ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! មិន​ញុាំ​បន្លែ​សោះនឹង​មាន​អ្វី​កើតឡើង​ចំពោះ​សុខភាព​ខ្លះទៅ​?
30, Apr 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹងថា​បន្លែ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាពល្អប្រសើរ​។ ប៉ុន្តែ​ថា​តើ​នឹងមាន​អ្វី​កើតឡើង​ប្រសិនបើ​ឈប់​ទទួលទាន​បន្លែ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​បញ្ហា​ដែល​កើតឡើង​ប្រសិនបើ​អ្នក​មិន​ញ៊ាំ​បន្លែ ៖

១. អ្នកនឹង​កើន​ទម្ងន់​លើសលប់​
 
​ជាតិ​សរសៃ គឺជា​អ្វីមួយ​ដែល​អ្នកនឹង​មិនអាចរ​កបាន​ពី​ក្នុង​សាច់សត្វ​ឡើយ​។ ជាតិ​សរសៃ​ដើរតួនាទី​ជាច្រើន​ខុសៗ​ពីគ្នា ហើយ​មួយ​ក្នុងចំណោម​នោះ គឺ​ធ្វើឱ្យ​អ្នក​ឆាប់​ឆ្អែត​។ ប្រសិនបើ​អាហារ​គ្មាន​ជាតិ​សរសៃ​ទេនោះ អ្នកនឹង​មិន​ងាយ​មាន​អារម្មណ៍​ឆ្អែត​ឡើយ​។ ជា​លទ្ធផល​អ្នកនឹង​ទទួលទាន​ច្រើនជាង​ធម្មតា​ដើម្បីឱ្យ​អារម្មណ៍​ឆ្អែត ហើយ​ប្រាកដជា​កើន​ទម្ងន់​លើសលប់​។ អ្វីដែល​កាន់តែ​គួរឱ្យ​បារម្ភ​ថែមទៀត​នោះ គឺ​ភាពធាត់​ជ្រុល​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងទៀត​។​

២. អ្នកនឹង​ឧស្សាហ៍​ទល់លាមក​
 
​ជាតិ​សរសៃ​ជួយ​សម្រួល​ចលនា​ពោះវៀន​និង​ទប់ស្កាត់​ជាតិពុល ព្រមទាំង​កាកសំណល់​ផ្សេងៗ​។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ញ៊ាំ​បន្លែ​ដែលជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​ទេនោះ អ្នក​ប្រាកដជា​ឧស្សាហ៍​ទល់លាមក​ជាមិនខាន ពិសេស​ប្រសិនបើ​មិន​ទទួលទាន​ទឹកបាន​គ្រប់គ្រាន់​និង​មាន​របៀប​រស់នៅ​គ្មាន​សុខភាព​ល្អ​។​
 
៣. អ្នក​នឹងមាន​ស្បែក​មិន​ស្រស់ស្អាត​
 
​បញ្ហា​ស្បែក​ផ្សេងៗ គឺ​ងាយ​នឹង​កើតឡើង​ណាស់​ប្រសិនបើ​អ្នក​មិន​រួមបញ្ចូល​បន្លែ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ នេះ​ក៏​ព្រោះតែ​កង្វះ​ជាតិ​សរសៃ​បណ្ដាលឱ្យ​ជាតិពុល​ផ្សេងៗ​ប្រមូលផ្ដុំ​មិនត្រូវ​បាន​កម្ចាត់​ចេញ​។ លើសពីនេះទៅទៀត​បន្លែ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​កម្ចាត់​រ៉ាឌីកាល់​សេរី​មិនឱ្យ​បំផ្លាញ​កោសិកា​ស្បែក​។​

៤. សុខភាព​ពោះវៀន​មិន​ប្រសើរ​
 
​ជាតិ​សរសៃ​ក្នុង​បន្លែ​ជួយ​ចិញ្ចឹម​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ទទួលទាន​បន្លែ​ទេនោះ​សុខភាព​ពោះវៀន​នឹង​ចុះខ្សោយ​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​គួរឱ្យ​បារម្ភ​ច្រើន​ផ្សេងទៀត​។​

៥. ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
 
​បញ្ហា​សុខភាព​មួយ​ដែល​ផ្សារភ្ជាប់​នឹង​សុខភាព​ពោះវៀន​ចុះខ្សោយ គឺ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។ នៅពេល​បិ​រ​មាណនៃ​បាក់តេរី​មិនល្អ​កើនឡើង​ខ្ពស់​នោះ​វា​នឹង​ជះឥទ្ធិពល​លើ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​នាំឱ្យ​ចុះខ្សោយ​។​
 
៦. អ្នកនឹង​ប្រឈមមុខ​ខ្ពស់​ជាមួយ​ហានិភ័យ​នៃ​ជំងឺមហារីក​
 
​នេះ​ក៏​ព្រោះតែ​បន្លែ​បៃតង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​កម្ចាត់​រាល់​រ៉ាឌីកាល់​សេរី​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ទទួលទាន​បន្លែ​សោះ​នោះ អ្នក​ប្រាកដជា​អាច​ប្រឈមមុខ​ខ្ពស់​នឹង​ហានិភ័យ​នៃ​ជំងឺមហារីក​មិន​ខាន​។​
 
៧. អ្នកនឹង​ប្រឈមមុខ​ខ្ពស់​ជាមួយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​

​របប​អាហារ​ដែលមាន​បន្លែ​តិច ប៉ុន្តែ​ជាតិ​ខ្លាញ់​ឆ្អែត​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​អាច​បណ្ដាលឱ្យ​ស្ទះ​សរសៃឈាម ព្រមទាំង​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ នេះហើយ​ជា​មូល​ហេតុដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com