COVID-19
ជាតិ
សង្គមជាតិ
ទិវាពលកម្មឆ្នាំនេះ ប្រព្រឹត្តទៅក្រោមរូបភាព «សម្រាកនៅផ្ទះ» កម្មករនិយោជិតនិងមេសហជីបនៅកម្ពុជា ស្នើសុំអត្ថប្រយោជន៍ផ្សេងៗ ពីរដ្ឋាភិបាលនិងថៅកែ ក្នុងទិវាពលកម្មអន្តរជាតិកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨
× តាមរយៈសារាចរណែនាំ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ក្រសួងការងារ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការវិជ្ជាជីវៈ និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ព្រមទាំងកម្មករនិយោជិត ត្រូវរៀបចំអបអរសាទរទិវាពលកម្មអន្តរជាតិលើកទី១៣៤ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តាមរូបភាពនៃ «ការឈប់សម្រាកតាមផ្ទះជាមួយក្រុមគ្រួសារឬទៅតាមកន្លែងស្នាក់នៅ»។
ការណ៍ដែលប្រមុខរដ្ឋាភិបាលកម្ពុជា តម្រូវឲ្យប្រារព្ធទិវាពលកម្មអន្តរជាតិឆ្នាំនេះ ដោយឲ្យសម្រាកនៅផ្ទះបែបនេះ គឺដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ ក្នុងចរាចរណែនាំ ដែលចុះហត្ថលេខាតាំងពីថ្ងៃទី៧ ខែមេសា ប្រមុខរដ្ឋាភិបាល មិនភ្លេចឡើយពីការក្រើនរម្លឹកកម្មករនិយោជិត ឲ្យបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការការពារពីជំងឺកូវីដ-១៩។
លោក អាត់ ធន់ មេសហជីពមួយរូប ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៨ ខែមេសាថា ក្រុមលោកជាថ្នាក់ដឹកនាំសហជីព នឹងមិននាំកម្មករ-កម្មការិនី រៀបចំប្រារព្ធទិវាពលកម្មអន្តរជាតិ ដូចរាល់ឆ្នាំឡើយ។ លោក អះអាងថា ពួកលោកជាមេសហជីពប្រមាណតែ១០នាក់ប៉ុណ្ណោះ ដែលនឹងជួបជុំគ្នា ហើយនឹងផ្សាយផ្ទាល់តាមបណ្តាញសង្គម ដើម្បីឲ្យកម្មករ-កម្មការិនី ចូលមើល។
លើសពីនេះ ក្រុមលោក នៅតែយកញត្តិទៅដាក់ជូនស្ថាប័នពាក់ព័ន្ធដូចរាល់ឆ្នាំដដែល ដើម្បីទាមទារអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ-កម្មការិនី។ លោក បន្ថែមថា ថ្នាក់ដឹនាំសហជីព នឹងធ្វើសន្និសីទកាសែត ក្នុងទិវាពលកម្មអន្តរជាតិ។
ប្រមុខរដ្ឋាភិបាល ណែនាំឲ្យម្ចាស់សហគ្រាស គ្រឹះស្ថាន ការដ្ឋាន ឬកសិដ្ឋាន កម្មករ ត្រូវរួមគ្នាលើកបដាជាពាក្យស្លោកនានា ដូចជា អបអរសាទរខួបលើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ១ឧសភា, សន្តិភាពនិងការងារសមរម្យ, សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ, គោរពច្បាប់ការងារស្តីពីការងារ ច្បាប់ស្តីពីសហជីព ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍រួមរបស់កម្មករនិយោជិត និងនិយោជក, ចូលរួមយុទ្ធនាការគ្រោះថ្នាក់ការងារកម្រិតសូន្យ, អភិវឌ្ឍរបបសន្តិសុខសង្គម ដើម្បីសុខុមាលភាពសង្គម, និង អភិវឌ្ឍជំនាញវិជ្ជាជីវៈ ដើម្បីផលិតភាព និងភាពប្រកួតប្រជែង ជាដើម។
ទិវាពលកម្មអន្តរជាតិនៅកម្ពុជា សម្រាប់ឆ្នាំនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «សន្តិភាព និងការងារសមរម្យ»៕
Tag:
កម្មករ
ទិវាពលកម្មអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com