COVID-19
អន្តរជាតិ
អ្នកស្រី គ្លី​ន​តុ​ន ដែល​ចាញ់​លោក ត្រាំ ក្នុង​ឆ្នាំ​២០១៦ គាំទ្រ​លោក បៃ​ឌិន ជា​បេក្ខជន​ប្រធានាធិបតី​
29, Apr 2020 , 9:46 am        
រូបភាព
បេក្ខជនប្រធានាធិបតីអាមេរិក ចូ បៃឌិន និងអតីតរដ្ឋមន្រ្តីការបរទេស ហ៊ីឡារី គ្លីនតុន នាពេលកន្លងមក។ រូបភាព AFP
បេក្ខជនប្រធានាធិបតីអាមេរិក ចូ បៃឌិន និងអតីតរដ្ឋមន្រ្តីការបរទេស ហ៊ីឡារី គ្លីនតុន នាពេលកន្លងមក។ រូបភាព AFP
​អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានប្រកាស​គាំទ្រ​លោក ចូ បៃ​ឌិន ជា​បេក្ខជន​ប្រធានាធិបតី​ដើម្បី​ដណ្ដើម​កៅអី​ពី​លោក ដូ​ណា​ល់ ត្រាំ ។ អ្នកស្រី គ្លី​ន​តុ​ន ដែល​តំណាង​បក្ស​ប្រជាធិបតេយ្យ រង​បរាជ័យ​ក្រោម​ស្នាដៃ​លោក ត្រាំ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ​២០១៦​។ បើតាម​អ្នកស្រី អាមេរិក​ត្រូវការ​មេដឹកនាំ​ដូច​លោក បៃ​ឌិន ដើម្បី​ដោះស្រាយ​បញ្ហា​សព្វថ្ងៃ នៅពេលដែល​ជំងឺ COVID-19 កំពុង​យាយី​នោះ​។​

 
«​ខ្ញុំ​បន់​ឲ្យ​អ្នកជា​ប្រធានាធិបតី​ឥឡូវនេះ​។​» អតីត​បេក្ខជន​ប្រធានាធិបតី​អាមេរិក​តំណាង​បក្ស​ប្រជាធិបតេយ្យ ហ៊ី​ឡា​រី គ្លី​ន​តុ​ន និយាយ​បែបនេះ​ចំពោះមុខ​លោក ចូ បៃ​ឌិន នឹងត្រូវ​ប្រជែង​តំណែង​ប្រធានាធិបតី​ពី​លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខ​។ អ្នកស្រី គ្លី​ន​តុ​ន សម្រេចចិត្ត​គាំទ្រ​លោក បៃ​ឌិន ដើម្បី​តទល់​នឹង​លោក ត្រាំ ដែល​ផ្ដួល​អ្នកស្រី​កាលពី​បួន​ឆ្នាំមុន​ក្នុង​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។​
 
​អ្នកស្រី គ្លី​ន​តុ​ន និង​លោក បៃ​ឌិន ធ្លាប់​ធ្វើការ​ជាមួយគ្នា​ជំនាន់​រដ្ឋបាល​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា​។ អ្នកស្រី គ្លី​ន​តុ​ន កាន់តំណែង​ជា​រដ្ឋមន្ត្រីការបរទេស ឯ​លោក បៃ​ឌិន ធ្វើជា​អនុ​ប្រធានាធិបតី​ពេញ​ពីរ​អាណត្តិ​របស់លោក អូ​បា​ម៉ា ។ លោក អូ​បា​ម៉ា ផ្ទាល់ ក៏បាន​គាំទ្រ​លោក បៃ​ឌិន  ដែរ​។
 
​ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃទី​២៨ ខែមេសា អ្នកស្រី គ្លី​ន​តុ​ន និយាយថា អ្នកស្រី​ចង់​បន្ថែម​សំឡេង​លើ​មនុស្ស​ជាច្រើន​ ដែល​ប្រកាស​គាំទ្រ​លោក បៃ​ឌិន រួចហើយ​។ ជាមួយនឹង​ការលើកសរសើរ​អតីត​ថ្នាក់លើ អតីត​ប្រមុខ​ការទូត​អាមេរិក​បញ្ជាក់ថា លោក បៃ​ឌិន បាន​ត្រៀម​យូរហើយ ​សម្រាប់​ឱកាស​បែ​បន​នេះ​ក្នុង​ជីវិត​របស់លោក​។ អ្នកស្រី​សង្កត់ធ្ងន់ថា​៖ «​នេះ​ជា​ពេលដែល​យើង​ត្រូវការ​មេដឹកនាំ​ម្នាក់ ជា​ប្រធានាធិបតី​ដែល​ដូច​លោក បៃ​ឌិន។​» 
 
​ដោយ​ចង់​សំដៅ​ការឆ្លើយតប​របស់លោក ត្រាំ ទៅនឹង​ជំងឺ COVID-19 អ្នកស្រី គ្លី​ន​តុ​ន លើកឡើងថាភាពខុសគ្នា​នឹងមាន បើសិន​អាមេរិក​មាន​ប្រធានាធិបតី​ ដែល​ស្ដាប់​អ្នកវិទ្យាសាស្ត្រ និង​ការពិត តែ​មិនមែន​ការ​ស្រមៃ​អ្វី​ឡើយ​។ អ្នកស្រី ទំនង​ចង់​រិះគន់​ចំណាត់ការ​របស់លោក ត្រាំ ដែល​មិនទាន់​សភាពការណ៍ រហូត​ធ្វើ​ឲ្យ​ករណី​ឆ្លង COVID-19 នៅ​អាមេរិក​កើន​ខ្ពស់ជាង​ប្រទេស​ដៃ​ទៀត​ច្រើន​ភាគរយ​ឯណោះ​។ 
 
​បច្ចុប្បន្ន លោក បៃ​ឌិន មិនទាន់​ជា​បេក្ខជន​ផ្លូវការ​នៅឡើយ ទោះ​លោក​គ្មាន​គូប្រជែង​ក្ដី​។ ការតែងតាំង​ផ្លូវការ ត្រូវធ្វើឡើង​អំឡុង​សន្និបាត​បក្ស​ប្រជាធិបតេយ្យ​ ដែល​គ្រោង​ធ្វើ​នៅ​ខែសីហា ក្រោយ​ការពន្យារពេល​ដោយសារ COVID-19។ ចំណែក​បក្ស​សាធារណរដ្ឋ​វិញ មានតែ​លោក ត្រាំ ម្នាក់​ដែល​នឹងត្រូវ​ការពារ​តំណែង​ប្រធានាធិបតី​របស់លោក​៕

Tag:
 អាមេរិក​
  ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
  ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន​
© រក្សាសិទ្ធិដោយ thmeythmey.com