ជាតិ
អាជ្ញាធរ ពង្វាង​ចរាចរណ៍​នៅ​ផ្លូវ​៣៧១ត្រង់​ស្ថានីយ​បូមទឹក​បឹងទំពុន រយៈពេល២សប្តាហ៍
28, Apr 2020 , 9:10 pm        
រូបភាព
ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​២៩ មេសា ដល់​ថ្ងៃទី​១៣​ឧសភា អាជ្ញាធរ​នឹង​ពង្វាង​ការធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​៣៧១ ត្រង់ចំណុច​ការដ្ឋាន​ស​ង់​ស្ថានីយ​បូមទឹក​បឹងទំពុន ដើម្បី​បង្កប់​បំពង់​បូមទឹក​ចំនួន​២​ខ្សែ នៅក្រោម​ផ្លូវ​លេខ​៣៧១​នេះ​។

  
 
​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៨ មេសា​នេះ ពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ពី​ផ្លូវ​លេខ​២៧១ ក្នុងទិសដៅ​ឆ្លងកាត់​ផ្លូវ ៣៧១ ត្រូវ​ពង្វាង​ចរាចរណ៍​ត្រង់​តាមផ្លូវ​លេខ​២៧១ ឆ្ពោះទៅ​ទិសដៅ​ស្ពាន​អាកាស​ស្ទឹងមានជ័យ រួច​បត់​ឆ្វេង​តាមផ្លូវ​លេខ​២១៧​។ រីឯ​ការធ្វើ​ចរាចរណ៍​ពី​ផ្លូវ​លេខ​២១៧ ទៅ​ផ្លូវ​លេខ​៣៧១ នៅ​ទីតាំង​ស្ពាន​ភូមិ​ម័ល ត្រូវ​ពង្វាង​ចរាចរណ៍​ត្រង់​តាមផ្លូវ​លេខ ២១៧ ឆ្ពោះទៅ​ស្ពាន​អាកាស​ស្ទឹងមានជ័យ រួច​បត់​ស្ដាំ​ទៅ​ផ្លូវ​លេខ ២៧១​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ជាក់ទៀតថា ដោយសារ​ផ្លូវ​ពង្វាង​បណ្ដោះអាសន្ន​សងខាង​ទីតាំង​ការដ្ឋាន​តូចចង្អៀត មានតែ​រថយន្ត​ធុន​តូច និង​ទោចក្រយាន​របស់​ពលរ​ដ្ឋ​ដែលមាន​លំនៅដ្ឋាន​នៅ​ទីនោះ​ប៉ុណ្ណោះ ដែល​នឹងត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​។ 
 
​សូមជម្រាបថា រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​សាងសង់​ស្ថានីយ​បូមទឹក​បឹងទំពុន​បន្ថែម ដោយ​បំពាក់​ម៉ូ​ទ័​រ​ទំហំ​១​ម៉ែត្រ ចំនួន​២​គ្រឿង ដែលមាន​សមត្ថភាព​បូ​ម​ទឹក​៦​ម៉ែត្រគូប ក្នុង​១​វិនាទី​។ សំណង​បន្ថែម​នេះ​នឹង​រួមចំណែក ដោះស្រាយ​បញ្ហា​ជន​លិច​នៅ​ភូមិសាស្ត្រ​ខណ្ឌមានជ័យ​,​ទួលគោក​,​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com