ជាតិ
សុខភាព
តើ​ត្រូវ​សម្គាល់​ផលិតផល​ក្លែងក្លាយ​ដូចម្ដេច ដើម្បី​ជៀសវៀង​ខាត​ថវិកា និង​ប៉ះពាល់​ដល់​សុខភាព​?
29, Apr 2020 , 10:45 am        
រូបភាព
ប្រភពរូប ពីលោកវណ្ណ ផេង អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ប្រភពរូប ពីលោកវណ្ណ ផេង អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ដោយ:
​ភ្នំពេញ​៖ គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ចាប់​ផលិតផល​ក្លែងក្លាយ ដែល​គ្មាន​គុណភាព និង​ច្បាប់​ត្រឹមត្រូវ​នៅលើ​ទីផ្សារ យកទៅ​កម្ទេច​ និង​បំផ្លាញចោល​ជា​បន្តបន្ទាប់​នាពេលកន្លងមក​។ ​ប៉ុន្តែ​ផលិត​ក្លែងក្លាយ ​នៅតែមាន​វត្តមាន​លើ​ទីផ្សារ ខណៈ​ជនខិលខូច បន្តសកម្មភាព​លួច​ចរាចរ​ដដែល​។ ដូច្នេះ​តើ​ពលរដ្ឋ​ត្រូវធ្វើ​ដូចម្ដេច ដើម្បី​ជៀសវៀង​ការខាតបង់​ថវិកា ទៅលើ​ផលិតផល​ដែល​គ្មាន​គុណភាព​?

 
​ដើម្បី​ជ្រាប​ព័ត៌មាន​កាន់តែច្បាស់ សូម​លោក​អ្នកនាង​តាមដាន​បទ​សម្ភាស​រវាង អ្នកនាង ស៊ែម ម៉ូ​នី​តា​ អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូ​និក​ថ្មីៗ និងលោក វណ្ណ ផេង អនុប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ​ដូច​តរ​ទៅ​៖


 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖ ​តើ​យើង​អាច​ដឹងបាន​ដោយ​របៀប​ណា ថា​ផ​លិ​ផល​មួយ​ពិត​ឬ​ក្លែងក្លាយ​?
 
​លោក វណ្ណ ផេង​៖ ​ការណ៍​ដែល​យើង​អាច​ដឹងថា ​ផលិតផល​ណា​ពិត​ ឬ​ក្លែងក្លាយ ​វា​អាស្រ័យទៅលើ​លក្ខណៈ​មួយចំនួន​ ដែល​យើង​អាច​កត់សម្គាល់​បាន​ដោយ​ខ្លួនឯង។ ​តែ​ក៏មាន​ផលិត​មួយចំនួន លុះត្រាតែ​យកទៅ​ពិសោធន៍​ផ្ទាល់​ទើប​អាច​ដឹងបាន​ថា​ពិត​ ឬ​ក្លែងក្លាយ​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖​ តើ​មាន​លក្ខណៈ​អ្វីខ្លះ​ ដែល​យើង​អាច​សម្គាល់​បាន​ដោយ​ខ្លួនឯង​ ថា​ផលិតផល​នោះ​ពិត​ ឬ​ក្លែងក្លាយ​?
 
​លោក វណ្ណ ផេង​៖​ ចំពោះ​វិធី​បឋម ដើម្បី​ងាយស្រួល​ប្រជាពលរដ្ឋ​សម្គាល់​ ផលិតផល​ក្លែងក្លាយ និងផលិតផល​លួច​ចម្លង រួមមាន​៖ ១.​ការ​សម្គាល់​រូបរាង ទំហំ ទម្ងន់ និងពណ៌​របស់​ផលិតផល​ដែលមាន​លក្ខណៈ​ខុសពី​ស្តង់ដា និង​ពុំ​មានគុណ​ភាពល្អ​។ ២.​ការ​វេច​ខ្ចប់​មិន​ស្អាត ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​មាន​គុណភាព​ទាប និង​ពុំមាន​គុណភាព​។ ៣.​មិនមាន​បញ្ជាក់​ពី​ប្រភព​ផលិតផល និងអាស័យដ្ឋាន​ច្បាស់លាស់​។ ៤.​តម្លៃ​មាន​លក្ខណៈ​ថោក​ ឬ​ថ្លៃ​ខុសពី​ធម្មតា និង​ការ​ពិពណ៌នា​អំពី​ផលិតផល​ប​ផ្លើស​ពី​ការពិត​។ ៥.​ការបោះពុម្ព​នៅលើ​ស្លាក​សញ្ញា​មិន​ច្បាស់ ​រួមទាំង​ការ​ពិពណ៌នា​មិន​ត្រឹមត្រូវ​ និង​ការសរសេរ​ខុស​។ ៦.​ពិនិត្យ​លើ​បា​កូដ ដោយ​ប្រើ​កម្មវិធី QR code Scanner នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ ដើ​ម្បើ​ដឹង​ព័ត៌មាន​នានា​ ពី​ផលិតផល និង​ប្រភព​ផលិត​។ ៧.​មិនមាន​បញ្ជាក់​អាជ្ញាប័ណ្ណ អនុញ្ញាត​ពី​ក្រសួង ស្ថាប័ន​មាន​សម្ថ​កិច្ច​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖​ តើ​ការកត់សម្គាល់​បែបនេះ​ អាច​ដឹង​ច្បាស់​១០០​ភាគរយ​ទេ​?
 
​លោក វណ្ណ ផេង​៖​ តាមពិត​ វា​មិន​១០០​ភាគរយ​ទេ​ តែ​អាច​បង្ការ​បាន​ច្រើន​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖​ បើ​ធៀប​នឹង​ឆ្នាំកន្លងមក តើ​មានការ​កើនឡើង ​ឬ​ថយចុះ​យ៉ាងណា ក្រោយ​គណៈកម្មាធិការ​ ចាប់​បាន​ផលិតផល​ក្លែងក្លាយ​ទាំងនោះ​?​ ហើយ​កាលពី​ឆ្នាំ​២០១៩​ចាប់បាន​ប្រហែល​ប៉ុន្មាន​ដែរ​?
 
​លោក វណ្ណ ផេង​៖​ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ ការ​ចាប់បាន​ផលិតផល​ទាំងនោះ​ច្រើន ​ឬ​តិច វា​មិន​ទៀង​នោះទេ វា​អាស្រ័យទៅលើ​តម្រូវការ​ទីផ្សារ។ កាលណា​ទីផ្សារ​កាន់​មាន​តម្រូវការ​ជនខិលខូច​និង​នៅតែ​ឆ្លៀតឱកាស​។​សម្រាប់​ឆ្នាំ​២០១៩ យើង​ចាប់បាន​(​ផលិតផល​ក្លែងក្លាយ​)​ប្រមា​នស​រុន​ជាង​៥០០​រយ​តោន​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖ តើ​គណៈកម្មការ​ចាប់​ផលិត​នោះបាន​ដោយ​របៀប​ណា​? 
 
​លោក វណ្ណ ផេង​៖​ គឺ​យើង​ទទួល​ពាក្យបណ្ដឹង​ពី​អ្នកប្រើប្រាស់ គាត់​បាន​សហការ​ដោយ​ទំនាក់ទំនង​ផ្ដល់​ជា​ព័ត៌មាន​មក ហើយ​យើង​ ក៏មាន​ក្រុមការងារ​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​បន្ថែមទៀត​ផងដែរ​។​ សម្រាប់​រយៈពេល ​មិន​កំណត់​ទេ​ ឱ្យតែ​មាន​ករណី​រកឃើញ ​យើង​នឹង​អនុវត្ត​ភ្លាម​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖ តើ​ផលិតផល​ទាំងនោះ ភាគច្រើន​មាន​ប្រភព​មកពីណា​?
 
​លោក វណ្ណ ផេង​៖ ​គឺ​មកពី​បណ្ដា​ប្រទេសជិតខាង​ដូចជា ថៃ វៀតណាម ហើយ​ចិន​ច្រើនជាងគេ។ ​នៅ​កម្ពុជា​ក៏មានដែរ​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖​ តើ​មាន​ផលប៉ះពាល់​អ្វីខ្លះ ចំពោះ​អ្នកប្រើប្រាស់ ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​?
 
​លោក វណ្ណ ផេង​៖​ គឺ​ប៉ះពាល់​ខ្លាំងណាស់ ​ដល់​សុខ​ភាព មិន​ថា​ជា​ប្រភេទ​អាហារ​ ឬ​គ្រឿងសំអាង​នោះទេ គឺ​ប៉ះពាល់​ទាំង​សុខភាព ខាត​ថវិកា។ ឯ​ប្រទេស​ក៏​ប៉ះពាល់​ ទៅតាម​ហ្នឹង​ដែរ​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖​ ក្រោយពី​មានការ​ចុះ​ប​ង្គ្រា​ប​ជាច្រើនលើក តើ​ស្ថានភាព​ទូទៅ​ប្រែប្រួល​យ៉ាងណាដែរ​?
 
​លោក វណ្ណ ផេង​៖​ បន្ទាប់ពី​គណៈកម្មការ​អន្តរក្រសួង ​នៃ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ​ចុះ​ត្រួតពិនិត្យ​ចាប់​យកទៅ​កម្ទេច​ជាច្រើនលើក​មក យើង​ស​ង្កេ​តឃើញថា​មាន​ជនខិលខូច​មួយចំនួន ​ក៏​ខ្លាចរអា​ច្បាប់ ​និង​ក៏បាន​​ទៅ​បំពេញ​សុំ​ការអនុញ្ញាត​ច្បាប់​ត្រឹមត្រូវ​ មានការ​កើនឡើង​ផងដែរ​។ ​ចុងក្រោយ​ យើង​សុំឱ្យ​បង​ប្អួ​ន ​រួមសហការ​គ្នា​បន្តទៀត ដើម្បី​ទប់ស្កាត់​ ប្រឆាំង​ទាំងអស់គ្នា​ ប្រសិនបើ​ជួប​ករណី​សង្ស័យ បងប្អូន​អាច​ឆាត​តាម​ផេ​ក គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ផ្ទាល់ ​ឬ​ទូរស័ព្ទ ០៨១ ៩៩៩ ៨០៨៕

ប្រភពរូប ពីលោកវណ្ណ ផេង អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ៖
 














Tag:
 ផលិតផល​
© រក្សាសិទ្ធិដោយ thmeythmey.com