើរការបាន​២​ឆ្នាំ​មកហើយ​នេះ គឺ​កុមារា​វ័យ​១៣​ឆ្នាំ ឡា វណ្ណឌី ជា​អ្នកគ្រង់​គ្រង​ហាង​នេះ​ផ្ទាល់ និង​មាន​ម្តាយ​ជា​អ្នកធ្វើ​យ៉ា​អ៊ូរ ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​នេះ​។​

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ដូចខាងក្រោម​នេះ​៖
 
 
​ពីមួយថ្ងៃ​ទៅមួយថ្ងៃ មាន​អតិថិជន​កាន់តែច្រើន គាំទ្រ​យ៉ា​អ៊ួ​រ​នៅ​ហាង​របស់​កុមារា​វ័យ​១៣​ឆ្នាំ ឡា វណ្ណឌី​។ បច្ចុប្បន្ន មិន​ត្រឹមតែ​លក់​នៅក្នុង​ហាង​ប៉ុណ្ណោះ​ទេ វណ្ណឌី ក៏​ពង្រីក​ការលក់ តាម​អន​ឡាញ​ផងដែរ​។ ការគាំទ្រ​យ៉ា​អ៊ួ​រ​របស់ វណ្ណឌី មាន​សន្ទុះ​កាន់តែច្រើន​នៅតាម​បណ្តា​ខេត្ត​មួយចំនួន និង​រាជធានី​ភ្នំពេញ​។​
 
​នៅក្នុង​កម្មវិធី​«​អាជីវកម្ម​ជំនាន់​ថ្មី​» ដែល​សារព័ត៌មាន​ថ្មីៗ​សហការ​ផលិត​ជាមួយនឹង​វិទ្យុ FM 102 ម្ចាស់​ហាង ឡា វណ្ណឌី អះអាងថា មុខរបរ​ដែល​ចាប់ផ្តើម​ដើមទុន​ត្រឹម​១៥​ដុល្លារ​នេះ ក្នុង​មួយថ្ងៃ​លក់ដាច់​បាន​ប្រមាណ​១០០​ដប ដោយ​អាច​រកចំណូលបាន​ខ្ទង់ពាន់​ដុល្លារ​ក្នុង​មួយខែ​។​
 
​ម្ចាស់​ហាង ឡា វណ្ណឌី ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ បាន​រៀប​រាន់​បន្ថែម​ពី​ការគ្រប់គ្រង​ប្រាក់ចំណូល​ប្រចាំថ្ងៃ​យ៉ាង​ដូច្នេះ​៖ «​យើង​ត្រូវ​បែងចែក​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹមត្រូវ​។ លុយ​ចំណាយ​ត្រូវដាក់​ផ្សេង លុយ​ចំណេញ​ត្រូវដាក់​ផ្សេង ហើយ​លុយ​ចំណេញ​ត្រូវ​បែងចែក​ច្រើន​ប្រភេទ​ទៀត ថា​តើ​សម្រាប់ធ្វើ​អ្វី​បន្តទៀត​»​។​
 
​បើទោះជា​រកប្រាក់​ចំណូល​បាន​ច្រើន​គួរសម​ទាំង​ខ្លួន​នៅ​វ័យក្មេង​, កុមារា ឡា វណ្ណឌី បាន​ជួបនឹង​ផល​លំបាក​មួយចំនួន ដូចជា ការមិន​ហ៊ាន​និយាយ​ជាមួយ​ភ្ញៀវ​, ភ័យខ្លាច និង​ខ្មាស់អៀន នៅពេល​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង​។ បច្ចុប្បន្ន វណ្ណឌី បាន​ឆ្លងកាត់​ឧ​ប​ស្គ​ទាំងនោះ​អស់ហើយ ហើយ​កុម​រា​វ័យ​១៣​ឆ្នាំ រូបនេះ យល់ឃើញថា​ការរួបរួម​សហការគ្នា​រវាង​ម្ចាស់​ហាង​និង​បុគ្គលិក គឺជា​អ្វីដែល​ជំរុញ​ឲ្យ​អាជីវកម្ម​របស់ខ្លួន​រីកចម្រើន​មួយកម្រិត​ទៀត​ដោយ វណ្ណឌី ពោល​ដូច្នេះ​៖ «​បុគ្គលិក​ជា​សរសៃឈាម ម្ចាស់​ហាង​ជា​បេះដូង​»៕

© រក្សាសិទ្ធិដោយ thmeythmey.com